ខេត្តកំពត ៖ ក្រោយពីបានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ ក្នុងឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ម្រេចកំពតមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ រីកចម្រើនទាំងសមាជិកដាំដុះ ផ្ទៃដុះដាំដុះ និងទិន្នផលដាំដុះ ។ គេដឹងថាកាលពី ១០ ឆ្នាំ ទិនផលម្រេចកំពតមានប្រមាណ ១០ តោនក្នុង ១ ឆ្នាំតែកាលពីឆ្នាំ ២០២០ ទិន្នផលបានកើនដល់ ជាង ៨២ តោន ។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានឱ្យដឹងថា សាវតានៃការជ្រើសរើស និងចុះបញ្ជី «ម្រេចកំពត» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបង្អស់នៅក្នុងកម្ពុជា ។ លោកថា កាលពីឆ្នាំ ២០១០ ពេលចាប់ផ្តើមដំបូង មានផលិតករចំនួន ១១៨ គ្រួសារ ក្រុមហ៊ុនចំនួន ១២ និងផ្ទៃដីដាំដុះចំនួន ១០ ហិកតា ដែលអាចប្រមូលទិន្នផលបានតែ ១០ តោនប៉ុណ្ណោះ ។
«មកដល់ឆ្នាំ ២០២០ នេះ មានផលិតករសរុបមានចំនួន ៤៥៥ គ្រួសារ ក្រុមហ៊ុនចំនួន ៣៨ និងផ្ទៃដីដាំដុះកើនឡើងដល់ ២៩០ ហិកតា ដែលអាចប្រមូលទិន្នផលបានចំនួន ៨២,៧៨ តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត» ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ដោយទទួលបានការការពារនៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុប» នេះបើតាមការបញ្ជាក់របស់មន្ត្រី ។
លោក សួន វិជ្ជា បានឱ្យដឹងទៀតថា កាលពេលថ្មីៗនេះក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម្រេចកំពត ជាអន្តរជាតិនៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទៀតផង ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតធ្លាប់បានឱ្យដឹងថា នៅឆ្នាំ ២០២១ កន្លងទៅម្រេចកំពតឃើញថា មានទីផ្សារល្អ ។ ល្អត្រង់ថា ការផលិតម្រេចបានក្នុងរង្វង់តែ ១០០ តោន តែបរិមាណនៃការនាំចេញបានរហូតដល់ ១១៤ តោន ។ លោកថា នៅឆ្នាំ ២០២១ ចាត់ទុកជាប្រវត្តិសាស្ត្ររបស់សមាគម ព្រោះកន្លងមកសមាគមមិនដែលធ្លាប់នាំចេញបានដល់ ១១៤ តោនបែបនេះទេ ធ្លាប់នាំចេញបានតែក្នុងរង្វង់ ៧០ តោនប៉ុណ្ណោះ ។
លោក ងួន ឡាយ គូសបញ្ជាក់ថា ឆ្នាំ ២០២២ នេះ ទីផ្សាររបស់ម្រេចកំពតមានក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយប្រជាកសិករដាំម្រេចខ្នាតតូច និងមធ្យមមានប្រមាណ ៨០ តោន ។ ឆ្នាំ ២០២២ នេះបង្ហាញថា ទីផ្សារកាន់តែល្អជាងឆ្នាំ ២០២១ ហើយតម្លៃលក់ចេញ គឺនៅតែរក្សាបានថ្លែដូចកាលពីដើម ។
តម្លៃម្រេចវិញ ម្រេចខ្មៅថ្លៃ ១៥ ដុល្លារ, ម្រេចក្រហម ២៥ ដុល្លារ និងម្រេច ស តម្លៃ ២៨ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ។ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត និយាយថា ក្នុងរយៈពេល ២ ឆ្នាំមកនេះទោះបីមានកើតជំងឺកូវីដ ១៩ ក៏ដោយសម្រាប់ម្រេចកំពតនៅតែមានទីផ្សារល្អ ៕
ចែករំលែកព័តមាននេះ