ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី និង​ប្រេង​​ឡើងថ្លៃ​ខ្លាំង ​កសិករ​នៅ​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី​ត្អូញ​​គ្រប់​គ្នាៗ ខណៈ​ស្រូវធ្លាក់​ចុះ​ទៅ​វិញ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី បាន​ត្អូញត្អែរ​ពី​បញ្ហា​ឆ្នាំ​នេះ​ទិន្នផល​ស្រូវ​បាន​តិច​ហើយ​តម្លៃ​ស្រូវ​ចុះថោក​ទៀត ផ្ទុយ​ពី​ប្រេង និង​ជី ដែល​ប្រើប្រាស់​ក្នុង​ការ​ធ្វើស្រែ បែរជា​ឡើងថ្លៃ​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី បាន​ត្អូញត្អែរ​ពី​បញ្ហា​ឆ្នាំ​នេះ​ទិន្នផល​ស្រូវ​បាន​តិច​ហើយ​តម្លៃ​ស្រូវ​ចុះថោក​ទៀត ផ្ទុយ​ពី​ប្រេង និង​ជី ដែល​ប្រើប្រាស់​ក្នុង​ការ​ធ្វើស្រែ បែរជា​ឡើងថ្លៃ​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ។

បុរស​ឈ្មោះ យ៉ា​ន យ៉ា​ត អាយុ​៤៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ​ថា ៖ ទិន្នផល​ស្រូវ​របស់​គាត់​ឆ្នាំ​នេះ បាន​តិច​ជាង​ឆ្នាំទៅ​មិ​ញ ដោយ​១​ហិ​កតា​បាន​ត្រឹមតែ​៦០​បាវ តែ​ប៉ុណ្ណោះ ខុស​ឆ្នាំ​មុន​បាន​ដល់​ជាង​៨០​ប៉ាវ ។ នេះ​ក៏​ដោយសារ​តែ​ពួក​គាត់​មិន​បាន​ភ្ជួរ​ដាស់ដី អោយ​បាន​ត្រឹមត្រូវ​ពី​ដើមដៃ ។ ផ្ទុយ​ទៅ​វិញ បាន​ស្រូវ​តិច​ហើយ គឺ​លក់​បាន​ថោក​ទៀត ។

ជាក់ស្តែង បច្ចុប្បន្ន​នេះ​បាន​ថ្លៃ​ត្រឹមតែ​ពី​៧០០​ទៅ​៨០០​រៀល​ក្នុង​១​គីឡូក្រាម ដែល​ខុស​ពី​ឆ្នាំទៅ ១​គីឡូក្រាម​ថ្លៃ​ពី​៩០០​ទៅ​១០០០​រៀល​ក្នុង​១​គីឡូក្រាម ។

ចំណែក​ស្ត្រី​ឈ្មោះ មាន ស្រី​អូន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​បុរស​ខាងលើ​ក៏​បាន​និយាយ​ដែរ​ថា ៖ ឆ្នាំ​នេះ មូលហេតុ​ទិន្នផល​ស្រូវ​របស់​គាត់​បាន​ថយ​ចុះ​ជាង​ឆ្នាំទៅ​មិ​ញ ដោយសារ​តែ​គាត់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី ព្រោះ​មាន​តម្លៃ​ថ្លៃ​ពេក ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត ពេល​ជី​ឡើងថ្លៃ​ក៏​ងាក​មក​ប្រើ​ជី​មាន​តម្លៃ​ថោក​ទើប​គ្មាន​គុណភាព ។

ស្ត្រី​រូប​ខាងលើ​បាន​បញ្ជាក់​ថា ៖ ឆ្នាំ​នេះ ទិន្នផល​ស្រូវ​បាន​តិច តម្លៃ​ស្រូវ​ក៏​ចុះថោក ចំណែក​ប្រេង​វិញ​ឡើងថ្លៃ​រហូត ។ កាលពី​ពេល​មុន​១​កាន​(​ចំណុះ​៣០​លី​ត្រ​)​ថ្លៃ​១២​ម៉ឺន​រៀល បច្ចុប្បន្ន​ឡើង​ដល់​១៦​ម៉ឺន​រៀល ពិតជា​ថ្លៃ​ណាស់ ។ កសិករ​ធ្វើ​ស្រូវប្រាំង​ឆ្នាំ​នេះ​ខាតដើម​ហើយ​នៅ​មិន​ទាន់​គិតដល់​ថ្លៃ​ច្រូត​ផង ដែល​ថ្លៃ​ច្រូត​១​ហិ​កតា​គេ​យក​ពី​៣៥​ទៅ​៣៨​ម៉ឺន​រៀល តាម​ស្ថានភាព​ស្រូវ​ច្រូត​ស្រួល ឬ​លំបាក (​ស្រូវ​ដេក​ឬ​ស្រូវ​ឈរ​) ។ ប៉ុន្តែ​ពួក​គាត់​ជា​កសិករ បើ​ធ្វើ​ស្រូវ​ខាត​១​ឆ្នាំ ឆ្នាំ​ក្រោយ​ក៏​នៅ​ធ្វើ​ទៀត ព្រោះ​គ្មាន​មុខរបរ​ក្រៅពី​ធ្វើស្រែ​ចំការ ។

យ៉ាងនេះ​ក្តី លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​នៅ​រសៀល ថ្ងៃ​ទី​១៥ ខែមីនា​នេះ​ថា ៖ ចំពោះ​តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ថេរ​ល្អ​ណាស់ មិន​ឡើង​មិន​ចុះ​ទេ ។ តម្លៃ​ស្រូវ​ទីផ្សារ​ចុងដៃ គឺ​ពិតជា​ធ្លាក់​ត្រឹម​៨០០​រៀល​ក្នុង​១​គីឡូក្រាម​បែប​នេះ​ហើយ ឆ្នាំទៅ​ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​តម្លៃ​ស្រូវ​សម្រាប់​អ្នក​ច្រូត​ពី​ដើមដៃ​វិញ​ថ្លៃ​ពី​១​ពាន់ ទៅ​១​ពាន់​២​រយ​រៀល​ក្នុង​១​គីឡូក្រាម ។

ដោយឡែក​ចំពោះ​ទិន្នផល​ដែល​ថយ​ចុះ គឺ​ពិត​ដូចដែល​ប្រជាពលរដ្ឋ​ថា​មែន ខ្លះ​មិន​បាន​ភ្ជួរ​ដាស់ដី​ពី​ដើមដៃ ចំណែក​ខ្លះ​ទៀត​បាន​ក៏​មិន​បាន​ប្រើ​ជី​ឱ្យ​បាន​ត្រឹមត្រូវ ។ ប៉ុន្តែ​បើ​សម្រាប់​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង​វិញ ស្រូវ​ឆ្នាំ​នេះ គឺ​បាន​ល្អ ទិន្នផល​ខ្ពស់​ជាង​ឆ្នាំទៅ​មិ​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ