ប្រទេសវៀតណាម ៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានកំណត់ដេញថ្លៃការនាំចូលស្ករសត្រឹម៨ម៉ឺន៥ពាន់តោននៅឆ្នាំនេះ បន្ទាប់ពីមានការបញ្ចុះបញ្ចូលពីសមាគមស្ករសនិងអំពៅរបស់វៀតណាម ។
ក្រសួងនេះកំពុងទទួលយកលិខិតស្នើសុំដេញថ្លៃរហូតដល់ថ្ងៃទី១ កញ្ញា នៅទីក្រុងហាណូយ សម្រាប់ការដេញថ្លៃដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧ កញ្ញា ។
ក្រុមហ៊ុនស្ករសត្រូវបានអនុញ្ញាតឱ្យដេញថ្លៃសម្រាប់ការនាំចូលស្ករសដែលមិនទាន់ចម្រាញ់ចំនួន៤ម៉ឺនតោន ខណៈដែលក្រុមហ៊ុនអាហារ ភេសជ្ជៈ និងក្រុមហ៊ុនផលិតផ្សេងទៀតអាចដេញថ្លៃស្ករចម្រាញ់រួចចំនួន៤ម៉ឺន៥ពាន់តោន។ រដ្ឋាភិបាលនឹងរ៉ាប់រងចំពោះភាពខុសគ្នារវាងបរិមាណ និងតម្លៃដេញថ្លៃនេះ ។
កន្លងមក នៅពេលដែលកូតាប្រចាំឆ្នាំត្រូវបានគេប្រកាស ក្រុមហ៊ុនជាច្រើនអាចដាក់ពាក្យ និងទទួលបានអាជ្ញាប័ណ្ណដោយគ្មានការដេញថ្លៃ។ ក្រុមហ៊ុនជាច្រើនបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងសម្រាប់ការទទួលបានអាជ្ញាប័ណ្ណ ដោយសារស្ករសនាំចូលតែងមានតម្លៃថោកជាងផលិតផលក្នុងស្រុក ។
សមាគមស្ករស និងអំពៅរបស់វៀតណាមបានលើកឡើងថា យន្តការនៃការដាក់ដេញថ្លៃនេះ គឺមិនយុត្តធម៌ឡើយ ។ តម្លៃស្ករសនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គឺស្មើនឹង៧.០០០-៧.៥០០ដុងក្នុង១គីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមេសា ។
ក្រសួងកសិកម្មបានឱ្យដឹងថា ទិន្នផលស្ករសនៅឆ្នាំនេះបានធ្លាក់ចុះ១២,៧% ពោលគឺមានចំនួន១,២៤លានតោន ដោយសារតែគ្រោះរាំងស្ងួតកាលពីដើមឆ្នាំ ដែលនាំឲ្យដំណាំអំពៅរងការខូចខាតប្រហែល៧% ៕
ចែករំលែកព័តមាននេះ