ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនមួយ ដាក់លូចោលកណ្តាលផ្លូវ បង្កគ្រោះថ្នាក់​ដល់អ្នកដំណើរ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ បាន​ជួបគ្រោះថ្នាក់ចរាចរណ៍ បង្ក​ឲ្យរបួសជើងម្ខាង និងម៉ូតូខ្ទេចមួយកំណាត់មុខ ដោយសារជិះម៉ូតូបុកលូរបស់ក្រុមហ៊ុនមួយ ដែល​ទុកចោលកណ្តាលផ្លូវ ហើយគ្មានស្លាកសញ្ញាចរាចរណ៍ ឬ​ភ្លើង​បំភ្លឺ​។ ករណីនេះ…

បន្ទាយមានជ័យ៖ បុរសម្នាក់ បាន​ជួបគ្រោះថ្នាក់ចរាចរណ៍ បង្ក​ឲ្យរបួសជើងម្ខាង និងម៉ូតូខ្ទេចមួយកំណាត់មុខ ដោយសារជិះម៉ូតូបុកលូរបស់ក្រុមហ៊ុនមួយ ដែល​ទុកចោលកណ្តាលផ្លូវ ហើយគ្មានស្លាកសញ្ញាចរាចរណ៍ ឬ​ភ្លើង​បំភ្លឺ​។

ករណីនេះ បានកើតឡើង នៅចំណុចផ្លូវបេតុងមួយ ក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត កាលពី​យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២។

ជនរងគ្រោះ ឈ្មោះ លី វុទ្ធា អាយុ ៣៨ឆ្នាំ ជាសន្តិសុខសណ្ឋាគារ និងមានទីលំនៅ ក្នុង​ភូមិប្រជាធម្ម​កើត​សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះ រងរបួសជើងស្តាំ ដោយគេសង្ស័យថា បាក់ភ្លៅ។

ជនរងគ្រោះ បាន​បើកបរម៉ូតូ ម៉ាកសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-5046 ក្នុង ទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុ ដោយសារ​មេឃងងឹត ក៏​បានបុកលូ ដែល​ក្រុមហ៊ុនមួយ ទុកចោល​កណ្តាលផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសតែម្តង។ ជនរងគ្រោះ ត្រូវបាន​អ្នកស្រុក​នាំគ្នាលើកដាក់ផាស់អាប់ ដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខណៈម៉ូតូរបស់​រងគ្រោះ ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត។

ដោយឃើញហេតុផលផ្ទាល់ភ្នែកនេះ អ្នកស្រុកបានលើកឡើងថា ក្រុមហ៊ុន មិនគួរដាក់លូចោលកណ្តាលផ្លូវ គ្មានភ្លើងបំភ្លឺ ឬសញ្ញាចរាចរណ៍​ដូចនេះឡើយ។

អ្នកស្រុកលើកឡើងទៀតថា ករណីបែបនេះ មិនមែនជាលើកទី១ទេ កន្លងមក ក៏​មានយានយន្តជួបគ្រោះថ្នាក់​ស្មានមិនដល់បែបហ្នឹង ជាញឹកញយផងដែរ។

អ្នកស្រុក បានសំណូមពរដល់ក្រុមហ៊ុន ដែលអភិវឌ្ឍន៍ផ្លូវនានា នៅក្រុងប៉ោយប៉ែត ក៏​ដូចជា កន្លែងផ្សេង​ៗ​ មេត្តាដាក់សញ្ញាចរាចរណ៍​ឲ្យបានត្រឹមត្រូវផង តាមទីតាំង ដែលកំពុងអភិវឌ្ឍន៍ ឬទើបអភិវឌ្ឍន៍ហើយដើម្បី​បញ្ចៀសបញ្ហាចរាចរណ៍ កុំឲ្យកើតមានជាយថាហេតុ ដូចករណីខាងលើទៀត។

ជុំវិញករណីនេះ ខាងក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធ មិនអាចរកការបំភ្លឺបានទេ ខណៈអាជ្ញាធរភូមិមិត្តភាព អះអាងថា មិនស្គាល់ឈ្មោះក្រុមហ៊ុនដាក់លូនោះទេ និងប្រាប់ថា លូដែលគេដាក់ចោលកណ្តាលផ្លូវនេះ កើតមានមួយរយៈមកហើយ៕ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ