រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានត្រង់ៗ ថា ប្រសិនបើបង្ក្រាបក្រុមប្រព្រឹត្តបទល្មើសនេសាទ លើបឹងទន្លេសាប មិននោះទេ មិនបាច់ធ្វើជាចៅហ្វាយខេត្ត មិនបាច់ធ្វើជារដ្ឋមន្ត្រី មិនចាំបាច់ធ្វើមេនរគបាល និងមិនបាច់ធ្វើជាមេទាហាន នោះទេ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «យើងជាអ្នក ថ្នាក់កាន់ដ៏ប៉ុណ្ណឹង បង្ក្រាបពួកអាហ្នឹង មិនបានយើងមិនបាន! យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ និយាយគ្នាឲ្យត្រង់ៗ ហើយក៏មិនចាំបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនចាំបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ! កុំធ្វើមេទាហាន កុំធ្វើមេប៉ូលិសតទៅទៀត ឥឡូវមើលៗ នាំគ្នាបន្ទាប់ពីហ្នឹងទៅនាំគ្នាធ្វើទៅ ។ ឥឡូវបណ្តាខេត្តជុំវិញបឹងទន្លេសាប ធ្វើបាន ឬមិនបាន ? មើលសន្យាជាមួយគ្នា ចំពោះមុខ មកពីអស់លោក អត់ព្រមធ្វើ រឿងវានៅត្រង់កន្លែងហ្នឹងទេ» ។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ចុះទុកវាលឿន ? វាផុតត្រឹមរដ្ឋអំណាចយើងខ្វះសមត្ថភាព ដើម្បីដេញទូកលឿនហ្នឹង ។ តើអ្ហែងរត់ទៅណា ? រត់ទៅប្រទេសវៀតណាម ក៏មិនរួច រត់ទៅប្រទេសថៃ ក៏មិនរួច រត់ទៅឡាវ ក៏មិនរួច គឺនៅតែជុំវិញបឹងទន្លេសាប ដេញវ៉ៃអ្ហែង ទាល់តែអស់» ។
សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់សម្តេច ក្នុងការកម្ចាត់ក្រុមឈ្មួញទុចរិត ដែលបំផ្លាញត្រីលើបឹងទន្លេសាប ឲ្យអស់ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេច ដែលអត្ថាធិប្បាយលើការបញ្ជាឲ្យលុបបំបាត់ឡូតិ៍នេសាទ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ។
សម្តេចតេជោបានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ ។
ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរ សម្តេចតេជោ ក៏បានណែនាំឲ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ ។
សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗ បង្ក្រាបអត់ដែលបាននោះទេ ។
ទន្ទឹមនឹងនោះសម្តេចតេជោ ក៏បានថ្លែងផងដែរថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច តែបទល្មើសធំបង្ក្រាបអត់បានទេ ។
ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជានៅថ្ងៃនេះ ដើម្បីអោយបង្ក្រាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ ៕










ចែករំលែកព័តមាននេះ