ម៉ាឡេស៊ីមានគម្រោងវិនិយោគ ១៦២ ជាមួយទុនជាង ៣,២ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២២ គម្រោងវិនិយោគរបស់ម៉ាឡេស៊ី នៅកម្ពុជាមានចំនួន ១៦២គម្រោង គិតជាទឹកប្រាក់មានចំនួនជាង ៣,២ ពាន់លានដុល្លារអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

នៅក្នុងជំនួបជាមួយលោក Haji Ali Bin Modh Rustam អភិបាលរដ្ឋម៉ាឡេស៊ី ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជម្រាបជូនពីកាលនុវត្តភាពវិនិយោគនៅកម្ពុជា ដល់វិនិយោគិន និងប្រតិភូម៉ាឡេស៊ី ។ ក្នុងនោះលោកបានលើកឡើងអំពីច្បាប់ស្ដីពីការវិនិយោគថ្មីរបស់កម្ពុជា ដែលមានលក្ខណៈអំណោយផល និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនបរទេសផ្សេងទៀតផងដែរ ។
អភិបាលរដ្ឋម៉ាឡេស៊ី នៃប្រទេសម៉ាឡេស៊ី បានសន្យាថា នឹងកៀរគរវិនិយោគិនម៉ាឡេស៊ី បន្ថែមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយនឹងផ្ដល់នូវព័ត៌មានសំខាន់ស្ដីពីការវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនម៉ាឡេស៊ីផងដែរ ។

ជាការកត់សម្គាល់ នៅក្នុងរយៈពេលខែដើមឆ្នាំ ២០២២ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន ៣៧ ដែលមានទឹកប្រាក់ប្រមាណ ២៤០០ លានដុល្លារ ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា នៅក្នុងខែមករា និងកុម្ភៈកន្លងមកនេះ គម្រោងដែលបានអនុម័តភាគច្រើនជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសម្បកកង់យានយន្ត និងគម្រោងមួយចំនួនទៀត ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ