ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងមូយចំនួនបានថ្ងូរ និងបារម្ភពីជីវភាពនៅឆ្នាំនេះ ដោយសារទិន្នផលស្រូវធ្លាក់ចុះ ហើយតម្លៃស្រូវក៏ថោក តែផ្ទុយទៅវិញជី ប្រេងសាំង បានឡើងថ្លៃកប់ពពក ។ កសិករឈ្មោះ យ៉ាន យ៉ាត អាយុ ៤៥ ឆ្នាំ មានទីលំនៅក្នុងស្រុកជលគីរី រៀបរាប់ឱ្យដឹងថា ទិន្នផលស្រូវរបស់លោកឆ្នាំនេះបានតិចជាងឆ្នាំទៅមិញ ។ ក្នុង ១ ហិកតាបានផលត្រឹមតែ ៦០ បាវ តែប៉ុណ្ណោះ ខុសឆ្នាំមុនបានដល់ជាង ៨០ បាវ ។

បច្ចុប្បន្នប្រជាកសិករនៅតាមឃុំមួយចំនួននៃស្រុកជលគីរី ខេត្តកំពុងឆ្នាំងថា តម្លៃស្រូវមាន ៧០០ ទៅ ៨០០ រៀលក្នុង ១ គីឡូក្រាម ខុសពីឆ្នាំទៅ ១ គីឡូក្រាម កសិករអាចលក់បានថ្លៃពី ៩០០ ទៅ ១០០០ រៀល ។
ស្ត្រីឈ្មោះ មាន ស្រីអូន អាយុ ៣៧ ឆ្នាំ កសិករម្នាក់ទៀត បាននិយាយដែរថា ទិន្នផលស្រូវរបស់អ្នកស្រីក៏បានថយចុះដែរនៅឆ្នាំ ។ អ្នកស្រីថា មូលហេតុទិន្នផលស្រូវបានថយចុះជាងឆ្នាំទៅមិញ ទំនងដោយសារតែអ្នកស្រីបានកាត់បន្ថយការប្រើប្រាស់ជី ព្រោះវាមានតម្លៃថ្លៃពេក ។ កសិកខាងលើថា មិនមែនមានតែគាត់នោះទេដែលបានកាត់បន្ថយការប្រើប្រាស់ជី និងពុំមានទឹកដាក់ស្រូវឱ្យបានហូរហៀរ ពីព្រោះតែជីឡើងថ្លៃហើយប្រើងសាំងក៍៏ខ្លាំងដែលធ្វើឱ្យយកសិករខ្លះប្តូរពីការប្រើជីល្អៗ មកប្រើជីមានតម្លៃទាប ទឹកមិនគ្រប់គ្រាន់បានធ្វើឱ្យស្រូវឱ្យផលធ្លាក់ចុះ ។

មាន ស្រីអូន បានឱ្យដឹងទៀតថា មិនខុសពីកសិករខាងលើនោះទេ គឺថា ឆ្នាំនេះ ទិន្នផលស្រូវបានតិច តម្លៃស្រូវក៏ចុះថោក ចំណែកប្រេងវិញឡើងថ្លៃរហូត ។ អ្នកស្រីបញ្ជាក់ថា កាលពីពេលមុនប្រេងសាំង ១ កាន (ចំណុះ៣០ លីត្រ) ថ្លៃ ១២ ម៉ឺនរៀល តែបច្ចុប្បន្នឡើងដល់ ១៦ ម៉ឺនរៀល ។

តាមកសិករក្នុងតំបន់ខាងលើថា ការធ្វើស្រូវប្រាំងឆ្នាំនេះ ខាតដើមហើយ នោះនៅមិនទាន់គិតដល់ការចំណាយលើថ្លៃច្រូតកាត់ផង ។ ថ្លៃច្រូតកាត់បើតាមកសិករថា ក្នុង ១ ហិកតាថ្លៃពី ៣៥ ទៅ ៣៨ ម៉ឺនរៀល តាមស្ថានភាពស្រូវ និងសណ្ឋានស្រែដែលត្រូវច្រូតថា វាស្រួល ឬលំបាក ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនិយាយថា តម្លៃស្រូវឆ្នាំនេះពុំបានចុះថោកនោះទេ គឺនៅរក្សាតម្លៃថេរដដែរ ។ លោកថា តម្លៃស្រូវលើទីផ្សារចុងដៃថ្លៃ ៨០០ រៀលក្នុង ១ គីឡូក្រាម ដូចនឹងឆ្នាំកន្លងទៅដែរ ។ ប៉ុន្តែតម្លៃស្រូវសម្រាប់អ្នកច្រូតពីដើមដៃវិញបានថ្លៃពី ១ ពាន់ទៅ ១២០០ រៀលក្នុង ១ គីឡូ ក្រាម ។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា ឡែកចំពោះទិន្នផលដែលថយចុះ គឺពិតដូចដែលប្រជាពលរដ្ឋថាមែនខ្លះមិនបានភ្ជួរដាស់ដីពីដើមដៃ ចំណែកខ្លះទៀតក៏មិនបានប្រើជីឱ្យបានត្រឹមត្រូវ ។ ទោះយ៉ាងណាលោកប្រធានមន្ទីរកសិកម្មថា សម្រាប់ទូទាំងខេត្តកំពង់ឆ្នាំងវិញ ស្រូវឆ្នាំនេះ គឺបានល្អ ទិន្នផលខ្ពស់ជាងឆ្នាំកន្លងទៅ ៕

ចែករំលែកព័តមាននេះ