រាជធានីភ្នំពេញ ៖ ជារឿងដ៏ចម្លែក និងកំសត់មួយដែលនឹកស្មានមិនដល់ដែលជនសង្ស័យប្លន់ទូរស័ព្ទដៃក្នុងហាងលក់ទូរស័ព្ទដៃយីហោ «លឹម ហាវ» បានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ខណៈកម្លាំងសមត្ថកិច្ចឡោមព័ទ្ធពីខាងក្រៅជាប់ ដែលខុសពីសកម្មភាពជនសង្ស័យដទៃទៀតដែលប្រយុទ្ធតដៃជាមួយសមត្ថកិច្ចមុនពេលឈានដល់ការចាប់ខ្លួននោះ ។ ប៉ុន្តែករណីមួយនេះវាផ្ទុយស្រឡះពីបទល្មើសដទៃ ពីព្រោះថា ក្រោយពីមានហេតុការណ៍នេះ ក្រុមគ្រួសារសពជនសង្ស័យដែលមានប្រពន្ធ កូន ឪពុក ម្ដាយ បានចេញមុខមកបំភ្លឺ និងបកស្រាយការពិតពីរឿងរ៉ាវ នៃដំណើរជីវិតដ៏កំសត់នៅពីក្រោយជនសង្ស័យដែលក្លាយខ្លួនជាចោរប្លន់នោះ ដែលធ្វើឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីរំជួលចិត្តកើតក្ដីអាណិតអាសូរទៅវិញ ។
សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទយីហោ លឹម ហាវ ដែលមានអាសយដ្ឋានផ្ទះលេខ៧៨អា ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយបុរសម្នាក់បានចូលទៅប្លន់យកទូរស័ព្ទដៃស៊េរីទំនើប៧គ្រឿងរួចរត់ចូលផ្សារនាគមាសបាត់ស្រមោលតែម្តង ។
តាមការបំភ្លឺរបស់ភរិយាជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីដឹងថា រូបនាងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ហើយទៅធ្វើការនៅក្លឹបស្នូឃ័រខេត្តសៀមរាប បានជួបជាមួយបុរសឈ្មោះ ហេង សុខមាន ជាបុគ្គលិកក្រុមហ៊ុន metfone និងបានរៀបការគ្នាជាប្តីប្រពន្ធកាលពីឆ្នាំ២០១១នៅស្រុកកំណើត រួចត្រឡប់ទៅធ្វើការនៅខេត្តសៀមរាបវិញដដែល ក្រោយមកប្តីខ្ញុំឲ្យខ្ញុំឈប់ធ្វើការ ដោយគាត់ជាអ្នករាប់រងជីវភាពទាំងស្រុង ។ ប្តីរបស់នាងធ្វើការបានប្រាក់ខែ១៦០ដុល្លារ ដោយគាត់ចេះចិន អង់គ្លេស និង IT ច្បាស់ គាត់បានសុំក្រុមហ៊ុនឡើងប្រាក់ខែ តែក្រុមហ៊ុនមិនព្រមឡើងឲ្យ ថែមទាំងកាត់ប្រាក់ហូបប្រចាំថ្ងៃ និងថ្លៃសាំងទៀត ប្តីនាងក៏បានលាឈប់ កាលនោះគ្រួសារខ្ញុំបានខ្ចីលុយធនាគារ១ពាន់ដុល្លារដើម្បីទិញម៉ូតូ ដោយយកប្លង់ដីម្តាយនាងនៅពោធិ៍សាត់ដាក់បញ្ចាំ តែក្រោយមកម៉ូតូនោះត្រូវចោរលួចបាត់ ។ បន្ទាប់មកប្តីខ្ញុំបានដាក់ពាក្យធ្វើការគ្រប់ទីកន្លែងក្នុងខេត្ត តែគ្មានអ្នកណាទទួល រហូតបានជាប់ការងារជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋាន និងផ្ទះសំណាក់ក្នុងខេត្តមណ្ឌលគីរី នាងក៏បានទៅធ្វើការជាមួយគ្នា ។ ពេលនោះពួកនាងខិតខំសន្សំប្រាក់ធីបដែលភ្ញៀវឲ្យរហូតសងបំណុលធនាគាររួច និងសល់លុយមួយចំនួន ពួកខ្ញុំក៏បានខ្ចីលុយធនាគារ៥ពាន់ដុល្លារបន្ថែមទៀត ដើម្បីបើកហាងហូបចុកខ្លួនឯង តែក៏ត្រូវខាតបង់អស់គិតជាទឹកប្រាក់ប្រហែល៣ម៉ឺនដុល្លារ ។
ភរិយាជនសង្ស័យបានបន្តទៀតថា ក្រោយមកពួកនាងបានត្រឡប់មកខេត្តសៀមរាបវិញ ប្តីនាងបានម៉ៅការសំណង់ពីក្រុមហ៊ុនចិនមួយ តែថៅកែចិនបើកលុយឲ្យមិនគ្រប់ ពួកនាងក៏បានខ្ចីលុយធនាគារម្តងទៀតចំនួន ៣៥០០ដុល្លារ ដើម្បីបើកឲ្យថ្លៃកម្មករ ។ ហើយប្តីនាងបានទៅទទួលម៉ៅការសំណង់មួយកន្លែងទៀតនៅខេត្តកោះកុង ។ ក្រោយចប់គម្រោងនៅកោះកុង ប្តីនាងក៏បានទៅរកម៉ៅការនៅសំណង់វារីអគ្គីសនីខេត្តស្ទឹងត្រែង តែពេលទៅដល់ប្តីនាងខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ គឺជំងឺឈាមសស៊ីឈាមក្រហម ពេលនោះនាងបានខ្ចីលុយធនាគារម្តងទៀត ដើម្បីមើលជម្ងឺប្តី ហើយបានមកនៅភ្នំពេញដោយស្នាក់នៅផ្ទះមីងពូក្នុងខណ្ឌព្រែកព្នៅ ក្រោយមកចេញទៅនៅផ្ទះជួល១ខែ៤០ដុល្លារ ។ ប្តីនាងបានប្រាប់ថា គាត់បានទទួលម៉ៅការសំណង់ជាមួយក្រុមហ៊ុនចិននៅអូឡាំពិក ហើយគាត់តែងតែចេញទៅធ្វើការរៀងរាល់ព្រឹក និងត្រលប់មកផ្ទះវិញរាល់ល្ងាច មិនដែលដាច់យប់ទេ ។ ពួកខ្ញុំមានម៉ូតូ១គ្រឿងម៉ាកស្មាស់ ស៊េរីឆ្នាំ២០១២ ក៏បានយកទៅបញ្ចាំ៦០០ដុល្លារ ដើម្បីបង់ការប្រាក់ និងឲ្យថ្លៃឈ្នួលផ្ទះអស់ដែរ ។ ក្រោយពេលបញ្ចាំម៉ូតូបានប៉ុន្មានថ្ងៃ ប្តីនាងបានជិះម៉ូតូចាស់មួយគ្រឿងមកផ្ទះដោយប្រាប់ថា ខ្ចីគេ ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ប្តីខ្ញុំបានឲ្យលុយមកខ្ញុំ២០០ដុល្លារសម្រាប់បង់ថ្លៃផ្ទះ និងសងការប្រាក់គេ ដោយប្រាប់ថា ជាលុយប្រាក់ខែ យប់ហ្នឹងប្តីនាងចេះតែនិយាយប្លែកៗ ដោយប្រាប់ឲ្យខ្ញុំឱបគាត់ឲ្យណែន ហើយសួរនាងថា បើអត់ពីបងទៅ តើអូនចិញ្ចឹមកូនរស់ទេ រួចហើយយកកូនមកដាក់លើដើមទ្រូងនិយាយផ្តាំកូនថា បើអត់ពីប៉ាទៅ កូនត្រូវរកមនុស្សណាដែលល្អរស់នៅជាមួយគេ ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក នាងខ្ញុំបានលឺសំឡេងគោះទ្វារ និងស្រែកខ្លាំងៗ នាងចង់ទៅបើកទ្វារ តែប្តីនាងចេះតែឱបនាងជាប់ និងប្រាប់កុំឲ្យបើកទ្វារទាំងខ្លួនញ័រចំប្រប់ ហើយបាននិយាយថា ថ្ងៃនេះជាថ្ងៃអង្សាបងហើយ ពេលនាងមិនបានចាប់អារម្មណ៍សម្តីគាត់ដោយប្រឹងផ្ទៀងស្តាប់សម្លេងនៅខាងក្រៅ កំពុងតែស្តាប់ ស្រាប់តែឮសូរសំឡេងកាំភ្លើង១គ្រាប់ ភ្លាមនោះនាងបានងាកទៅរកប្តី តែមិនឃើញ ខ្ញុំក៏ដើរចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញប្តីដួលស្លាប់ឈាមជោគជាំក្នុងបន្ទប់ទឹកបាត់ទៅហើយ ដោយក្តីតក់ស្លុតនាងក៏បានដួលទៅលើដី ហើយប្រឹងលូនទៅបើកទ្វារឲ្យគេជួយ ក៏ឃើញសមត្ថកិច្ចសម្រុកចូលទៅមើលក្នុងបន្ទប់ ។ នាងពិតជាមិនដែលដឹងសោះថា ប្តីជាចោរ ហើយក៏មិនដែលដឹងថា គាត់មានកាំភ្លើងដែរ នេះបើដឹងម្ល៉េះនាងហាមគាត់មិនឲ្យជ្រុលខ្លួនធ្វើរឿងទុច្ចរិតអ៊ីចឹងទេ ហើយនាងក៏មិនក្លាយជាស្រីមេម៉ាយដូច្នេះដែរ ។ ម្យ៉ាងខ្លួនជាស្រី ម្យ៉ាងកូននៅក្មេងខ្ចីសុទ្ធតែស្រីដល់ទៅ៣នាក់ ម្យ៉ាងជំពាក់បំណុលគេទៀត ។
ទទួលបានព័ត៍មានពិតដ៏សង្វេគចិត្តនោះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តអាណិតអាសូរក៏បានជួយឧបត្ថម្ភថវិកា៥លានរៀល អង្ករ៤ការ៉ុង ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស ទឺកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ជូនដល់ស្ត្រីជាប្រពន្ធដែលនឹកស្មានមិនដល់ថា ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសប្លន់ទូរស័ព្ទដៃបានឈានដល់ការបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ខណៈពេលកម្លាំងសមត្ថកិច្ចឡោមព័ទ្ធពីខាងក្រៅជាប់ ដែលខុសពីសកម្មភាពជនសង្ស័យដទៃទៀតមានការប្រយុទ្ធតដៃជាមួយសមត្ថកិច្ចមុនពេលឈានដល់ការចាប់ខ្លួននោះ ៕
ចែករំលែកព័តមាននេះ