ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ជា​ឧស្សាហកម្ម​មាន​តម្លៃបន្ថែម​ខ្ពស់​ផ្តើម​អនុវត្ត​ពី​ពេល​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ចាប់ពី​ពេល​នេះ​ទៅ​កម្ពុជា នឹង​អនុវត្ត «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» ​។ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ…

រាជធានីភ្នំពេញ​ ៖ ចាប់ពី​ពេល​នេះ​ទៅ​កម្ពុជា នឹង​អនុវត្ត «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» ​។ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ជា​ឧស្សាហកម្ម​មួយ​ដែល​មាន​ចីរភាព​បរិស្ថាន មាន​ភាព​ធន់ មាន​តម្លៃបន្ថែម​ខ្ពស់ ដោយ​ផ្តោត​ទៅ​លើ​ផលិតផល​ថ្លៃ​ខ្ពស់​ និង​មាន​លក្ខណៈ​ពិសេស មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ​។

ក្នុង​ពិធី​ផ្សព្វផ្សាយដាក់ឱ្យ​អនុវត្ត​ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» ​នេះ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ឯកសារ​គោលនយោបាយ​នេះ នឹង​ក្លាយទៅជា​ផែនទី​បង្ហាញផ្លូវ​ក្នុង​ការ​តម្រង់ផែនការ​សកម្មភាព​របស់​ក្រសួង​ស្ថាប័ន ក្នុង​ការ​កំណត់​នូវ​ចក្ខុវិស័យ​រួម សំដៅ​ផ្លាស់​ប្តូរ​វិស័យ​នេះ​ឱ្យទៅជា​ឧស្សាហកម្ម​មួយ​ដែល​មាន​ចីរភាព​បរិស្ថាន មាន​ភាព​ធន់ មាន​តម្លៃបន្ថែម​ខ្ពស់ ដោយ​ផ្តោត​ទៅ​លើ​ផលិតផល​ថ្លៃ​ខ្ពស់ ​និង​មាន​លក្ខណៈ​ពិសេស មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ច​មុន​ដំណាច់ឆ្នាំ​ ២០២៧ ​។

វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​ការ​បូ​ប បាន​ដើរតួរ​ជា​ចន្ទល់​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ចាប់តាំងពី​ទស្សវត្សរ៍​ឆ្នាំ ​១៩៩០​ ។ លោក អ៊ិ​ត សំ​ហេង បានឱ្យដឹង​ថា វិស័យ​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​រោងចក្រ​ចំនួន ៦៤ ដែល​មាន​កម្មករនិយោជិត​ចំនួន​ប្រមាណ ៨ ​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ​ ១៩៩៧ ប៉ុន្តែ​បច្ចុប្បន្ន​បាន​កើនឡើង​ជាង​ ១២០០ ​រោងចក្រ ដែល​មាន​កម្មករនិយោជិត​ប្រមាណ ​៨០ ​ម៉ឺន​នាក់ ប្រាក់​ឈ្នួល​អប្បបរមា បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​កើន​ពី​ ៤០ ដុល្លារ​អាម៉េរិក នៅ​ក្នុង​ឆ្នាំ​ ១៩៩៧ ដល់ ១៩៤ ដុល្លារ​អាម៉េរិក សម្រាប់​ឆ្នាំ​ ២០២២ ហើយ​បើ​បូក​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ កម្មករនិយោជិត​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ចន្លោះ​ពី ២១១ ដុល្លារ​អាម៉េរិក ដល់ ២២២ ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​ ។ ជា​រួមមាន​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាង​ហោច​ណាស់​ពី ​២,៥​ លាន ទៅ ​៣ ​លាន​នាក់ ដែល​អាស្រ័យ​ផល​ពី​វិស័យ​នេះ ​។

លោក ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែក ជើង និង​កាបូប​កម្ពុជា​» នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​គួប​ផ្សំ​ និង​បំពេញ​ឱ្យ​គ្នា​យ៉ាង​ល្អ​បំផុត​ជាមួយនឹង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សម្រាប់​ឆ្នាំ ​២០១៩-២០២៣ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២១​ កន្លង​ទៅ ​។ លោក​ថា ក្រសួងពាណិជ្ជកម្ម​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​សហការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក និង​លើកកម្ពស់​វិស័យ​ទាំង​បី ដើម្បី​អាច​បូក​តម្លៃបន្ថែម​ទៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ក្នុង​តំបន់​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា​ការ​ដាក់​ឱ្យ​អនុវត្ត​ឯកសារ​យុទ្ធសាស្ត្រ​សម្រាប់ វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង កាបូប​កម្ពុជា នេះ ជា​កិច្ចការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិ បាលកម្ពុជា ដើម្បី​ផ្ដល់​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ភាគី​ពាក់ព័ន្ធ​រួម​គ្នាជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កាត់ដេរ​ ។ ​លោក​បាន​បន្ត​ថា «​ក្នុង​រយៈពេល​មធ្យម និង​វែង​ វិស័យ​កាត់ដេរ​នឹង​នៅ​តែ​បន្ត​ជា​ចន្ទល់​កំណើនសេដ្ឋកិច្ច​មួយ ប្រកប ដោយ​សក្ដានុពល តាម​រយៈ​ការ​ពង្រីក និង​ពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​ក្នុងស្រុក​សម្រាប់​ការ​នាំ​ចេញ និង​ការ​ចូលរួម​ត​ភ្ជាប់​សេដ្ឋកិច្ចជាតិ ទៅ​នឹង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​តំបន់ និង​សកល​ ដោយ​ឈរ​លើ​កត្តា​ឧត្តមភាព​ប្រកួតប្រជែង​មួយ​ចំនួន ជា​ពិសេសប្រាក់​ឈ្នួល និងថ្លៃ​ផលិតកម្ម​ប្រកួតប្រជែង ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម និង​បរិយាកាស វិនិយោគ​អំណោយផល​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ