រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវនារីរកស៊ីផ្លូវភេទចោទប្រកាន់ថា បានយកខ្សែក្រវាត់វាយមកលើរូបនាង ព្រមទាំងទាត់នាងមួយជើងថែមទៀត ខណៈដែលនាងកំពុងតែអង្គុយញ៉ាំបាយលើបង់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាងនោះនាំគ្នាដេញចាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ សីហា ២០១៦ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខាងជើងភោជនីយដ្ឋានទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសម្តីនារីរងគ្រោះ ឈ្មោះស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំផ្សារតូចបានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែអង្គុយញ៉ាំបាយនៅបង់ ជាមួយមិត្តភក្តិម្នាក់ទៀត ស្រាប់តែជនសង្ស័យមិនដឹងមកពីណាទេ យកខ្សែក្រវាត់មកវាយនាងត្រូវជាំពេញខ្លួន ព្រមទាំងទាត់នាងចំស្មាមួយជើងទៀត ។
ភ្លាមៗនោះ នាងបានស្រែកឱ្យគេជួយ ធ្វើឱ្យជនសង្ស័យភ័យរត់ឡើងជិះម៉ូតូ ដែលបញ្ឆេះចាំរួចជាស្រេច បំរុងជិះចេញទៅ តែត្រូវប្រជាពលរដ្ឋ ឃើញហេតុការណ៍នោះនាំគ្នាចាប់ទាញទម្លាក់មកវិញបានម្នាក់ និងបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
ចំណែកជនសង្ស័យដែលចាប់បាននិយាយថា មុនពេលកើតហេតុ ពួកគេមានគ្នា២នាក់ទើបតែចេញពីផឹកស៊ី ហើយក៏បបួលគ្នាបំរុងចូលក្លិបកម្សាន្តទ្រូហ្វេស ដែលមានទីតាំងនៅតាមបណ្តោយព្រះស៊ីសុវត្ថិ ។ ពេលជិះមកជិតដល់ក្លឹបកម្សាន្តទៅហើយ រូបគេក៏បានឮបុរសម្នាក់ ដែលឈរកាងស្រីម្តុំកន្លែងកើតហេតុជេររូបគេ ធ្វើឱ្យគេដែលជិះពីក្រោយលោតទៅរកមុខអ្នកជេរ ។ តែពេលចុះទៅដល់រកមុខអ្នកជេរមិនឃើញ ឃើញតែនារីរងគ្រោះអង្គុយ ក៏ដោះខ្សែក្រវាត់វាយតែម្តងទៅ ។ ជនសង្ស័យបានបន្ថែមថា រូបគេគ្មានបំណងទៅវាយនារីរងគ្រោះទេ តែដោយសាររូបគេមើលច្រឡំ ស្មានតែមនុស្សប្រុស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយ ។ ភាគីរងគ្រោះបានទារសំណងជំងឺចិត្ត១០០០ដុល្លារ តែដោយសារខាងជនបង្កគ្មានប្រាក់ ទើបសុំត្រឹម៣០០ដុល្លារ ។ បន្ទាប់ពីមានការសំរបសំរួលពីខាងកំលាំងមានសមត្ថកិច្ច ទើបជនរងគ្រោះយល់ព្រមទទួលសំណងជំងឺចិត្ត៣០០ដុល្លារនោះ ដើម្បីបញ្ចប់រឿង ។
ចែករំលែកព័តមាននេះ