រាជធានីភ្នំពេញ ៖ ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានថ្មីមួយទៀតក្នុងទឹកប្រាក់ចំនួន ១១៣ លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា សម្រាប់ក្រុមប្រជាជនងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានាដែលអាចកើតមាន ។

កញ្ចប់ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល សម្រាប់រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវាតាមរយៈការលើកកម្ពស់ការយល់ដឹង, កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល ។
គម្រោងនេះនឹងជួយដល់កម្មវិធីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និងផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារ ។ គម្រោងនេះមានគោលដៅផងដែរឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្សនៅទូទាំងប្រទេស ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ» ។ លោកស្រីបន្ថែមទៀតថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើ តាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបញ្ជាក់ថា ហិរញ្ញប្បទាននេះ គឺជាដំណាក់កាលទី ២ នៃគម្រោង ការលើកកម្ពស់សមធម៌ និងគុណភាពនៃការថែទាំសុខភាព ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស ។ ដំណាក់កាលទី ១ នៃគម្រោងនេះ មានរយៈកាលពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ២០២២ ។

កម្ពុជាកំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ ២០៣០ ។
ហិរញ្ញប្បទានថ្មីនេះសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់ ៥៥ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨ លានដុល្លារ មកពីប្រទេសអូស្ត្រាលី អនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (German Development Bank) ប្រទេសកូរ៉េខាងត្បូង និងសេវាហិញ្ញប្បទានសកល (Global Financing Facility) ។ ប្រទេសកម្ពុជានឹងរួមចំណែកទឹកប្រាក់ចំនួន ១៨៦ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានបដិភាគក្នុងគម្រោងនេះ ៕
ចែករំលែកព័តមាននេះ