ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​ធ្វើការ​នៅ​កូរ៉េ​ វិញ យ៉ែ​ម រុម យក​ប្រាក់ ​និង​បទ​ពិសោធន៍​មក​ចិញ្ចឹម​ក្របីនៅ​ស្រុក​កំណើត

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ​៖ អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ អស់​រយៈពេល​ជាង​ ៤​ ឆ្នាំ​ម្នាក់ បាន​ត្រឡប់​មក​ស្រុកកំណើត​វិញ ប្រកប​របរ​ចិញ្ចឹម​ក្របី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ក្រោយ​ពី​​សល់​ប្រាក់​កម្រៃ ​និ​ង​បទ​ពិសោធន៍ពី​ការងារ​នៅ​ប្រទេស​គេ​មក​នោះ…

ខេត្តតាកែវ ​៖ អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ អស់​រយៈពេល​ជាង​ ៤​ ឆ្នាំ​ម្នាក់ បាន​ត្រឡប់​មក​ស្រុកកំណើត​វិញ ប្រកប​របរ​ចិញ្ចឹម​ក្របី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ក្រោយ​ពី​​សល់​ប្រាក់​កម្រៃ ​និ​ង​បទ​ពិសោធន៍ពី​ការងារ​នៅ​ប្រទេស​គេ​មក​នោះ ​។

យ៉ែ​ម រុម បាន​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​វិស័យ​ឧស្សាហកម្ម​ ។ យុវជន​រូប​នេះមានស្រុក​កំណើត​នៅ​ភូមិ​អូ​ពោធិ៍ ឃុំ​សំបួរ ស្រុក​ទ្រាំង​ ខេត្តតាកែវ បាន​កំពុង​ពង្រីក​ការ​ចិញ្ចឹម​ក្របី​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​កើន​ដល់​ ២០០​ ក្បាល​សម្រាប់​ផ្គត់ផ្គង់​សាច់​ទៅ​លើ​ទីផ្សារ​ ។ ជាមួយ​គ្នា​នេះ អតីត​កម្មករ​មក​ពី​ប្រទេស​កូរ៉េ​នេះ ចេះ​កែ​ច្នៃ​លាមក​ក្របី​ធ្វើ​ជា​ជី សម្រាប់​លក់​ផង​ដែរ​ ។

លោក យ៉ែ​ម រុម បាន​និយាយ​ថា ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រយៈពេល​ជាង ​៤ ​ឆ្នាំ ធ្វើ​ឱ្យលោក​មាន​ដើមទុន​មួយ​ចំនួន​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​។ នៅ​អំឡុង​ពេលធ្វើការ​នោះ លោក​បាន​ផ្ញើ​ប្រាក់ឱ្យ​ឪពុក​ម្តាយ​នៅ​ស្រុក​ឱ្យ​ទិញ​ក្របី មក​ចិញ្ចឹម ដោយសារ​តែ​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​ខាង​ចិញ្ចឹមសត្វ ហើយពី​មួយ​ឆ្នាំទៅ​ឆ្នាំ​ចំនួន​ក្របី​ដែល​ចិញ្ចឹម​បាន​កើនឡើង ពិសេស​ការ​ពង្រីក​ចំនួន​ក្របី នៅ​ក្រោយ​ពេល​ដែល​លោក​ត្រឡប់​ពី​កូរ៉េ​មក​វិញ​ ។

យុវជន​វ័យ ​២៧ ឆ្នាំ យ៉ែ​ម រុម បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​កាលពី​ចុងឆ្នាំ ​២០១៦ និង​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នៅ​ក្នុង​កំឡុង​ខែមីនា​ឆ្នាំ​ ២០២១ ​។ ទន្ទឹម​នឹង​ចាប់​របរ​ចិញ្ចឹម​ក្របី គ្រួសារ​លោក​មិន​បោះបង់​ចោលការ​ធ្វើស្រែ​នោះ​ទេ ដូច្នេះរ​បរទាំង​ពីរ​នេះ​បាន​ធ្វើ​ឱ្យជីវភាព​គ្រួសារ​លោក​បាន​ប្រសើរ​មួយ​កម្រិត​នៅ​ពេល​នេះ ​។

«​ខ្ញុំ​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ បាន​ ១ ​ឆ្នាំ ហើយ​ខ្ញុំ​ព្យាយាម​ពង្រីក​ការ​ចិញ្ចឹម​ក្របី​របស់ខ្ញុំ​បន្ថែម​បានជា​ប្រចាំ ព្រោះ​នៅ​ក្នុង​រយៈពេល ​៤​ ឆ្នាំ​នៃ​គោលដៅ​ចិញ្ចឹម​ក្របី​របស់ខ្ញុំ​ធ្វើ​យ៉ាងណា​ឱ្យ​វា​កើន​ដល់ ​២០០ ​ក្បាល​នៅ​ក្នុង​រយៈពេល ​៤​ ឆ្នាំ តែ​សព្វ​ថ្ងៃនេះ​យើង​មិន​ទាន់​លក់​ក្របី​ចេញ​ ឬ​បាន​ផ្គត់ផ្គង់​សាច់​ទៅ​លើ​ទីផ្សារ​នៅឡើយ​នោះ​ទេ ព្រោះ​ចង់​ទុក​លាមក​ក្របី​កែ​ច្នៃ​ធ្វើ​ជា​ជី​គ្រាប់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម​ក្នុង​តំបន់​ក្នុង​តម្លៃ​ទាប ខណៈ​ជីគីមី​នាំ​ចូល​មក​ពី​ខាងក្រៅ​មាន​ចំនួន​ច្រើន ​និង​មាន​តម្លៃ​ថ្លៃ​» លោក យ៉ែ​ម រុម រៀបរាប់​ឱ្យដឹង​ ។

គោលដៅ​ទៅ​មុខ លោក រុម ចង់​ចិញ្ចឹម​ក្របី ផ្គត់ផ្គង់​សាច់​ក្របី​នៅ​លើ​ទីផ្សារ​ហើយ​ឈាន​ទៅធ្វើ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឱ្យមានការ​ផ្គត់ផ្គង់​ជា​ទៀត​ទាត់ ​។ ថៅកែ​ក្របី​វ័យ ​២៧ ​ឆ្នាំ ថា​ របរ​របស់​លោក​នា​ពេល​នេះបាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងភូមិ​បាន ២ ​ទៅ ​៣ ​នាក់​ហើយ​ក្នុង​ម្នាក់​អាច​ទទួល​បាន​ប្រាក់ខែ​ពី​ ១ ​លាន​រៀល​ទៅ​ ១,៥ ​លាន​រៀល ​។

ប្រភព​ប្រាក់ចំណូល​ដែល​យក​មក​ផ្គត់ផ្គង់​ទៅ​និង​ការ​ចំណាយ​ផ្សេង​ និង​ប្រាក់ខែ​កម្មករ គឺ​បាន​ពី​ការ​លក់​លាមក​ក្របី ដាំ​ស្មៅ​លក់ និង​កម្រៃ​ពី​ការ​ជួល​ត្រាក់ទ័រ​ស៊ីឈ្នួល ភ្ជួរ​រាស់​ដី​ឱ្យពលរដ្ឋ​ ។ បច្ចុប្បន្ន​លោក ​រុម មាន​សត្វ​ក្របី​សរុប​ប្រហែល ​១០០ ​ក្បាល ក្នុង​នោះ​មេក្របី​ដែល​អាច​បង្កើតកូន​បាន​មាន ​៤០ ​ក្បាល​ ៕