រាជធានីភ្នំពេញ ៖ ចាប់ពីពេលនេះតទៅទឹកភ្នំព្រៃនៅខេត្តមណ្ឌលគិរី បានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ពីក្រសួងពាណិជ្ជកម្ម ។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលស្គាល់គុណភាពនៃទឹកឃ្មុំព្រៃមណ្ឌលគិរី និងចូលរួមបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ។

ពិធីប្រកាសពីការទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» បានធ្វើបានឡើងកាលពីចុងសប្តាហ៍មុននេះនៅក្នុងខេត្តបណ្ឌលគិរី ។ សហគមន៍ប្រមូលទឹកឃ្មុំព្រៃចំនួន ១១ ក្នុងខេត្តមណ្ឌលគិរី បានស្នើចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI) ពីក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំកន្លងទៅ ។ ការទទួលបានវិញ្ញាប័នប័ត្រសម្គាល់ភូមិសាស្ត្រនេះ នឹងជួយពង្រីកទីផ្សារ និងការពារឈ្មោះទឹកឃ្មុំព្រៃឱ្យនៅគង់វង្ស ជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ ។

តាមពលប្រជាសហគមន៍អ្នករកឃ្មុំនៅខេត្តមណ្ឌលគិរី ឱ្យដឹងថា ជារៀងរាល់ឆ្នាំការប្រមូលផលទឹកឃ្មុំត្រូវបានធ្វើឡើងចំនួន ២ ទៅ ៣ ដង ក្នុងមួយរដូវៗ ដែលគិតចាប់ពីខែមីនារហូតដល់ខែមិថុនា ។ ការប្រមូលទឹកឃ្មុំព្រៃ ធម្មជាតិនេះ គឺត្រូវកាត់យកក្បាលទឹកប្រមាណ ៨០% ដោយទុកសម្បុកឃ្មុំ ២០% ទៀត សម្រាប់បន្តពូជ និងប្រមូលយកទឹកឃ្មុំនៅឆ្នាំក្រោយៗទៀត ។ ក្នុង ១ ថ្ងៃប្រជាសហគមន៍ប្រមាណជាង ១០០ គ្រួសារ ប្រមូលផលទឹកឃ្មុំបានពី ១០០ លីត្ រទៅជាង ៣០០ លីត្រក្នុងមួយថ្ងៃ នារដូវប្រមូលផលទឹកឃ្មុំ ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា សមាជិកចំនួន ១០ នៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងនោះមានតំបន់ការពារធម្មជាតិចំនួន ៥ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការដៃគូ និងម្ចាស់ជំនួយ សហគមន៍តំបន់ការពារធម្មជាតិទាំង នេះ បាននិងកំពុងទាញយកនិងកែច្នៃនូវផលអនុផលព្រៃឈើប្រកបដោយនិរន្តរភាព ដោយបានប្រើប្រាស់បច្ចេកទេសប្រកបដោយមេត្រីភាពបរិស្ថាន ដើម្បីរកចំណូល អភិវឌ្ឍជីវភាព និងការចិញ្ចឹមជីវិតក្រុមគ្រួសារខ្លួនឱ្យមានភាពប្រសើរឡើង ។ ពលរដ្ឋមានការងារធ្វើ មានចំណូល ប្រចាំថ្ងៃ និងមានជីវភាពធូរធារនឹងធ្វើឱ្យពួកគាត់កាន់តែមានការយល់ច្បាស់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាប្រភពមិនចេះរីងស្ងួតនៃការទាញយកផល និងអនុផលព្រៃឈើប្រកបដោយបច្ចេកទេសដើម្បីគាំទ្រជីវភាពខ្លួន ។

អ្នកនាំពាក្យក្រសួងបរិស្ថានដែលមានវត្តមានក្នុងពិធីប្រគល់វិញ្ញបនបត្រការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នេះ បានលើកឡើងថា ការទទួលស្គាល់នាពេលនេះនឹងធ្វើទឹកឃ្មុំព្រៃមណ្ឌលគិរីកាន់តែមានតម្លៃ និងជាពិសេសនឹងអាចការពារកម្មសិទ្ធិបញ្ញាទឹកឃ្មុំព្រៃនេះផងដែរ ។ លោកថា ក្រសួងបរិស្ថានជឿជាក់ថា ក្រោយពីទទួលបានវិញ្ញាប័នប័ត្រសម្គាល់ភូមិសាស្ត្រហើយ នឹងជួយការពារទឹកឃ្មុំព្រៃមណ្ឌលគិរី និងរក្សាជាកេរ តំណែលសម្រាប់មនុស្សជំនាន់ក្រោយ ៕
ចែករំលែកព័តមាននេះ