ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីធ្លាក់ថ្លៃដល់ ៣០០ រៀល ឆ្នាំនេះ «ល្ពៅ» មានតម្លៃជាង ១០០០ រៀលក្នុងមួយគីឡូក្រាម 

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករអ្នកចម្ការបានកំពុងរីករាយដោយសារផ្លែល្ពៅឆ្នាំនេះ កសិករអាចលក់បានជាង ១ ពាន់រៀលក្នុងមួយគីឡូក្រាម កាលពីឆ្នាំកន្លងទៅល្ពៅបានធ្លាក់ថ្លៃដល់ ២០០ រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែកសិករនៅមិនទាន់ប្រាកដថា…

ខេត្តកំពង់ឆ្នាំង ៖ កសិករអ្នកចម្ការបានកំពុងរីករាយដោយសារផ្លែល្ពៅឆ្នាំនេះ កសិករអាចលក់បានជាង ១ ពាន់រៀលក្នុងមួយគីឡូក្រាម កាលពីឆ្នាំកន្លងទៅល្ពៅបានធ្លាក់ថ្លៃដល់ ២០០ រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែកសិករនៅមិនទាន់ប្រាកដថា តម្លៃល្ពៅនឹងនៅតែល្អដូចដើមដៃនេះទៅ ឬដល់ចុងរដូវដែលគ្រប់កន្លែងប្រមូលផលនោះល្ពៅនឹងធ្លាក់ថ្លៃវិញយ៉ាងណា ។

លោក ណម ប៊ុននេត្រ អាយុ ៣៧ ឆ្នាំ កសិករអ្នកដាំល្ពៅម្នាក់នៅភូមិសាឡង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ ដែលបានយកផ្លែល្ពៅមកលក់នៅមាត់កំពង់ទឹក ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បាននិយាយឲ្យដឹងថា ផ្លែល្ពៅឆ្នាំនេះបានតម្លៃថ្លៃគួរសម ថ្លៃជាងឆ្នាំទៅមិញ ។ លោកថា ផ្លែល្ពៅលេខ ១ លក់បាន ១១០០ រៀលក្នុង ១ គីឡូក្រាម លេខ ២ ថ្លៃ ៦០០ រៀល និងលេខ ៣ ថ្លៃ ៣០០ រៀលក្នុង ១ គីឡូក្រាម គឺមានតម្លៃថ្លៃជាងឆ្នាំទៅមុន ដែលលេខ ១ លក់បានត្រឹមតែ ៣០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។ 

កសិករខាងលើ ដែលនិយាយទំាងទឹកមុខរីករាយបន្ថែមថា ឆ្នាំនេះអ្នកចម្ការដាំល្ពៅ គឺពិតជាសប្បាយចិត្តគ្រប់គ្នា ។ កាលពី ៣-៤ ថ្ងៃមុន ផ្លែល្ពៅលេខ ១ លក់បាន ១៣០០ រៀល ហើយទើបតែថ្ងៃនេះផ្លែល្ពៅធ្លាក់ចុះបន្តិច ។ ចំពោះមូលហេតុផ្លែល្ពៅបានថ្លៃ ទី ១ គឺ ដោយសារផ្លែល្ពៅបេះពីដើមដៃ ,ទី ២ អ្នកធ្វើចម្ការដាំល្ពៅ ឆ្នាំនេះមានចំនួនតិច ។ កសិកររូបនោះបានបញ្ជាក់ថា ៖ ប្រមាណជា ៤ ទៅ ៥ ថ្ងៃទៀត ផ្លែល្ពៅគាត់ប្រមូលអស់ពីចម្ការហើយ បើទោះបីដល់ពេលនោះ ធ្លាក់ថ្លៃទៀតក៏អាចត្រឹម ពី ៨០០ ទៅ ១០០០ រៀល ក្នុងមួយគីឡូក្រាមដែរ ។ នេះជាការបញ្ជាកក់របស់កសិករអ្នកដាំល្ពៅ ។

ចំណែកស្ត្រីឈ្មោះ ប៊ុនថា កសិករខេត្តកំពង់ឆ្នាំងម្នាក់ទៀត បាននិយាយដែរថា អ្នកស្រីមានផ្ទៃដីប្រមាណកន្លះហិកតា ។ នៅពេលនេះល្ពៅរបស់គាត់កំពុងឲ្យផល អ្នកស្រីមមាញឹកក្នុងការប្រមូលផលផ្លែល្ពៅ យកមកលក់ឲ្យទាន់ដើមដៃដែល្ពៅកំពុងបានថ្លៃ ។ កសិកររូបនោះបានបញ្ជាក់ថា ផ្លែល្ពៅពិតជាបានថ្លៃមែន ប៉ុន្តែឆ្នាំនេះទាំងជីនិងប្រេងចាក់ម៉ាស៊ីនបូមទឹក សុទ្ធតែបានឡើងថ្លៃទាំងអស់ ។ អ្នកស្រីបញ្ជាក់ថា កាលពីឆ្នាំទៅជី ១ ការុង ថ្លៃតែ ១០ ម៉ឺនរៀលទេ ឆ្នាំនេះជីមួយ ១ ការ៉ុង ថ្លៃដល់ ២០ ម៉ឺនរៀល ។ ចំណែកប្រេងចាក់ម៉ាស៊ីនបូមទឹកកាលពីឆ្នាំ ១ ពីដុង ត្រឹមតែ ៩ ម៉ឺនរៀលទេ ឆ្នាំប្រេងបានឡើងដល់ ១៦ ម៉ឺនរៀល ក្នុង ១ ពីដុង ។ 

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានបញ្ជាក់ដែរថា ៖ ផ្លែល្ពៅពិតជាឡើងថ្លៃដើម ពីដើមដៃបែបនេះមែន ព្រោះការប្រមូលផលពីដើមដៃ ផ្លែល្ពៅធំៗល្អ មិនដូចចុងដៃផ្លែល្ពៅតូចៗឡើយ ហើយក៍មិនធានាថា បានថ្លៃរហូតនោះទេ បន្តិចទៀត នៅពេលប្រហែលជាងកន្លះខែទៀត ពេលដែលកសិករកាន់តែប្រមូលផលមកច្រើនផ្លែល្ពៅ គឺពិតជានឹងចុះថ្លៃជាងនេះជាពុំខាន ។

សូមជម្រាបថាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាទឹកដីដែលកសិកនិយមឆ្នាំល្ពៅច្រើន ។ កាលពីនៅពេលមិនទាន់មានផ្ទុះកូវីដ-១៩ ល្ពៅអាចលក់ក្នុងតម្លៃ ១៥០០ រៀល ទៅ ២០០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែចាប់ពីឆ្នាំ ២០១៩ មកល្ពៅបានធ្លាក់ថ្លៃយ៉ាងខ្លំាង រហូតដល់ ២០០ ឬ ៣០០ រៀលក្នុងមួយកីឡួក្រាម ដែលជាតម្លៃមូយកសិករមិនធ្លាប់ជួបប្រទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ