ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទអង្គរវត្ត

2 ឆ្នាំ មុន
  • សៀមរាប

នា​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ដឹង​ថា បាតុភូត​ធម្មជាតិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​គេ​ហៅ​ថា «​សម​រាត្រី » ន័យ​សាមញ្ញ គឺ​រយៈពេល​ថ្ងៃ និង​យប់​ស្មើគ្នា ត្រូវ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទអង្គរវត្ត​ដែល​គេ​អាច​មើលឃើញ​ច្បាស់​ពី​គុក​តា​រាជ

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ដឹង​ថា បាតុភូត​ធម្មជាតិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​គេ​ហៅ​ថា «​សម​រាត្រី » ន័យ​សាមញ្ញ គឺ​រយៈពេល​ថ្ងៃ និង​យប់​ស្មើគ្នា ត្រូវ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទអង្គរវត្ត​ដែល​គេ​អាច​មើលឃើញ​ច្បាស់​ពី​គុក​តា​រាជ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២​។

លោក អ៊ឹម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២២ ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត នៃ​សម​រាត្រី​ខែមីនា​នេះ នឹង​ត្រូវ​ចំ​ថ្ងៃ​ទី​២១ ខែមីនា នៅ​វេលា​ប្រហែលជា​ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ដែល​ជា​ព្រឹត្តិការណ៍​យ៉ាង​ពិសេស​មួយ ។

អ្នក​បុរាណ វិទូ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទអង្គរវត្ត សម្រាប់​ឆ្នាំ​២០២២ នេះ​អាច​កើត​មាន​២​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​២១ ខែមីនា​ម្ដង ហើយ​អាច​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា នឹង​កើត​មាន​ម្ដងទៀត ។

អ្នកជំនាញ​ពន្យល់​ថា សម​រាត្រី គឺជា​ពេលវេលា​រវាង​ពេល​ថ្ងៃ និង​ពេល​យប់ ឲ្យ​មាន​រយៈពេល​ស្មើគ្នា ដោយ​ខុស​ពី​ខែ​ធម្មតា​ខ្លះ រយៈពេល​យប់​វែង​ជាង​ពេល​ថ្ងៃ ឬ​ក៏​រយៈពេល​ថ្ងៃ វែង​ជាង​យប់​នោះ គឺជា​ព្រឹត្តិការណ៍​ទូទៅ​របស់​ផែនដី​ដែល​តែងតែ​កើត​មាននៅ​ក្នុង​ពិភពលោក ។ ក៏​ប៉ុន្តែ​សម្រាប់​ប្រាសាទអង្គរវត្ត ដែល​មាន​ព្រឹត្តិការណ៍​សម​រាត្រី​កើតឡើង​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ វា​គឺជា​លក្ខណៈ​ពិសេស របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់ ប្រាសាទ​ទុក​មុន​ជា​ស្រេច ដោយ​បំណង​តម្រូវ​តាម​បាតុភូត​ធម្មជាតិ​ឲ្យ​ប្រាសាទ អង្គរវត្ត​បង្កើត​ជា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​ឡើង ។

លោក អ៊ឹម សុខ​រិ​ទ្ធី ឲ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​របស់​បុព្វបុរស​ខ្មែរ តម្រូវ​តាម​បាតុភូត​ធម្មជាតិ ឲ្យ​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទ អង្គរវត្ត​នេះ​ទៅ​បាន គឺ​ត្រូវ​គិតគូរ​តាំងពី​រឿង​ស្ថាបត្យកម្ម ការ​រៀបចំ​ដីធ្លី​ការ​គន់គូរ​តាម​គណិត​វិទ្យាការ​គិតគូរ​ពី​ដំណើរ​តារាសាស្ត្រ ព្រមទាំង​រួម​ផ្សំ​ជាមួយ​ជំនឿ​ផង ដែល​អាច​និយាយ​បាន​ថា ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទអង្គរវត្ត ប្រហែលជា​អច្ឆរិយ​នេះ កើត​មាន​តែ​នៅ​លើ​ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ ចំណែកឯ​សំណង់​បុរាណ​ជា​ច្រើន នៅ​លើ​ប្រទេស​ដទៃ​ទៀត ក្នុង​ពិភពលោក គឺ​មិន​អាច​រៀបចំ​ដូច្នេះ​បាន​ទេ​។

ថ្វី​ត្បិត​តែ​ក្នុង​១​ឆ្នាំ​ៗ ព្រឹត្តិការណ៍​ពិសេស​សម​រាត្រី និង​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត អាច​កើតឡើង​ក្នុង​១​ឆ្នាំ​២​ដង​ក្តី ក៏​ប៉ុន្តែ​បាតុភូត​នោះ​កើតឡើង​មិន​ដូច​គ្នា​ទេ ។ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំ​កំពូល​នៃ​ប្រាសាទ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា​នេះ យើង​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​អញ្ជើញ​ទៅ​ទស្សនា និង​ផ្តិត​យក​រូបភាព​នៃ​ព្រឹត្តិ​ការណ៍​នេះ ប្រមាណ​ជាង​១​ម៉ឺន​អង្គ​/​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​បាន​និមន្ត​ទៅ​ធ្វើ​ពិធី​ប្រោះ​ព្រហ្ម សុំ​នូវ​សេចក្តីសុខ និង សុំ​ឲ្យ​ប្រទេស​កម្ពុជា​យើង ជួប​នូវ​តែ​សុខ​សន្តិភាព​ជា​រៀង​រហូត​ទៅ​អនាគត ។

ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​រះ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ មានការ​ខកបំណង​របស់​ខ្លួន ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ធ្វើ​ឲ្យ​ថ្ងៃ​រះ​បិទ​បាំង​ដោយ​ផ្ទាំង​ពពក ដែល​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​មើល​មិនឃើញ​បាន​ច្បាស់​ដូច​ពេល​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ