រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមជ្រូកកណ្តុរបានអះអាងថា ប្រភេទជ្រូកដែលមានមាឌតូចៗនេះបានកំពុងមានទីផ្សារល្អ ។ ទោះបីវាថ្លៃជាងជ្រូកធម្មតា ប៉ុន្តែឱ្យតែមានកម្មវិធីជួបជុំគ្នា ពលរដ្ឋមួយចំនួនរកតែជ្រូកកណ្តុទោះពីវាថ្លៃជាងជ្រូកធម្មតាក្តី ។
លោក គឹម សុងឈី អ្នកទីផ្សារនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ បានឱ្យដឹងថា សព្វថ្ងៃនេះអតិថិជនបានសម្រុកមកទិញប្រភេទជ្រូកកណ្តុរច្រើន អ្នកខ្លះទិញយកទៅធ្វើអាហារនៅតាមពិធី ជប់លៀងផ្សេងៗ និងអ្នកខ្លះទៀតទិញយកទៅចិញ្ចឹមបន្តនៅតាមកសិកដ្ឋាននានា ។ លោកថា កាលពីខែកុម្ភៈកន្លងទៅនេះ មានអ្នកខ្លះបានមកទិញជ្រូកកណ្តុរ ពី ១០ ទៅ ២០ ក្បាល ខ្លះទិញ ពី ៥០ ទៅ ៦០ ក្បាលពីកសិដ្ឋានរបស់លោក ។
ជ្រូកកណ្តុរចំណាយពេលប្រហែល ៣ ខែ អាចលក់ចេញបានសម្រាប់គេយកទៅធ្វើម្ហូប គឺក្នុងការចិញ្ចឹមបីខែនេះ វាអាចមានទម្ងន់ពី ពី ៩ ទៅ ១៥ គីឡូក្រាម ។ ក្នុងនោះសម្រាប់កូនជ្រូកទម្ងន់ពី ៩ ដល់ ១៣ គីឡូក្រាម មានតម្លៃ ១៥០ ដុល្លារអាមេរិក ហើយបើទម្ងន់លើសពី ២០ គីឡូក្រាមឡើងថ្លៃតែ ១០ ដុល្លារអាមេរិកប៉ុណ្ណោះ ។
អ្នកនិយមទទួលទានជ្រូកកណ្តុរអះអាងថា សាច់ជ្រូកប្រភេទនេះមានរស់ជាតិឆ្ងាញ់ បើគេអាំង និងខ្វែស្បែកវាស្រួយ ។ ពាក់ព័ន្ធនិងការចិញ្ចឹមជ្រូកកណ្តុរនេះលោក ស្រ៊ុន ពៅ ប្រធាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាយល់ឃើញថា ការចិញ្ចឹមជ្រូកកណ្តុរនឹងមានការរីកចម្រើន និងមិនមានបញ្ហាសម្រាប់កសិករខ្នាតតូច ។
លោកថា ការចិញ្ចឹមជ្រូកកណ្តុរនេះវាមានអត្ថប្រយោជន៍សម្រាប់កសិករ ហើយកសិករអាចចាប់យកអាជីពចិញ្ចឹមជ្រូកកណ្តុរនេះបានដោយសារការចិញ្ចឹមជ្រូកកណ្តុរនេះវាប្រើដើមទុនតិច និងងាយស្រួលក្នុងការចិញ្ចឹម ។ ជាក់ស្តែងនៅក្នុងខេត្តព្រៃវែងទាំងមូលភាគច្រើនពលរដ្ឋនិយមចិញ្ចឹមជ្រូកកណ្តុរ តែដោយឡែកនៅតាមខេត្តផ្សេងទៀតកសិករនៅមិនទាន់មានចំណាប់អារម្មណ៍លើការចិញ្ចឹមជ្រូកកណ្តុរនេះទេ ។ ប្រធាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជានិយាយថា បើមានការផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម ឬជំរុញឱ្យកសិករចិញ្ចឹមនោះ ការចិញ្ចឹមជ្រូកប្រភេទនេះនឹងរីកចម្រើន ។
ជាការកត់សម្គាល់ការចិញ្ចឹមជ្រូកធម្មតានាពេលបច្ចុប្បន្នបានកំពុងជួបបញ្ហាជាមួយនឹងតម្លៃចំណីឡើងថ្លៃ ហើយការឡើងថ្លៃប្រេងឥន្ទនៈក៏បានបង្ករការរំខានដល់របរចិញ្ចឹមជ្រូកដែរ ៕
ចែករំលែកព័តមាននេះ