ខេត្តមណ្ឌលគិរី ៖ ទឹកឃ្មុំមណ្ឌលគិរី ដែលបានក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ត្រូវគេរំពឹងថា នឹងមានទីផ្សារល្អអាចលក់បានតម្លៃកាន់តែខ្ពស់ ដូចផលិតផលនានាដែលបានទទួលវិញ្ញាបនបត្រ(GI) រួចហើយមានដូចជា ៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺជាដើមនោះ ។
លោក ស្រើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី បានឱ្យដឹងថា កាលមិនទាន់បង្កើតនូវសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី នេះឡើង ប្រជាពលរដ្ឋដែលជាកសិកររស់នៅតាមស្រុកភូមិ ប្រមូលទឹកឃ្មុំព្រៃលក់បានថ្លៃតែ ៦ម៉ឺនរៀលក្នុងមួយលីត្រ ។ តែក្រោយពីបានចុះបញ្ជីជាផលិតផល GI នេះរួចហើយ ទឹកឃ្មុំមណ្ឌលគិរី នឹងឡើងថ្លៃថែមមួយកម្រិត ដែលនឹងជួយឱ្យជីវភាពរបស់សមាជិកសមាគមនៅតាមក្រុមនីមួយៗមានជីវភាពប្រសើរជាងមុន ។
លោក ស្រើវ សុវណ្ណនី បញ្ជាក់ថា នៅពេលទឹកឃ្មុំមានទីផ្សារល្អ ពលរដ្ឋក្នុងសហគមន៍ នឹងកាត់បន្ថយការចូលព្រៃដោយខុសច្បាស់ងាកមករកឃ្មុំទាំងអស់គ្នាក្រោយពីប្រមូលផលដំណាំផ្សេងៗអស់ហើយ ។ ប្រធានសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី បានសម្តែងក្តីរីករាយថា សមាគមមានមោទនភាពដែលទឹកឃ្មុំមណ្ឌលគិរី ចូលស្តង់ដារជាផលិតផលGI ហើយអាចលក់បានថ្លៃនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិនៅពេលខាងមុខ ។
ក្នុងចំណោមផលិត GI ដូចគ្នាសម្រាប់ទឹកឃ្មុំមណ្ឌលគិរី អាចមានតម្លៃដូចទៅនិងម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ដោយសារការប្រមូលទឹកឃ្មុំពីព្រៃ ធ្វើតាមបែបច្ចេកទេសត្រឹមត្រូវហើយនៅតាមក្រុមនីមួយៗពួកគាត់មានតំបន់ដែលមានព្រៃធំៗ មានផ្កាព្រៃចម្រុះដែលអាចយកមកធ្វើជាឱសថដែលដើមថ្នាំទាំងនោះយើងសុទ្ធស៊ឹងយកធ្វើជាថ្នាំបុរាណសម្រាប់ព្យាបាលជំងឺ ។ ផ្អែកលើចំណុចពិសេសទាំងនេះអាចធ្វើឱ្យផលិតផលទឹកឃ្មុំមណ្ឌលគិរី អាចរត់ទៅរកតម្លៃលក់បានថ្លៃដូចម្រេចកំពតដែរ ។
ទឹកឃ្មុំព្រៃរបស់សមាគមនៅក្នុងខេត្តមណ្ឌលគិរី ចែកចេញជា ៣ ប្រភេទដែលរួមមាន ៖ ទឹកឃ្មុំលេខ ១ មានកំហាប់ជាតិទឹកក្នុងទឹកឃ្មុំពី ១៩ ទៅ ២០% នៃទឹកឃ្មុំ លេខ ២ មានកំហាប់ជាតិទឹកពី ២១ ទៅ ២២% និងលេខ ៣ មានជាតិទឹកពី ២៣ ដល់ ២៤% ។ ទឹកឃ្មុំលេខ ១ លក់តម្លៃ ៨០.០០០រៀល លេខ ២ តម្លៃ ៧៨.០០០ រៀល និងលេខ ៣ ថ្លៃ ៧៦.០០០ក្នុងមួយលីត្រ ។
យោងតាមក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងផ្តល់ការផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ