ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៣ វាលរេញ-កំពត ប្រវែង ៥៤គ.ម គឺ​ ៣៤គ.ម ធ្វើបានល្អ តែ ២០គ.ម ធ្វើជាប់រហូត!

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ…

ខេត្តព្រះសីហនុ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យកំណាត់​​ផ្លូវជាតិលេខ៣ វាលរេញ-​កំពត ដែលមាន​ចម្ងាយ ៥៤គីឡូម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ការសាងសង់ផ្លូវពីកំពត-វាលរេញ ចម្ងាយ ៥៤គីឡូម៉ែត្រនេះ គឺធនាគារពិភពលោក បានផ្ដល់ថវិកាកម្ចី ឲ្យរាជរដ្ឋាភិបាលដើម្បីស្ដារផ្លូវនេះ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើបាន ៣៤គីឡូម៉ែត្រ បានល្អហើយ ប៉ុន្តែប្រវែង ២០គីឡូម៉ែត្រទៀត ក្នុងខេត្តព្រះសីហនុ នៅមានបញ្ហា ធ្វើមិនជាប់ល្អ ដោយសារតំបន់នោះ មានដីស្អុយ រហូតដល់ជម្រៅ ១៨ម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ការស្ថាបនាបន្តផ្លូវ ២០គីឡូម៉ែត្រនេះ ក្រសួងបានធ្វើការបែង​ចែកជាពីរ គឺពីផ្លូវជាតិលេខ៤ ចំនួន ៥គីឡូម៉ែត្រ ដែលមានដីស្អុយផ្នែកខាងក្រោម រហូតដល់ ១៨ម៉ែត្រ ដើម្បីធ្វើផ្លូវនេះ ឲ្យបានជាប់ ត្រូវវ៉ៃសសរគ្រឹះខាងក្រោម ដូចសសរស្ពាន ឲ្យដល់ជម្រៅ ១៨ម៉ែត្រ ហើយចំពោះកំណាត់ផ្លូវ ១៥គីឡូម៉ែត្រទៀត ត្រូវចាក់ពង្រឹងគ្រឹះ និងចាក់បេតុង ២.៦តឹក ពីលើ ដើម្បីកុំឱ្យ​ស្រុត ដោយចំណាយថវិកាចន្លោះពី ៦០ ទៅ ៧០លានដុល្លារ។

ឯកឧត្តមបន្តទៀតថា ផ្លូវដែលមានដីស្អុយរហូត ១៨ម៉ែត្រ ពីវាលរេញទៅនោះ មានកន្លែងខ្លះ ទទឹង ១២ម៉ែត្រ និងកន្លែងខ្លះ ១៦ម៉ែត្រ ហើយកន្លែងខ្លះ ១៩ម៉ែត្រ ដែលត្រូវធ្វើពី ២គន្លង ទៅ ៤គន្លង។ ចំពោះការស្ថាបនាឡើងវិញ ត្រូវបាន​ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យមិត្តចិន ជួយផ្ដល់ប្រាក់កម្ចីសម្បទាន យកមកសាងសង់កំណាត់ផ្លូវ ២០គីឡូម៉ែត្រនេះឡើងវិញឆាប់ៗខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ មុនការស្ថាបនាផ្លូវការនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំរកគ្រប់មធ្យោបាយ រក​ប្រភពថវិកាមកជួយសម្រួលផ្លូវ ២០គីឡូម៉ែត្រ ពីវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ ឲ្យបានស្រួលជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ