តើអ្នកធ្លាប់មានបេះដូងលោតញាប់ខ្លាំង ទាំងពេលនោះមិនមានអារម្មណ៍រំភើប ឬ ក៏ភ័យទាល់តែសោះ? វាអាចជាសញ្ញាដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាណាមួយកើតឡើងនៅក្នុងរាងកាយអ្នក។ ថ្ងៃនេះ អ្នកនឹងបានស្គាល់បញ្ហាសុខភាព៣យ៉ាង ដែលធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ខុសធម្មតា។
១. ស្ត្រេស
អ្នកអាចនឹងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់នៅរាល់ពេលមានអារម្មណ៍តានតឹង ឬស្ត្រេស។ នោះក៏ព្រោះតែលំហូរឈាមរបស់អ្នកពោរពេញទៅដោយអរម៉ូនស្ត្រេសដូចជា អរម៉ូនករទីសូល (cortisol) និង អាត្រេណាលីន (adrenaline) ដែលរំញោចប្រព័ន្ធសសៃប្រសាទ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។ វេជ្ជបណ្ឌិតជាច្រើននិយាយថាស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព។
២. ការទទួលទានកាហ្វេលើសកម្រិត
ការទទួលទានកាហ្វេច្រើនពេក អាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឱ្យបេះដូងលោតញាប់។
៣. ផឹកទឹកមិនគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែល ២ លីត្រក្នុងមួយថ្ងៃទេនោះកុំឆ្ងល់ថាតើហេតុអ្វីបានជាបេះដូងហាក់ដូចជាលោតញាប់ជាងធម្មតា។ កង្វះជាតិទឹកក្នុងរាងកាយធ្វើឱ្យឈាមឡើងខាប់ ហើយបរិមាណឈាមថយចុះ ហើយបេះដូងនឹងខំលោតញាប់ខ្លាំងជាងមុនដើម្បីព្យាយាមផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សរីរាង្គទាំងអស់៕
ចែករំលែកព័តមាននេះ