រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានស្កាត់តាំងពីក្រុងតាខ្មៅមកម៉ាស្សានៅហាងម៉ាស្សា និងកោសជប់យីហោ «ស្រីយ៉ា» ក្បែរផ្សារទួលទំពូង បន្ទាប់ពីបានម៉ាស្សា និងកោសជប់រួចបម្រុងត្រឡប់ទៅផ្ទះនៅឯក្រុងតាខ្មៅវិញស្រាប់តែដួលផ្ងារក្រោយស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បង្ករឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងម៉ាស្សា និងកោសជប់យីហោ «ស្រីយ៉ា» ផ្ទះលេខ២០៨ ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧២ ស្ថិតក្នុងភូមិ១ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ រ័ត្ន ជឿន អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ មានប្រពន្ធឈ្មោះ ងិន ហ៊ូ អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុនពេលកើតហេតុ បុរសវ័យចំណាស់រងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-9267 តែម្នាក់ឯងចូលមកក្នុងហាងម៉ាស្សាខាងលើតាំងពីម៉ោង១០ និង៣០នាទីព្រឹកមកម្ល៉េះ ដោយបានហៅនារីម្នាក់ឈ្មោះ ម៉ន ស្រីអ៊ាង អាយុ២៨ឆ្នាំមកម៉ាស្សា និងកោសជប់ឲ្យ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលនារីម្នាក់ខាងលើបានធ្វើការម៉ាស្សា និងកោសជប់ឲ្យអស់រយៈពេលមួយម៉ោងកន្លះរួចហើយ បុរសវ័យចំណាស់រូបនោះក៏បានស្លៀកពាក់ខោអាវដើរចេញពីក្នុងបន្ទប់មកខាងក្រៅយកមួយសុវត្ថិភាពមកពាក់ត្រឹមត្រូវ រួចហើយបម្រុងនឹងអូសម៉ូតូជិះចេញទៅផ្ទះវិញនោះ ក៏ស្រាប់តែដួលផ្ងារក្រោយសន្លប់បាត់ស្មារតីតែម្តង ។ ដោយឃើញបែបនោះក្រុមស្ត្រីដែលបម្រើការនៅក្នុងហាងម៉ាស្សាខាងលើក៏បាននាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម និងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះដែរ តែជាអកុសលពេលដែលក្រុមសង្គ្រោះមកដល់ បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ទើបទាក់ទងហៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យនៅឯផ្ទះតាមប្រពៃណីតែម្តងទៅ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកបុរសរងគ្រោះជាម៉ូយប្រចាំនៅក្នុងហាងម៉ាស្សា និងកោសជប់ ដែលមានយីហោ ស្រីយ៉ា នេះ និងតែងតែមកម៉ាស្សារាល់ពេលដែលរូបគាត់មានអាការៈមិនស្រួលខ្លួន ហើយតែងតែបានធូស្បើយទៅវិញក្រោយពេលម៉ាស្សារួច តែជាអកុសលថ្ងៃនេះក៏ស្រាប់តែគាត់ដួលផ្ងារក្រោយស្លាប់បាត់បង់ជីវិតបែបនេះ ។
ពាក់ព័ន្ធទៅនឹងការដួលស្លាប់របស់បុរសវ័យចំណាស់រងគ្រោះខាងលើនេះដែរ ត្រូវបានមតិមួយចំនួនបានលើកឡើងថា ប្រហែលជាមានអ្វីពិសេសហើយនៅក្នុងហាងម៉ាស្សា និងកោសជប់យីហោ «ស្រីយ៉ា» បានជារូបគាត់ស្កាត់តាំងពីក្រុងតាខ្មៅមកម៉ាស្សា ដល់ក្បែរផ្សារទួលទំពូងនេះ?
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបុរសជនរងគ្រោះក៏បានមកដល់ និងបាននិយាយថា ប្តីរបស់គាត់គឺជាមនុស្សមានជំងឺប្រចាំកាយ ដោយលើសឈាម និងសម្ពាធសរសៃបេះដូង និងតែងតែបាននាំទៅព្យាបាលនៅឯប្រទេសវៀតណាមជាប្រចាំផងដែរ ហើយសុខចិត្តទទួលយកសពប្តីទៅធ្វើបុណ្យនៅឯផ្ទះរបស់គាត់វិញ ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ៕
ចែករំលែកព័តមាននេះ