រាជធានីភ្នំពេញ ៖ ក្រុមការងារកិច្ចព្រំដែន បានស្រាវជ្រាវរកឃើញបង្គោលព្រំដែនលេខ៤៣ ស្ថិតនៅក្នុងដីស្រែរបស់ប្រជាជនថៃ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សៀងលីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឲ្យដឹងថា ការចុះរុករក និងកំណត់បង្គោលព្រំដែនលេខ៤៣ គឺធ្វើឡើងដោយផ្អែកលើឯកសារ ដែលបានបន្សល់ទុកពីសម័យបារាំង ឆ្នាំ១៩១៩ ដែលជាឯកសារចុងក្រោយ នៅពេលគណៈកម្មការកំំណត់ព្រំដែន បារាំង- សៀម បានសាងសង់បង្គោលព្រំដែនលេខ៤៣ ជាបេតុង ហើយជាលទ្ធចុងក្រោយ ។
ឯកឧត្តម បានបន្តថា ការរុកបង្គោលនេះ ដែលក៏ផ្អែកលើឯកសារឆ្នាំ១៩១៩ ហើយបង្គោលលេខ៤៣នេះ ស្ថិតនៅក្នុងភូមិយាមបង្គំរបស់កម្ពុជា និងភូមិគោកធ្យូងរបស់ថៃ ។
ឯកឧត្តមបញ្ជាក់ថា ៖ “អ៊ីចឹងបង្គោលនឹងនៅសព្វថ្ងៃស្ថិតនៅក្នុងអូនរលំឫស្សី ដែលអូននេះគឺអូព្រំដែន ។ អូននេះបែបចេញពីស្ទឹងដូនគ្រៀល អ៊ីចឹងការស្រាវជ្រាវនេះ យើងបានចុះស្រាវជ្រាវច្បាស់លាស់ ហើយបានយើងចុះទៅរុករកនៅលើដីជាក់ស្តែង” ។
ឯកឧត្តម បន្តថា សព្វថ្ងៃនេះបង្គោល នៃមានគន្លាតចន្លោះពី៨០០ ទៅ១០០០ម៉ែត្រ នៅភូមិកោកធ្យូងថៃ ហើយគន្លាតពីភូមិយាមបង្គំមានប្រមាណ ៣គីឡូម៉ែត្រ។ ដូច្នេះបង្គោលនេះ ស្ថិតនៅក្នុងតំបន់ ដែលយើងបានរុករក ។ វាខុសអ្វី ដែលមតិខ្លះថាបង្គោលនេះ បានចូលក្នុងទឹកដីកម្ពុជា ២ ទៅ ៣គីឡូម៉ែត្រ ។
ឯកឧត្តម បន្ថែមថា ក្រុមការងារបានចុះវាស់ទៅតាមអ្វី ដែលបានបន្សល់ទុកនៅក្នុងឯកសារ ដែលបានបន្សល់ទុក។ នៅពេលមានការឯកភាពគ្នាភាគីទាំំងពីរ ក៏បម្រុងជីកចាក់ជើងតាង ។ តែដូចជាភ័ព្ទសំណាងអ៊ីចឹង នៅពេលដែលជីកទៅក៏ឃើញបង្គោលលេខ៤៣ មានទ្រង់ទ្រាយវែង ដែលគេកប់ចោល ។ បង្គោលនេះ បានជីករកឃើញនៅក្នុងដីស្រែរបស់ប្រជាជនថៃ ជាងកន្លះម៉ែត្រ ។
ឯកឧត្តម បានបញ្ជាក់ថា ៖ “នេះជាអ្វី ដែលក្រុមការងារធ្វើ គឺតាមអ្វី ដែលយើងបានស្រាវជ្រាវតាមឯកសារ ដែលយើងមាននៅឆ្នាំ១៩១៩ មានភាពជាក់លាក់ខ្ពស់ ហើយអាចរកឃើញរបស់ដែលបានបាត់ មិនបានដឹង” ៕
ចែករំលែកព័តមាននេះ