ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និង​កូនសិស្ស​ចំនួន​៣៧​អង្គ​/​នាក់ បាន​ពុល​ចំណីអាហារ បណ្តាល​ឲ្យ​ចុកពោះ ក្អួតចង្អោរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ …

ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និង​កូនសិស្ស​ចំនួន​៣៧​អង្គ​/​នាក់ បាន​ពុល​ចំណីអាហារ បណ្តាល​ឲ្យ​ចុកពោះ ក្អួតចង្អោរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ និង​ខ្លះ​ទៀត​កំពុង​តែ​សម្រាក​នៅ​មណ្ឌល​សុខភាព ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​វត្ត​បារាយណ៍ ស្ថិត​ក្នុងភូមិ​បារាយណ៍ ឃុំ​បារាយណ៍​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​នេះ បាន​ធូរស្រាល​ហើយ និង​ត្រៀម​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​យក​បាញ់ហយ​មក​ប្រគេន​ព្រះសង្ឃ​ម្តង​រួច​មក​ហើយ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩​សីហា ក៏​បាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ឆាន់​ម្តងទៀត ក្រោយមក​ស្រាប់តែ​មាន​អាកា​រៈ​ចុកពោះ និង​ក្អួតចង្អោរ​ជា​បន្ត​បន្តបន្ទាប់ រហូត​ដល់​ទៅ​៣៧​អង្គ​/​នាក់ ក្នុង​នោះ​មានកូន​សិស្ស​២​នាក់​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​បន្ត​ទៀត​ថា ចំពោះ​ព្រះសង្ឃ​ដែល​ពុល​មាន​លក្ខណៈ​ធ្ងន់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ចំណែក​ព្រះសង្ឃ​ផ្សេង​ៗ​ទៀត​មិន​បាន​មក​ដោយសារ​តែ​មាន​លក្ខណៈ​ស្រាល ត្រូវ​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​បារាយណ៍ គឺ​បាន​ប្រឹងប្រែង​សង្គ្រោះ​ដោយ​បន្តោង​សេរ៉ូម​ដើម្បី​បន្សាប​ជាតិពុល ។

ចំពោះ​ការ​ពុល​ចង្ហាន់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​មក​ពី​សម្ល​ស្ងោរ​ស្ពៃជ្រក់ ដែល​គេ​ដាំ​ហើយ​បាញ់ថ្នាំ នៅ​ពេល​ដែល​ពលរដ្ឋ​យក​មក​ស្ល​មិន​បាន​លាង​ឲ្យ​ស្អាត​ល្អ ទើប​ជា​ហេតុ​បង្ក​ឲ្យ​មាន​បាតុភាព​ពុល​ក្អួតចង្អោរ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ តែ​សំណាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេល ។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​នេះ ព្រះសង្ឃ​ដែល​ពុល​ចង្ហាន់​ទាំងនោះ​បាន​ធូរស្រាល​ច្រើន​ហើយ និង​ត្រៀម​វិល​ត្រឡប់​មក​គង់នៅ​វត្ត​វិញ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​ដែល​មន្ត្រី​ជំនាញ​សុខាភិបាល​ស្រុក​ស្រី​សន្ធរ​ចុះ​ទៅ​ពិនិត្យ​នោះ​ឃើញ​ថា ការ​ពុល​បណ្តាល​មក​ពី​ស្ងោរ​ស្ពៃជ្រក់ បញ្ហា​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ​ទាន់​ពេលវេលា គឺ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​ព្រះសង្ឃ​រួច​ហើយ​ក៏​មាន​កម្លាំង​ឡើង​វិញ និង​មិន​មាន​ក្តី​កង្វល់​ទៀត​ទេ ៕