ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​គោរព​ច្បាប់​! ពាក់​កណ្តាលខែ​នេះ​គ្រាន់តែ​អប់រំ តែ​ចុងខែ​នឹង​អនុវត្ត​ច្បាប់​ដល់​អ្នកបើកបរ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង នៅ​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ នា​ពេល​យប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង នៅ​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ នា​ពេល​យប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ដង​ផ្លូច​ជាតិ​លេខ​៥ ក្រុង​កំពង់ឆ្នាំង ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ៖ ដោយ​អនុវត្ត​តាម​ផែនការ​របស់​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ស្ដី​ពី​ការ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​នា​ពេល​យប់ មន្ត្រី​នគរបាល​របស់​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ចាប់​អនុវត្ត​ត្រួតពិនិត្យ​តាម​គោលដៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ក្នុង​ក្រុង​លើ​បទល្មើស​របស់​រថយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដូច​ជា​៖ រថយន្ត​បំពាក់ និង​តុបតែង​ភ្លើង​បំភ្លឺ​ខុស​លក្ខណៈ​បច្ចេកទេស​, រថយន្ត​ដែល​ដឹក​ទំនិញ​សំពីងសំពោង​, រថយន្ត​ត​ទ្រុង និង​កែ​ខុស​បច្ចេកទេស​, រថយន្ត​ដឹក​លើស​ចំណុះ​, រថយន្ត​បើកបរ​ល្បឿន​លឿន​ហួសកំណត់ និង​អ្នកបើកបរ​រថយន្ត​ផ្ទុក​ដោយ​គ្រឿង​ស្រវឹង​ជាដើម ។

លោក​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា​៖ នេះ​ជា​ជំហាន​ទី​១ ដោយ​អនុវត្ត​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ហើយ​រាល់​បទល្មើស​ទាំងអស់​មាន​ដូច​ជា ដឹក​លើស​ចំណុះ រថយន្ត​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​ណែនាំ​អប់រំ និង​ដោះ​ចេញ​នៅ​នឹង​កន្លែង (​ត្រួតពិនិត្យ​) តែ​ម្ដង​។ សម្រាប់​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ត្រូវ​ឃាត់​ទុក​មួយ​យប់ និង​ព្រឹក​បន្ទាប់​អប់រំ​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ដោយឡែក​ជំហាន​ទី​២ នៅ​ស​ប្តា​ហ៍​ក្រោយ (​ប្រហែល​ថ្ងៃ​២៤ ឬ​២៥​ខែមីនា នឹង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​រាល់​រថយន្ត​មាន​បទល្មើស​ដូច​បាន​រៀបរាប់​ខាងលើ ។

លោក​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​បាន​បន្ថែម​ទៀត​ថា​៖ ការ​អនុវត្ត​បែប​នេះ គឺ​ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍ ចៀសវាង​ការ​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ការ​បើកបរ​ដោយ​គ្រឿង​ស្រវឹង​, ការ​បើកបរ​ដោយ​ហួស​ល្បឿន​កំណត់​, ការ​បើកបរ​ដោយ​ផ្ទុក​សំពីងសំពោង និង​លើស​ចំណុះ ខុស​បច្ចេកទេស​ជាដើម​។

ជាមួយ​គ្នា​នេះ លោក​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​បាន​អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ សូម​មេត្តា​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​តែង​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ