អ្នកណាៗក៏ចង់មាន ចង់បាន មិនថាជាវត្ថុមង្គលដែលអាចយកជាប់ខ្លួន ឬសម្រាប់តុបតែងផ្ទះនោះទេ ។ ថ្ងៃនេះ យើងមានរូបតំណាង និងសត្វខ្លះៗតាមបែបហុងស៊ុយ ដែលនឹងជួយផ្តល់ភាពរុងរឿងចម្រុងចម្រើនដល់អ្នក ថែមទាំងអាចតុបតែងផ្ទះឱ្យស្អាតគួរឱ្យចង់រស់នៅទៀតផង ។
១-សំពៅ ៖
រូបសំពៅ គឺតំណាងឱ្យភាពចម្រើនរុងរឿងខាងមុខជំនួញ ដែលនាំមកនូវមាសប្រាក់ ជួយជំរុញជោគលាភ ព្រមទាំងជួយឱ្យមុខជំនួញរបស់អ្នកទទួលបានជោគជ័យកាន់តែខ្លាំងឡើង ។
២-នាគ ៖
តំណាងឱ្យភាពរុងរឿងបំផុត និងជានិមិត្តរូបសំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិចិន ។
នាគជាន់ពពក ៖ ជានិមិត្តរូបនៃអំណាច និងការបង្គាប់បញ្ជាក្នុងការងារ ។ ប្រសិនបើអ្នកដាក់តាំងនៅទិសខាងកើតផ្ទះ សត្វនាគនឹងបញ្ចេញឫទិ្ធអំណាចខ្លាំងបំផុត ។ លើសពីនេះទៀត អ្នកអាចតាំងរូបនាគនៅកន្លែងណាក៏បាន ដើម្បីនាំជោគលាភដ៏មហាសាលចូលក្នុងផ្ទះ ។
សត្វនាគនៅអាចធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបានល្អផងដែរ ។ ប្រសិនបើយកវាទៅទុកនៅកន្លែងធ្វើការ នឹងបង្ហាញនូវភាពធំធេង អំណាច បារមី និងស្ថិតស្ថេរ ។
៣-សេះ ៖
ជាសត្វធាតុភ្លើង ដែលគេតែងមានជំនឿថា សេះជាសត្វដែលពេញប្រៀបទៅដោយកម្លាំងធាតុ ហើយទិសប្រចាំឆ្នាំមមីគឺទិសខាងត្បូង ។ លើសពីនេះទៀត សេះជាសត្វតំណាងឱ្យមន្ត្រីមានលំដាប់ខ្ពស់ និងការរស់នៅសុខសប្បាយ ។
សេះ គឺសំដៅលើភាពរហ័សរហួន មានន័យថា អាចធ្វើឱ្យការប្រកបមុខជំនួញ និងការងាររបស់អ្នកទទួលបានជោគជ័យកាន់តែឆាប់រហ័ស។ លក្ខណៈសេះមង្គល គឺជាសេះដែលកំពុងរត់ ឬលោត ។ គេច្រើនដាក់តាំងរូបសេះចំនួន៨ក្បាល មានន័យថា បង្កើនភាពរហ័សរហួន និងស្ទាត់ជំនាញ ។
៤-ត្រី ៖
តំណាងឱ្យមង្គល ភាពសម្បូរបែប និងគង់វង្ស ។ ម្យ៉ាងទៀត ត្រីសំដៅលើផលកម្រៃ ឬផលប្រយោជន៍ និងការសម្រេចក្តីប្រាថ្នារបស់អ្នកក្នុងការប្រកបមុខជំនួញផងដែរ ។
*ផ្កាឈូក ៖ មានន័យថា មានអ្វីគ្រប់យ៉ាង និងគ្រប់កន្លែងទាំងអស់ ។
*ត្រីមាស ៖ បើតាមជនជាតិចិន មានន័យថា មានមាសហូរហៀរ ។ ត្រីមាស ត្រូវបានគេយកទៅធ្វើជាអំណោយសំខាន់ជូនគ្នាទៅវិញទៅមកក្នុងថ្ងៃមង្គលផ្សេងៗ ។
៥-ដំរី ៖
ជាសត្វដែលមានរូបរាងខ្ពស់ហើយធំ មាននិស្ស័យជាមិត្ត និងមិនមែនជាសត្វសាហាវនោះទេ ។ ក្រៅពីដំរីជាសត្វដែលស៊ីធញ្ញជាតិជាអាហារ វាក៏មិនគំរាមដល់សត្វផ្សេងៗទៀតក្នុងលោកដែរ ។ បើនិយាយបែបហុងស៊ុយ គឺតំណាងឱ្យទីខ្ពស់ ប្រៀបដូចជាភ្នំ ។
តាមហុងស៊ុយ តុធ្វើការរបស់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម គួរតែនៅជិតជញ្ជាំង ប៉ុន្តែបើសិនជាទីកន្លែងធ្វើការនោះមិនអំណោយផលទេ គួរតែអង្គុយផ្អែកនឹងបង្អួចកញ្ចក់ ហើយដាក់រូបចម្លាក់ដំរីនៅខាងក្រោយខ្នង ។
លើសពីនេះទៀត ដំរីអាចបំបែកថាមពលមិនល្អផ្សេងៗបានផងដែរ ដូចជា បន្ទប់ការិយាល័យដែលមានរូបត្រីកោណ ហើយចាំបាច់ត្រូវអង្គុយផ្អែកនឹងជ្រុងត្រីកោណនោះ មានន័យថា គ្មានភាពគង់វង្ស ក្នុងករណីនេះ អ្នកអាចយករូបចម្លាក់ដំរីមកប្រើបានដូចគ្នា ។ ក្រៅពីនេះ ដំរី គឺតំណាងឱ្យភាពជោគជ័យ សម្បូរបែបដល់ជីវិតរបស់អ្នក និងក្រុមគ្រួសារ ។
៦-ប្រើស ៖
ជាសត្វមង្គលដែលគេនិយមប្រើក្នុងរឿងហុងស៊ុយ ព្រោះគេជឿថា ប្រើសនឹងជួយឱ្យសមតាមបំណងនូវអ្វីដែលខ្លួនប្រាថ្នា និងតំណាងឱ្យការលូតលាស់ ។ ប្រសិនបើផ្ទះណាកើតរឿងរ៉ាវ ឬអ្នករស់នៅក្នុងផ្ទះឈ្លោះប្រកែកគ្នា គឺអាចប្រើរូបប្រើសនេះដើម្បីជួយឱ្យបញ្ហាទាំងឡាយស្ងប់ស្ងាត់បាន ។ ចំណែកទីតាំង គឺមិនគួរដាក់បែរមុខចេញពីមុខផ្ទះឡើយ អ្នកគួរដាក់វាបែរមុខចូលផ្ទះវិញ ព្រោះប្រើសនឹងអាចនាំយករឿងល្អចូលផ្ទះបាន ។
៧-ក្រៀល ៖
ចាត់ទុកថា ជាសត្វមង្គលមានអត្ថន័យល្អ ។ ការយកសត្វក្រៀលមកតុបតែងផ្ទះ នឹងជួយឱ្យអ្នកមានអាយុយឺនយូរ សុខភាពរឹងមាំ តួនាទីការងារស្ថិតស្ថេរ និងជំរុញឱ្យការរៀនសូត្រឈ្លាសវៃ ។ ម្យ៉ាងទៀត នឹងជួយឱ្យសមាជិកក្នុងគ្រួសារ (អាយុច្រើន) មានសុខភាពរាងកាយមាំមួន ។ ប្រសិនបើមានអ្នកឈឺ នឹងអាចជាសះស្បើយឆាប់ៗ ។ រីឯមនុស្សវ័យធ្វើការក្នុងគ្រួសារ នឹងមានតួនាទីការងារល្អ រលូន គ្មានឧបសគ្គ ៕
ចែករំលែកព័តមាននេះ