រាជធានីភ្នំពេញ ៖ ការខ្វះទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសនៅជាយក្រុង បានបង្កជាការលំបាកដល់ពលរដ្ឋជាប្រចាំថ្ងៃ ក្នុងការស្វែងរកទឹកមលដាំស្ល និងប្រើប្រាស់ ។ អ្នកខ្លះត្រូវអង្គុយត្រងទឹកទុករហូតពាក់កណ្តាលយប់ ខ្លះត្រូវក្រោកពីព្រលឹមទៅដងទឹក ខ្លះទៅយកទឹកពីផ្ទះបងប្អូននៅតំបន់ផ្សេង ពលរដ្ឋខ្លះត្រូចំណាយលុយទិញទឹកជាប្រចាំថ្ងៃតែម្តង ។
លោក តុង ហួរ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយក្នុងខណ្ឌកំបូល បានឱ្យដឹងថា ឆ្នាំនេះការខ្វះទឹកប្រើប្រាស់កាន់តែមានស្ថានភាពអាក្រក់ឡើងសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារតែកំណើនលំនៅឋាន និងប្រជាពលរដ្ឋមករស់នៅក្នុងបុរីកាន់តែច្រើន ហើយខាងបុរីពុំមានដំណោះស្រាយបញ្ហាទឹកនេះដល់អតិថជនដែលបានទិញផ្ទះពីខ្លួននោះឡើយ ។
ពលរដ្ឋខាងលើបានត្អូញថា រាល់ថ្ងៃលោកត្រូវទិញពីក្រុមអ្នកដឹកទឹកដើរលក់តាមផ្ទះក្នុងមួយស៊ីទែនដែលមានចំណុះ ១០០០ លីត្រក្នុងតម្លៃ ២ ម៉ឺនរៀល ។ មួយស៊ីទែននេះលោកប្រើមិនគ្រប់ទេក្នុងមួយថ្ងៃ ដោយសារតែគ្រួសារលោកបើកអាជីវកម្មបោកអ៊ុត ។
កញ្ញា សោភណ្ឌ ពលរដ្ឋរស់នៅក្នុងបុរីដូចគ្នាបានឱ្យដឹងថា រៀងរាល់ថ្ងៃនៅពេលចេញពីធ្វើការ កញ្ញាត្រូវមកដឹកជញ្ជូនទឹកនៅតាមសួនដើម្បីយកទៅប្រើប្រាស់ ពេលខ្លះត្រួវត្រងទឹករហូតម៉ោង ១១ យប់ ឬ ១២ យប់ទើបបានចូលគេង ។ សោភណ្ឌ បញ្ជាក់ថា បើសិនជាមិនត្រងទឹកទុកប្រើប្រាស់ទេ ព្រឹកឡើងច្បាស់ជាអត់ទឹកងូត ។ កញ្ញាពោលទាំងអស់សំណើចផងថា «ការរស់នៅក្នុងបុរីពិតមែនតែវាមិនស្រួលដូចបែបអ្នករស់នៅក្នុងបុរីដទៃឡើយ» ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងភ្នំពេញ ជាពិសេសនៅប៉ែកខាងលិចភ្នំពេញ រួមមានក្នុងខណ្ឌកំបូល ផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ បានជួបប្រទះការខ្វះទឹកប្រើប្រាស់ជាច្រើនឆ្នាំហើយ ។ ការខ្វះទឹកស្អាតប្រើប្រាស់មិនថា ពលរដ្ឋរស់នៅតាមភូមិ តាមសហគមន៍នោះទេ សូម្បីអ្នករស់នៅតាមបុរីក៍ខ្វះទឹកដែរ ។ សម្រាប់អ្នករស់នៅតាមបុរី ទោះបីមានការតវ៉ា ត្អូញត្អែរពីពលរដ្ឋជាច្រើនឆ្នាំមកហើយក្តីក៍ខាងបុរីនៅមិនមានដំណោះស្រាយឡើយហើយការខ្វះទឹកនេះ បុរីជាទូទៅគ្មានភាពស្មោះត្រង់ប្រាប់ដល់ពលរដ្ឋជាមុន នៅពេលពួកគាត់ទិញផ្ទះនោះឡើយ ។
ក្រៅពីពលរដ្ឋនៅជាយៗក្រុងប្រឈមការខ្វះទឹកនៅពេលចូលរដូវប្រាំងនេះពលរដ្ឋនៅកណ្តាលក្រុងភ្នំពេញតាមតំបន់ខ្លះ ដូចជាតំបន់ចាក់អង្រែ តំបន់ភ្នំពេញថ្មី ជាដើមដែលធ្លាប់មានទឹកប្រើប្រាស់ពេញលេញនោះ ពេលខ្លះទឹកចេញតិច ចេញខ្សោយហើយអ្នករស់នៅជាន់ទី ១ ជាន់ទី ២ កាន់តែលំបាកក្នុងការរអាក់រអួលទឹកស្អាតប្រើប្រាស់នេះ ។
កាលពីថ្ងៃទី ៣ ខែកុម្ភៈកន្លងមកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានជូនដំណឹងថា ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ ២០២២ នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញបានកំពុងកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល ។
រដ្ឋាករទឹកស្វយ័តថា បច្ចុប្បន្ននេះនៅក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦ សែនម៉ែត្រគូប/ថ្ងៃ ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា ៨ សែនម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ ។
ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤ សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ ២០២៣ តទៅបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦ សែនម៉ែត្រគូប/ថ្ងៃ ។ សរុបមកចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១ លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ៕
ចែករំលែកព័តមាននេះ