ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​ក្រៅផ្លូវការ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​បោក​គ្រាប់បែក​យប់មិញបាន​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​គ្រាប់បែក​លាន់​កក្រើក និង​ហុយផ្សែង​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុងភ្នំពេញ​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ …

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​គ្រាប់បែក​លាន់​កក្រើក និង​ហុយផ្សែង​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុងភ្នំពេញ​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទុល​មុខ​ផ្ទះ​អត់លេខ យីហោ អេ​ស៊ី គំនូរ ផ្សាយពាណិជ្ជកម្ម ត្រង់​ចំណុច​ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​៣៤៨ ស្ថិត​ក្នុងភូមិ​២ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស RX 330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-7352 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៦៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ ទិស​ដៅ​ស្របគ្នា​បើក​យ៉ាង​លឿន​ស្លេវ​វ៉ា​ពីមុខ​រថយន្ត រួច​ហើយ​ក៏​លាន់​ស្នូរ​ផ្ទុះ​គ្រាប់បែក និង​ហុយផ្សែង​ទ្រលោម​មើល​អ្វី​លែង​ឃើញ បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស RX330 ហូរ​ប្រេងម៉ាស៊ីន បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង និង​កញ្ចក់​មុខ បាន​បើក​ទៅ​មុខ​ប្រមាណ​៥០​ម៉ែត្រ​ទើប​ឈប់ ភ្លាម​ៗ​នោះ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី ចំនួន​៤​នាក់​ដួល​រដូករណែល​ពាសពេញ​ផ្លូវ និង​មាន​ឈាម​ហូរ​គ្រប់​ៗ​គ្នា ព្រមទាំង​ឃើញ​រថយន្ត​២​គ្រឿង​ទៀត ម៉ាក HILUX VIGO  ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-6775 និង​១​គ្រឿង​ទៀត​ម៉ាក TOYOTA TACOMA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7136 ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ​រង​កា​ខូចខាត​បែក​កញ្ចក់ និង​ស្នាម​សុះ​ដោយសារ​តែ​ជះ​អំបែង​គ្រាប់បែក​ផង​ដែរ ។

ដោយឡែក​យោង​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា មុន​ពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស​បើកបរ​ពី​ត្បូង​ទៅ​ជើង ចំណែក​ក្រុម​ភេរវកម្ម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត ខណៈ​ពេល​ម៉ូតូ​ក្រុម​ភេរវកម្ម​ជិះ​ចេញ​ទៅ​ផុត​បាន​បន្តិច​រថយន្ត​ឡិច​ស៊ី​ស​បើក​មក​ដល់​គ្រាប់បែក​បាន​ផ្ទុះ​នៅ​ជាប់​នឹង​រថយន្ត​ហុយ​ទ្រលោម​តែ​ម្តង តែ​មិន​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួស​ទេ គ្រាន់តែ​ខូចខាត​រថយន្ត និង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ​រង​របួស​ដួលរ​ណូ​ក​រណែល​ដោយសារ​អំបែង​គ្រាប់បែក គឺ​របួសធ្ងន់​ស្ត្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ឱប​ឆ្កែ និង​៣​នាក់​ទៀត​រង​របួសស្រាល ព្រមទាំង​ខូចខាត​រថយន្ត​ទាំងអស់​៣​គ្រឿង និង​ថ្នល់​ខូង​អស់​មួយ​ដុំ​ផង​ដែរ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ដែល​រង​របួស​ទាំង​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​២​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា និង​បុរស​ម្នាក់​ទៀត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ សេង ជា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​មន្ត្រីរាជការ​នៅ​នាយកដ្ឋាន​បុគ្គលិក នៃ​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​ជិះ​ម៉ូតូ​ម៉ាក​Zoomer X ទើបតែ​មក​ពី​ហាត់ប្រាណ​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក គោលបំណង​ជិះ​ម៉ូតូ​ទៅ​ហូប​បបរស​នៅ​ម្ដុំ​ពេទ្យ​ចិន ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ពេល​គាត់​ជិះ​បាន​ផុត​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​២០​ម៉ែត្រ ស្រាប់តែ​លាន់ឮ​សូរ​សំឡេង​ផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រោយ​ខ្នង​គាត់ តែ​គាត់​មិន​បាន​ឈប់​ម៉ូត​ឡើយ គឺ​គាត់​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត ពេល​ជិះ​ម៉ូតូ​ទៅ​មុខ​ទៀត​ស្រាប់តែ​មាន​អារម្មណ៍​ថា ស្ពឹក​ស្មា​គាត់​ក៏​យកដៃ​ទៅ​ស្ទាប​ឃើញ​មាន​ប្រឡាក់​ឈាម ទើប​ដឹង​ថា​ខ្លួនឯង​ត្រូវ​កម្ទេច​គ្រាប់បែក​ដែល​ផ្ទុះ​នោះ ។ ភ្លាម​ៗ​នោះ​គាត់​បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្កិ​មក​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​លាងមុខ​របួស​ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ ។

ចំណែក​ជន​រង​គ្រោះ​២​នាក់ ស្ត្រី​ម្នាក់ និង​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មិន​ទាន់​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ ។

ដោយឡែក​ជន​រង​គ្រោះជា​ជនជាតិ​ឥណ្ឌា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ត្រូវ​បាន​ស្ថានទូត​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួរនាំ​ទេ គ្រាន់តែ​អ្នកបកប្រែ​ប្រាប់​ថា ជន​រង​គ្រោះ​ក៏​អត់​ដឹង​រឿង​អី​ទេ ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួប​ហេតុការណ៍​ខាងលើ​នេះ​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​ចម្រុះ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ព្រោងព្រាត មាន​ទាំង​លោកស្នងការ​រាជធានី​ភ្នំពេញ ជួន សុវណ្ណ កម្លាំង​អាវុធហត្ថ និង​ព្រះរាជអាជ្ញា បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​រាប់​ម៉ោង ជា​លទ្ធផល​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​ប្រាប់​ថា ករណី​ខាងលើ​ជា​ករណី​ឃាតកម្ម ឬ​ជា​ការ​ធ្វើ​ឲ្យ​ចលាចល​នៅ​ក្នុង​សង្គម​នៅឡើយ​ទេ កំពុង​តែ​ធ្វើការ​តាមដាន​បន្ត​ទៀត ។

នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​មាន​ស្លាបព្រា​គន្លឹះ​គ្រាប់បែក ព្រមទាំង​អំបែង​គ្រាប់បែក តែ​មិន​ទាន់​សន្និដ្ឋាន​ថា ជា​គ្រាប់បែក​ប្រភេទ​អ្វី​នៅឡើយ​ទេ ។

បើ​តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា ជា​គ្រាប់បែក​ផ្លែទាប បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​ស្ថានភាព​នៅ​ក្នុង​ក្រុងភ្នំពេញ​ហាក់​មាន​ភាព​ស្ងាត់ជ្រងំ​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ និង​អ្នក​ដើរ​លេង​ពេល​យប់​ដូច​សព្វមួយដង​ទេ ។ នៅ​យប់​កើតហេតុ​នោះ​ផង​ដែរ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ក្រុម​ភេរវកម្ម​បាន​ម្នាក់​នៅ​ក្នុង​ខណ្ឌដូនពេញ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​៣​គ្រឿង​រក​ម្ចាស់​មិន​ទាន់​ឃើញ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ស្វែងរក​ម្ចាស់​មក​ដាក់​ពាក្យបណ្តឹង និង​យក​លិខិត​ស្នាម​មក​បញ្ជាក់​ទើប​ប្រគល់​រថយន្ត​ឲ្យ​វិញ ៕