ខេត្តមណ្ឌលគិរី ៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការ WWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថា ពួកគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន ០៨ ក្បាល (Asian elephant ) Elephas maximus ខណៈពេលដែលពួកគេបានចុះតាមដាន និងកត់ត្រាទិន្នន័យបន្ទាត់ត្រង់សិក ។
ការសិក្សាស្រាវជ្រាវនេះ នៅក្នុងដែនជម្រកធម្មជាតិ នៃតំបន់ស្រែពក ដែសកម្មភាពតាមដានសិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ី នៃគម្រោងកាំប៉ាស (CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយមានការរួមថវិការបន្ថែមពីអង្គការWWF ។
ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញ នៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយ ដែលអ្នកវិទ្យាសាស្ត្រ ធ្លាប់បានប្រមូលលាមក និងដានជើងរបស់វា កាលពីអំឡុងរដូវប្រាំង ឆ្នាំមុន។
ហ្វូងសត្វដំរីទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹង ដោយ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ។
ដំរីអាស៊ី ជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក ។ ដំរីនៅអាស៊ី ត្រូវបានគេចាត់ថ្នាក់ នៅក្នុងបញ្ជីឧបសម្ព័ន្ធ នៃអនុសញ្ញាសាយតេស ។
ភិនភាគ ៖ ដំរីជាប្រភេទសត្វចតុបាទ ដែលមានមាឌធំជាងគេបំផុត ។ វាមានប្រមោយវែង មានស្បែកកក្រាស់ ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀក មានរាងដូចផ្លិត តែស្តើង ដំរីមានក្រចកម្រាមជើង១៨ គឺនៅជើងមុខ នីមួយៗ មានក្រចកម្រាមជើង៥ ឯក្រចកជើងក្រោយនីមួយៗ មានម្រាម៤ តែក៏មានដំរីខ្លះ មានក្រចកម្រាមជើងដល់ទៅ២០ដែរ ។ ដំរីញី មានភ្លុក “ចែ” ដែរ តែវាមិនបញ្ចេញឲ្យឃើញច្បាស់ ដូចដំរីឈ្មោលពេញវ័យទេ ។ ភ្លុកដំរីធំ ឈ្មោលមួយចំនួន មានប្រវែងរហូតដល់ទៅ១ម៉ែត្រ ។ ដំរីនៅតំបន់អាស៊ីខុស ពីដំរីនៅតំបន់អាហ្វ្រិក ដោយសារមាឌ និងស្លឹកត្រចៀកមានទំហំតូចជាង ។ ដំរីអាស៊ី មានខ្នងស្ទើររាបស្មើ ឯដំរីអាហ្វ្រិកមានខ្នងកោង ជាទួលខ្ពស់ឡើងលើ ។
ជីវសាស្ត្រ ៖ ដំរីច្រើន រស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម ។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក ។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសំបូរទឹក) ។ ដំរី ច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ) ។ ដំរីមេ អាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេង នៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាង ហូរចេញពីរន្ធមួយ នៅចន្លោះត្រចៀក និងភ្នែក ដែលជាទូទៅ នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ។
រប៉ាយរស់នៅ ៖ ដំរីមានតិចតួច នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់មួយចំនួន ដូចជាភូមិភាគឦសាន និរតី និងភូមិភាគខាងជើង ។ ដំរីមានរប៉ាយ នៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេហ៍ កោះស៊ូម៉ាត្រា និងនៅភាគខាងជើង នៃកោះបរណេអូ ។ ចំនួនសត្វដំរី បានថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក ។
សូមអរគុណដល់មន្រី្ត ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើស ធនធម្មជាតិ និងក្រុមសិក្សាស្រាវជ្រាវជីវៈចម្រុះ ដែលការពារថែរក្សាធនធានធម្មជាតិ ជាពិសេសសត្វព្រៃ ដែលកម្រ និងជិតផុតពូជ អោយនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ ៕




ចែករំលែកព័តមាននេះ