ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេ​ដាក់​កញ្ច្រែង​រែង​ថ្ម ស្មាន​តែ​រែង​រក​មាស

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ឃុំ​ទឹកល្អក់​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ បាន​សម្ដែង​នូវ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​បានឃើញ​ឈ្មួញ​ដាក់​កញ្ច្រែង​រែង​មាន​សណ្ឋាន​ដូច​ជា

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ឃុំ​ទឹកល្អក់​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ បាន​សម្ដែង​នូវ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​បានឃើញ​ឈ្មួញ​ដាក់​កញ្ច្រែង​រែង​មាន​សណ្ឋាន​ដូច​ជា​កញ្ច្រែង​រែង​មាស​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ តែ​អាជ្ញាធរ​ថា​ជា​ការ​រុករក​រ៉ែ​ថ្ម​ក្រោម​ដី​យក​មក​កិន​លក់​សម្រាប់​ផ្គតផ្គង់​ដល់​ការ​សាងសង់​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា កញ្ច្រែង​សម្រាប់​រែង​នេះ ត្រូវ​បានដឹង​ថា គេ​យក​មក​ដាក់​ដំឡើង​ច្រើន​ខែ​មក​ហើយ​កញ្ច្រែង​នេះ​មាន​សណ្ឋាន​ដូច​ជា​កញ្ច្រែង​រែង​មាស​អុ​ី​ចឹ​ង​តែ​មិន​ទាន់​ឃើញ​មានដំណើរ​ការ​នោះ​ទេ​។

ដំបូង​ឡើយ​គេ​បានឃើញ​គ្រឿងចក្រ​មក​ឈូស​ឆាយ​ព្រៃ​លើ​ទំហំ​ជាង​២០​ហិ​កតា​ក្រោយមក​ទើប​ឃើញ​មានការ​រៀបចំ​ដាក់​កញ្ច្រែង​រែង​នេះ ទើប​បង្ក​ឲ្យ​មានការ​ងឿងឆ្ងល់​ថា ក្នុងស្រុក​គងពិសី មាន​រ៉ែ​មាស​ឬ ទើប​បានជា​មាន​ឈ្មួញ​មក​ដាក់​កញ្ច្រែង​ដើម្បី​រែង​រក​រ៉ែ​មាស ហើយ​ម្ចាស់​ទីតាំង​នេះ​ត្រូវ​បានដឹង​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​នៅ​ក្រសួងការពារជាតិ​។ ឆ្លើយ​តប​នឹង​ការ​ងឿងឆ្ងល់​នេះ​ដែរ លោក ម៉ា សាវ៉ា​ត អភិបាលស្រុក​គងពិសី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា តាម​ពិត​កញ្ច្រែង​ដែល​ប្រជាពលរដ្ឋ​បានឃើញ​នោះ មិនមែន​ជា​កញ្ច្រែង​រែង​មាស​នោះ​ទេ​គឺ ជា​កញ្ច្រែង​ដែល​គេ​រៀបចំ​ដាក់​រែង​យក​ថ្ម​ក្រោម​ដី កិន​យក​ទៅ​លក់​ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​សាងសង់​ផ្សេង​ៗ​។

លោក​អភិបាល​បន្ត​ថា ម្ចាស់​ការដ្ឋាន​នោះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​មក​ស្រុក​ដែរ ខាង​ស្រុក​បាន​សរសេរ​កំណត់​បង្ហាញ​បញ្ជូន​ទៅ​ខេត្ត និង​មន្ទីរ​រ៉ែ និង​ថាមពល​រួច​ហើយ រឿង​អនុញ្ញាត ឬ​យ៉ាងណា​នោះ ខាង​ស្រុក​មិន​បានដឹង​ឡើយ​។ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ លោក ប៊ិ​ន​ថេ​ត ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ទីតាំង​ខាងលើ​នោះ​មិនមែន​ជា​កន្លែង​រែង​រក​រ៉ែ​មាស​នោះ​ទេ​គឺ ម្ចាស់​ការដ្ឋាន​នេះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​អាជីវកម្ម​កាយ​យក​ថ្ម​ក្រោម​ដី​មក​កិន​ដើម្បី​លក់​ដូច​ថ្ម​សាងសង់​ផ្ទះ​ទូទៅ​ដូច​ថ្មភ្នំ​ដែរ​។ លោក​ប្រធាន​បន្ត​ថា ម្ចាស់​ការដ្ឋាន​នេះ​បាន​ដាក់​ពាក្យសុំ​ស្នើ​អាជ្ញាប័ណ្ណ​ទៅ​ក្រសួង​រួចរាល់​អស់ហើយ​។

លោក ឃុ​ត អាត នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ គងពិសី​បាន​ឲ្យ​ដឹង​ដែរ​ថា ខាង​លោក​មិន​ពាក់ព័ន្ធ​នឹង​រឿង​រ៉ែ​នោះ​ទេ​គឺ ខាង​លោក​នឹង​ធ្វើការ​តែ​រឿង​ឈូស​ឆាយ​ព្រៃ​តែ​ប៉ុណ្ណោះ​ព្រោះ ទីតាំង​ខាងលើ​ជាប់​នៅ​ក្នុង​គម្រប​ព្រៃ​ការពារ​ធម្មជាតិ​។ លោកនាយ​រង​សង្កាត់​បន្ត​ថា ខាង​លោក​បាន​ទាក់ទង​ទៅ​ម្ចាស់​ទីតាំង​ខាងលើ​ហើយ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​នេះ​។

តែបើ​ពិនិត្យ​ទៅ​ឃើញ​ថា​មិន​មាន​ឯកសារ​គ្រប់គ្រាន់​នោះ​ទេ ខាង​រដ្ឋបាល​ព្រៃឈើ​លោក​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់លើ​ចោទប្រកាន់​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​។ យើង​បាន​ទាក់ទង​ទៅ​លោក កៅ សៀន ម្ចាស់​ការដ្ឋាន​ខាងលើ ដើម្បី​សុំ​ការ​ពន្យល់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ តែ​ត្រូវ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដេញ​ឲ្យ​ទៅ​សួរ​អាជ្ញាធរ​ហើយ​បិទ​ទូរស័ព្ទ​តែ​ម្តង​៕