ជំងឺថប់បារម្ភ ឬ Anxiety កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកដែលធ្វើការច្រើនមិនរកពេលសម្រាក។ តែពេលខ្លះវាក៏អាចកើតឡើងរវាងដៃគូស្នេហាបែកបាក់ផងដែរ។ ការធ្វើការងារច្រើន និង អារម្មណ៍កើតទុក្ខបែកបាក់ស្នេហា មិនមែនជាកត្តាតែម្យ៉ាងធ្វើឱ្យមានបញ្ហាថប់បារម្មនោះទេ។ ទម្លាប់ដែលអ្នកធ្វើប្រចាំថ្ងៃ ក៏អាចធ្វើឱ្យមានបញ្ហានេះផងដែរ។
១. លេងបណ្តាញសង្គមច្រើនពេក
ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថាការចំណាយពេលច្រើនលើបណ្ដាញសង្គមអាចធ្វើឱ្យអ្នកងាយនឹងមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ក៏ដូចជាថប់បារម្ភ។ នោះក៏ព្រោះតែពេលខ្លះក្រោយឃើញស្ថានភាពជោគជ័យរបស់នរណាម្នាក់ហើយ អ្នកចាប់ផ្ដើមមានអារម្មណ៍គិតថាខ្លួនឯងអន់ជាងគេខ្លាំងដែលធ្វើឱ្យក្លាយជាកង្វល់ក្នុងចិត្ត ឬថប់បារម្ភ។
២. ចំណាយពេលនៅតែម្នាក់ឯងច្រើនពេក
ការជ្រើសរើសនៅតែម្នាក់ឯងសឹងគ្រប់ពេល គឺមិនមែនជាគំនិតល្អឡើយ ជាពិសេសប្រសិនបើអ្នកមានបញ្ហាជំងឺថប់បារម្ភ។ ក្រុមអ្នកជំនាញក៏បានឱ្យដឹងថា ដូចគ្នានេះផងដែរថា ការចំណាយពេលនៅតែម្នាក់ឯងច្រើនពេក គឺមិនល្អសោះឡើយសម្រាប់អ្នកជំងឺថប់បារម្ភ ដោយវាអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ជំនួសមកវិញ អ្វីដែលអ្នកត្រូវធ្វើ គឺចំណាយពេលជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ ហើយធ្វើសកម្មភាពកំសាន្តផ្សេងៗ ឬសាងការចងចាំល្អៗជាមួយពួកគេដើម្បីរក្សាចិត្តឱ្យរវល់ភ្លេចទុក្ខកង្វល់ ក៏ដូចជាការខ្វល់ខ្វាយហួសហេតុ។
៣. គេងមិនគ្រប់
ការមិនងងុយគេងជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអរម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ៕
ចែករំលែកព័តមាននេះ