ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភស្តុ​តាង​នៃ​ការ​ហៅ​ឈ្មោះ«​ប្រាសាទបេង​មាលា​»

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទបេង​មាលា​បាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១២ តាម​រចនាបថ​អង្គរវត្ត សង់​លើ​ផៃ្ទ​ដី​រាបស្មើ​ទំហំ​១៤​ហិ​កតា (១៨១​ម៉ែត្រ​គុណ​នឹង​១៥២​ម៉ែត្រ​) មាន​កំពែង​៣​ជាន់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​អាទិទេព​

ខេត្តសៀមរាប ៖ ប្រាសាទបេង​មាលា​បាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១២ តាម​រចនាបថ​អង្គរវត្ត សង់​លើ​ផៃ្ទ​ដី​រាបស្មើ​ទំហំ​១៤​ហិ​កតា (១៨១​ម៉ែត្រ​គុណ​នឹង​១៥២​ម៉ែត្រ​) មាន​កំពែង​៣​ជាន់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម ។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នា​ទិសអាគ្នេយ៍​នៃ​ភ្នំ​គូ​លេ​ន មាន​ចម្ងាយ​៧៧​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ។

ទាក់ទង​នឹង​ឈ្មោះ​ប្រាសាទ​នេះ​វិញ អ្នកខ្លះ​ហៅ​ថា «​ប្រាសាទបឹងមាលា​»​ឯ​ខ្លះ​ទៀត​ហៅ​ថា​ប្រាសាទបេង​មាលា ។ មិន​មាន​ភស្តុ​តាង​ដាច់​ណាត់​កំណត់​ថា​ឈ្មោះ​ប្រាសាទ​នេះ​ថា​អ្វី​ឱ្យ​ប្រាកដ​នៅ​ទ្បើ​យ ដ្បិត​ឈ្មោះ​ដែល​ហៅ​មកនេះ​មិនមែន​ជា​ឈ្មោះ​ដើម​របស់​ប្រាសាទ​នេះ​ទេ គឺ​គ្រាន់តែ​ជា​ឈ្មោះ​ដែល​អ្នកស្រុក​ហៅ​តាម​មាត់​បន្ត​គ្នា​នា​សម័យ ក្រោយ​ៗ​មក ដោយ​គ្មាន​សំ​ណេ​រ​កត់ត្រា​ជា​ភាសាជាតិ​ថា​ដូច​ម្តេច​។ អ្នក​ស្រាវជ្រាវ​ជាតិ​បារាំង Louis Delaporte មក​ដល់​ប្រាសាទ​នេះ​នៅ​ឆ្នាំ​១៨៨០ ក៏​បាន​ហៅ​ប្រាសាទ​នេះ​ថា «​បឹង​មាលា​» ដោយ​មាន​ពន្យល់​ពាក្យ​ហៅ​ថា បឹង​ផ្កាឈូក​។ ការ​ពន្យល់​នេះ​ក៏​ពិបាក​យក​ជា​ការណ៍​ដែរ ។ រីឯ​ឈ្មោះ បេង​មាលា​វិញ តើ​មានការ​ពន្យល់​ដូច​ម្តេច​វិញ ?

លោក​អឹុ​ម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​អប្សរា​បាន​បង្ហាញ​ថា បើ​យើង​អាន​កំណាព្យ «​និរាស​នគរវត្ត​» របស់​កវី​មាន​ងារ​ជា​ឧកញ៉ា​សុត្ត​ន្ត​ប្រីជា ឥន្ទ នៅ​ដើម​សតវត្ស​ទី​២០ លោក​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​ថា «​បេង​មាលា​»​។ ការ​ហៅ​ដូច្នេះ​អាច​ឲ្យ​យើង​រក​មូលហេតុ​មក​ពន្យល់​បាន​ខ្លះ ។ កាលពី​ជិត​១០​មុន មាន​វត្ត​បុរាណ​មួយ​សាង​ក្នុង​បរិវេណ​ប្រាសាទ​មានឈ្មោះ​ពេញ​ថា «​វត្ត​ព្រះ​កេតុមាលា​» ។ វត្ត​នេះ​បាន​រើ​ចេញ​មក​សាង​ជា​ថ្មី​នៅ​ខាងលិច ខាងក្រៅ​បរិវេណ​ប្រាសាទ​វិញ ។ អ្នកស្រុក​ហៅ​វត្ត​នោះ​ខ្លី​ថា «​វត្ត​មាលា​»។ បើ​មើល​តាម​កំណត់​ត្រា​របស់​អ្នក​ស្រាវជ្រាវ​បារាំង​នៅ​ដើម​សតវត្ស​ទី​២០ វត្ត​នេះ​មាន​ក្នុង​បរិវេណ​ប្រាសាទ​យូរហើយ​។

បើ​មើល​ភស្តុ​តាង​បុរាណវិទ្យា​វិញ ក៏​ឃើញ​មាន​ខឿន​ឱ​បោស​ថា​គារ និង​សីមា​ភ្លោះ ដែល​ជា​សំណង់​ព្រះពុទ្ធ​សាសនា​នៅ​សម័យ​កណ្តាល​។ ដោយ​មិនដឹង​ប្រាសាទ​មានឈ្មោះ​ដើម​ថា​អ្វី​នោះ មនុស្ស​ក៏​មាន​ទំនោរ​ហៅ​ប្រាសាទ​តាម​ឈ្មោះ​វត្ត​នេះ​ថា «​មាលា​» ត​ៗ​គ្នា​មក​រៀង​មក​។ ករណី​នេះ​មិន​ចម្លែក​ទេ ពីព្រោះ​យើង​ធ្លាប់​ឮ​ហៅ​ឈ្មោះ​ប្រាសាទ​តាម​វត្ត​ច្រើន​មក​ហើយ ដូច​ជា​ប្រាសាទ​វត្ត​ត្រាច ប្រាសាទ​ធ្នុង ប្រាសាទ​ទេពប្រណម្យ ប្រាសាទ​ខ្នាត ។​ល​។ ដូច្នេះ​«​មាលា​» មិន​មាន​ន័យ​ទាក់ទង​នឹង «​ផ្កា​» អ្វី​ទេ ប៉ុន្តែ​ជា​ការ​ទាក់ទង​នឹង​ព្រះ​នាម​របស់​ព្រះមហាក្សត្រ​មួយ​អង្គ​តាម​លំនាំ​រឿងព្រេង «​ព្រះ​កេតុមាលា​» ដែល​ជា​រឿងតំណាល​អំពី​កំណើត​នៃ​ប្រាសាទ​នេះ​។ ហេតុ​ដូច​ម្តេច​បាន​មាន​ភ្ជាប់​នឹង​ពាក្យ​«​បេង​» ទៅ​វិញ ?

លោក អឹុ​ម សុខ​រិ​ទ្ធី ពន្យល់​បន្ថែម​ថា «​មាន​ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រាជធានី​អង្គរ​មក​កាន់​តំបន់​ខាងកើត ចេញ​អំពី​ខ្សែ​ត្រង់​នៃ​ភ្នំ​បាខែង កាត់​តាម​ប្រាសាទបាទជុំ ចៅស្រី​វិបុល បន្ទាយ​អំពិល និង​កាត់​តាម​ខាងត្បូង​ប្រាសាទ​មាលា​នេះ រួច​ឆ្ពោះទៅ​ប្រាសាទ​បាកាន ហៅ​ព្រះ​ខ័ន​នៅ​កំពង់ស្វាយ ។ ផ្លូវ​នេះ​អ្នកស្រុក​អង្គរ គិរី​មាន​ន្ទ វត្ត​ត្រាច និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​ហៅ​ឈ្មោះ​ថា «​ផ្លូវ​បេង​» ។ ហេតុ​ដូច្នេះ វា​ទំនង​ថា​ការ​ហៅ​ឈ្មោះ​ប្រាសាទ​ភ្ជាប់​ទៅ​នឹង​ផ្លូវ ដែល​ជា​ការ​ចង់​បង្ហាញ​ថា ប្រាសាទ​មាលា នៅ​តាម​បណ្តោយ​ផ្លូវ​បេង​នោះ​ឯង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ មាន​ភស្តុ​តាង​ឈ្មោះ​ជា​ភាសាជាតិ ដែល​យ៉ាង​ហោច​ណាស់​មាន​គេ​ដឹង​ឮ​តាំង​តែ​ពី​ដើម​សតវត្ស​ទី​២០​មក​ម្ល៉េះ ដែល​គួរតែ​ប្រកាន់​យក​តាម​តទៅ​។

ប្រាសាទបេង​មាលា​ស្ថាបនា​ឡើង​អំពី​ថ្មភក់​និង​ថ្មបាយក្រៀម មាន​ទ្រង់ទ្រាយ​ប្រហាក់ប្រហែល​នឹង​ប្រាសាទអង្គរវត្ត ដែល​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​យល់​ថា ប្រាសាទបេង​មាលា​ជា​គំរូ​សម្រាប់​បុព្វបុរស​ខ្មែរ​កសាង​អង្គរវត្ត​។ ប្រាសាទបេង​មាលា មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​មាន​បណ្តោយ​ប្រវែង​១២០០​ម៉ែត្រ ទទឹង​៩០០​ម៉ែត្រ ដែល​ជា​តំណាង​មហាសមុទ្រ​ព័ទ្ធ​ជុំវិញ​ចក្ក​វាល ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ ថ្មី​ៗ​ដោយ​ផ្អែក​លើ​ភស្តុ​តាង​នៃ​ការ​សិក្សា​លើ​វិស័យ​បដិមា​សាស្ត្រ​នៃ​ប្រវត្តិ​សិល្បៈ សំណង់​ស្ថាបត្យកម្ម ព្រមទាំង​សំណង់​ប្រាសាទ​នៅ​ផ្នែក​ខាងកើត នាំ​ឱ្យ​អ្នក​ស្រាវជ្រាវ​យល់​ថា ប្រាសាទ​នេះ​ទំនងជា​ស្ថាបនា​ក្រោយ​អង្គរវត្ត នា​ភាគ​ខាង​ចុង​នៃ​សតវត្ស​ទី​១២​។ ពោល​គឺ​សាង​ទ្បើ​ង​នៅ​ចន្លោះ​សម័យ​សាង​អង្គរវត្ត និង​មុន​សម័យ​សាង​បាយ័ន ។

ប្រាសាទបេង​មាលា​មាន​ហោត្រៃ​ចំនួន​៤ ធំ​២​នៅ​ខាងក្រៅ តូច​២​នៅ​ខាងក្នុង ហើយ​មាន​ផ្តែរ​ចំនួន​១៨០​ដែល​លម្អ​ដោយ​ភ្ញីផ្កា និង​រំលេច​ដោយ​តួអង្គ​មនុស្ស អាទិទេព រាហូ ។ល។ ទាក់ទង​នឹង​រឿង​ទេវ​កថា​ជា​ច្រើន​ដូច​ជា កូរ​សមុទ្រ​ទឹកដោះ រាមកេរ្តិ៍ មហាភារត​ជាដើម​។ ប៉ុន្តែ​ប្រាសាទ​នេះ​មិន​មាន​សិលាចារឹក​ទេ ។

នៅ​ឆ្នាំ​១៩៣៣ លោក​ហ្ស៊​ក សឺ​ដេ​ស បាន​ស្រាវជ្រាវ​ឃើញ​ប្រអប់​ថ្ម​រាង​បួន​ជ្រុង​ទ្រវែង ស្ថិត​ក្បែរ​ហោត្រៃ​ធំ​នា​ទិសឦសាន ហើយ​បាន​សន្និដ្ឋាន​ថា​ជាម​ឈូស​តម្កល់សព ។ លុះ​ឆ្នាំ ក្រោយ​ៗ​មក​ទៀត លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ជនជាតិ​ខ្មែរ​បាន​សន្និដ្ឋាន​ត​ពី​លោក​ហ្ស៊​ក  សឺ​ដេ​ស​ថា មឈូស​នោះ​ជា​កន្លែង​តម្កល់សព​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ។ ចំណែក​លោក​សាស្ត្រាចារ្យ​អាំង ជូ​លាន មាន​យោបល់​មិន​ស្រប​នឹង​លោក​បណ្ឌិត​ទាំង​ពីរ​ទេ ។ បើ​តាម​ការ​សិក្សា​កន្លង​មក ប្រអប់​ថ្ម​របៀប​នេះ​គេ​ប្រទះ​ឃើញ​ច្រើន ដែល​ទំនងជា​មានការ​ពាក់ព័ន្ធ​នឹង​ការ​តម្កល់​សាកសព​ដែរ ប៉ុន្តែ​មិន​ច្បាស់​ថា តម្កល់​សាកសព​បុគ្គល​ណា​ម្នាក់​ទ្បើ​យ  ។ បន្ថែម​ពី​នោះ​នៅ​ជុំវិញ​ប្រាសាទបេង​មាលា​ក៏​មាន​ប្រាសាទ​ជា​ច្រើន​ដូច​ជា នៅ​ខាងលិច​មាន​ប្រាសាទ​ដូន​ចាន់ ប្រាសាទ​កោះ​ចិន ហើយ​ខាងកើត​មាន​ប្រាសាទគងភ្លុក និង​ប្រាសាទជ្រៃ​។ ចំណែក​ខាងកើត​ប្រាសាទធំ​មាន​សំណង់​រក្សា​ទឹកធំ​មួយ មាន​គ្រឹះ​ប្រាសាទ​នៅ​កណ្តាល​ដែល​អ្នកស្រុក​ហៅ​ថា វាល​នទី ឬ​វាល​មន្ទីរ ឬ​រហាល ។

កន្លង​មក​ប្រាសាទ​នេះ​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ជា​ច្រើន​កន្លែង តែ​បច្ចុបន្ន​ក្រោម​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​អភិរក្ស និង​រៀបចំ​ឡើង​វិញ​នូវ​គំនរ​ថ្ម​ឱ្យ​មាន​សណ្តាប់ធ្នាប់ រៀបចំ​ផ្លូវ​ដើរ និង​សង់​ស្ពានឈើ សម្រាប់​ទេសចរ​ងាយស្រួល​ក្នុង​ការ​ទស្សនា​ទស្សនីយភាព ផ្សេង​ៗ​នៃ​ប្រាសាទ​ទាំងមូល ។ ក្រៅពី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន យកចិត្តទុកដាក់​រៀបចំ​ទេសភាព​នៃ​ប្រាសាទ​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ​ផង​ដែរ ដោយ​មាន​ក្រុមការងារ​បាន​កាត់​សម្អាត​មែកឈើ ដកស្មៅ​ជា​ប្រចាំ ជា​ពិសេស​បាន​ដាំ​ដើមឈើ​ឡើង​វិញ​ដើម្បី​ជា​របាំង​ការពារ និង​ជា​សោភ័ណ​ភាព​សម្រាប់​ប្រាង្គ​ប្រាសាទ​ទៀត​ផង​។ បច្ចុប្បន្ន​ប្រាសាទបេង​មាលា ក៏​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ស្រាវជ្រាវ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​សិក្សា​និង​ទស្សនា​ឈ្វេងយល់​មានការ​កើន​ឡើងជា​បន្តបន្ទាប់ បើ​ទោះជា​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​តំបន់​ឧទ្យាន​អង្គរ​ដែល​បេតិកភណ្ឌ​នៃ​ពិភពលោក​ដ៏​ល្បីល្បាញ​ក៏​ដោយ ៕