រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទោះបីមួយរយៈចុងក្រោយនេះការប្រើប្រាស់ប្រាក់រៀលមានការកើនឡើង តែពលរដ្ឋនៅជនបទជាអ្នកបានចាយរូបយវត្ថុជាតិច្រើនជាងអ្នកទីក្រុង ។ លោកស្រី ជាសិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិជាតិនៃកម្ពុជា នៅក្នុងកម្មវិធីទិវាប្រាក់រៀលខួបលើកទី ៤២ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ – ២០ ខែមីនា ឆ្នាំ ២០២២ បានលើកឡើងថា ជាទូទៅតាមការធ្វើអង្កេតរបស់ធនាគារជាតិនៃកម្ពុជា ការប្រើប្រាស់ប្រាក់រៀលច្រើនមាននៅតាមជនបទ ។
លោកស្រីបញ្ជាក់ថា «បើទោះបីនៅនៅទីប្រជុំជនការប្រើប្រាស់ប្រាក់ដុល្លារនៅមានចំនួនច្រើនក្តី ក៏ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ គឺការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិក ពិសេសនៅក្នុងប្រព័ន្ធបាគងដែលធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ឃើញថា មានការទូទាត់ជាប្រាក់រៀលកាន់តែច្រើនឡើងៗ ។
អគ្គនាយកបញ្ចេកទេសនៃធនាគារជាតិជាតិនៃកម្ពុជា សម្តែងក្តីសង្ឃឹមថា តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគង ឬប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះនឹងធ្វើឱ្យការទូទាត់ប្រាក់រៀលកាន់តែងាយស្រួល ព្រោះប្រជាជនបច្ចុប្បន្ន តែងតែរអ៊ូថា កាន់ប្រាក់រៀលទៅចាយច្រើន ឬមានលេខសូន្យច្រើនពិបាករាប់ជាដើម ។ ចំណុចទាំងនេះ ខាងធនាគារជាតិនៃកម្ពុជា បានព្យាយាមធ្វើយ៉ាងណាឱ្យមានក្រដាសប្រាក់ថ្មី និងមានភាពទាក់ទាញជាងមុន ។
គិតត្រឹមត្រីមាសទី ៤ ក្នុងឆ្នាំ ២០២១ ប្រតិបត្តិការនៅក្នុងប្រព័ន្ធបាគងមានចំនួន ៣,៤ លានប្រតិបត្តិការ ហើយបើគិតជាទំហំទឹកប្រាក់មានប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក ហើយប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា មានអ្នកប្រើប្រាស់រហូតដល់ជិត ៨ លាននាក់ ។
លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារនៃធនាគារ អេស៊ីលីដា បានឱ្យដឹងថា ជាទូទៅធនាគារ អេស៊ីលីដាតែងតែលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈនៃការបញ្ចេញឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនជាប្រាក់រៀល ហើយនៅក្នុងប្រព័ន្ធអេឡិចត្រូនិករបស់ខាងធនគារក៏មានពីរគណនីដែរ គឺគណនីប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដែលមានគោលបំណង គឺលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ។
លោកថា បើសិនជាអតិថិជនដាក់ប្រាក់បញ្ញើរជាប្រាក់រៀលនៅធនាគារ គាត់នឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងប្រាក់ដុល្លារអាមេរិក ហើយនេះគឺជាការចូលរួមចំណែកលើកស្ទួយប្រាក់រៀល ។ លើសពីនេះអេស៊ីលីដា បានបំពាក់ម៉ាស៊ីន ATM នៅគ្រប់ខេត្តក្រុងជាង ១០០០ គ្រឿង ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការដាក់លុយរៀល ។
លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បាននិយាយថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការរបស់ប្រាក់រៀលនៅក្នុងការប្រើប្រាស់ ។
លោកថា ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជនផងដែរ ដែលបញ្ហានេះនឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទូទៅ ។
លោកស្រី ជា សិរី អគ្គនាយកបញ្ចេកទេសនៃធនាគារជាតិជាតិនៃកម្ពុជា ថា ការប្រើប្រាស់ប្រាក់រៀលកើនឡើងវាបង្ហាញពីមោទនភាពជាតិ កាលណាមានការប្រើប្រាស់ប្រាក់រៀលច្រើនធ្វើឱ្យធនាគារជាតិនៃកម្ពុជា មានលទ្ធភាពធ្វើគោលនយោបាយរូបីយវត្ថុកាន់តែច្រើន ៕
ចែករំលែកព័តមាននេះ