តែបៃតងគឺជាភេសជ្ជៈ កំពុងតែមានភាពពេញនិយមខ្លាំង ជាពិសេសសម្រាប់អ្នកដែលមិនចេះផឹកកាហ្វេ។ ការទទួលទានវាក្នុងកម្រិតមួយសមរម្យ គឺមានប្រយោជន៍ដល់សុខភាព តែប្រសិនបើអ្នកទទួលទានវាលើសកម្រិត វានឹងបង្កទៅជាបញ្ហា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអាការៈ៣យ៉ាង ដែលបណ្តាលមកពីការទទួលទានតែបៃតងច្រើនពេក។
១. រាគរូស
ការទទួលទានតែបៃតងច្រើនក្នុងរយៈពេលខ្លីមួយអាចបណ្ដាលឱ្យរាគបានយ៉ាងងាយ។ វាមិនត្រឹមតែប្រព័ន្ធសសៃប្រសាទប៉ុណ្ណោះទេដែលត្រូវបានរំញោចដោយកាហ្វេអ៊ីនក្នុងតែបៃតង ប៉ុន្តែប្រព័ន្ធរំលាយអាហារក៏ដូចគ្នា។ លើសពីនេះទៅទៀតតែបៃតងមានលក្ខណៈបន្ទន់លាមកដែលធ្វើឱ្យរាវនិងងាយបញ្ចេញ។ អាការៈឈឺក្នុងពោះក៏អាចកើតមានឡើងសម្រាប់អ្នកដែលមិនអាចគ្រប់គ្រងការទទួលទានតែបៃតងច្រើនពេកផងដែរ។
២. គេងមិនលក់
ការទទួលទានតែបៃតងច្រើនពេក ឬការទទួលទានតែបៃតងមុនពេលចូលគេងអាចបណ្ដាលឱ្យគេងមិនលក់។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនមានឥទ្ធិពលរំញោចសសៃប្រសាទ ហើយអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយពី ៤ ទៅ ៦ ម៉ោងឯណោះ។ ហើយប្រសិនបើអ្នកទទួលទានតែបៃតងច្រើន ឬភេសជ្ជៈកាហ្វេអ៊ីនណាមួយកំឡុងម៉ោងប្រហែល ៣ ថ្ងៃនោះកាហ្វេអ៊ីនអាចស្ថិតនៅក្នុងលំហូរឈាមដល់ម៉ោង ៩ យប់ឯណោះ។
៣. លើសសម្ពាធឈាម
អាការៈបេះដូងលោតញាប់និងសម្ពាធឈាមឡើងខ្ពស់ គឺងាយនឹងកើតឡើងណាស់ប្រសិនបើអ្នកទទួលទានតែបៃតងច្រើនពែងក្នុងមួយថ្ងៃដែលជាលទ្ធផលនៃការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកកំពុងមានបញ្ហាណាមួយទាក់ទងនឹងបេះដូងស្រាប់នោះការទទួលទានជាតិកាហ្វេអ៊ីនច្រើនអាចបណ្ដាលឱ្យអាការៈនៃជំងឺកាន់តែធ្ងន់ធ្ងរ។ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញថាតើអ្នកអាចទទួលទានតែបៃតងបានប៉ុន្មានពែងក្នុងមួយថ្ងៃប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម ជំងឺសសៃឈាមបេះដូង ឬបញ្ហាសុខភាពណាមួយផ្សេងទៀត៕
ចែករំលែកព័តមាននេះ