បិដកភាគ៤៦ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកម្មទាំងឡាយ ។

ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ កម្មនាំឲ្យទទួលផលក្នុងនរកក៏មាន កម្មនាំឲ្យទទួលផលក្នុងកំណើតតិរច្ឆានក៏មាន កម្មនាំឲ្យទទួលផលក្នុងបេតវិស័យក៏មាន កម្មនាំឲ្យទទួលផលក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផលក្នុងទេវលោកក៏មាន ។
ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃកម្មទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច ?

ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវវិបាករបស់កម្មទាំងឡាយថាមាន៣ប្រការគឺ វិបាករបស់កម្មក្នុងបច្ចុប្បន្ន១ វិបាករបស់កម្មក្នុងអត្តភាពបន្ទាប់១ វិបាករបស់កម្មក្នុងអត្តភាពជាលំដាប់តៗទៅ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ ។

ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កម្ម តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កម្ម ព្រោះរលត់ផស្សៈ ។
មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯងជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់កម្មគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១ ។

ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវកដឹងច្បាស់នូវកម្មយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកម្មទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នានៃកម្មទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់កម្មទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្មយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្មយ៉ាងនេះហើយ អរិយសាវកនោះក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទម្លុះទម្លាយនេះថាជាសេចក្តីរលត់កម្ម ៕ សាន សារិន
ចែករំលែកព័តមាននេះ