រាជធានីភ្នំពេញ ៖ ក្រោមកិច្ចប្រតិបត្តិការដឹកនាំដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវ និងបំបែកសំណុំរឿងឃាតក.ម្មមួយ ហើយក៏ចាប់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ នៅចំណុចសណ្ឋាគារ «ម៉ាន់ ស៊ីគ័ង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសម្លា.ប់ស្ត្រីជនជាតិចិនដូចគ្នានៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

ជនសង្ស័យខាងលើនេះ មានឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG 9171185 ។ ជាមួយនោះដែរ សមត្ថកិច្ចក៏បានធ្វើការដកហូតអាវុធខ្លីមួយដើម ម៉ាក BERETTA (ប្រើហ្គាស), ប្រាក់ដុល្លារសែន០១ដុំ និងទូរស័ព្ទ០១គ្រឿងផងដែរ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយពីកើតហេតុ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការ បានឲ្យដឹងថា ករណីបំបែកសំណុំរឿងឃាតក.ម្មដែលទទួលបានជោគជ័យនេះ ដោយកម្លាំងជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ទើបកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការបង្ក្រាបតែម្តង ។

សូមជម្រាបថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឃាតក.ម្មមួយបានកើតឡើង ដោយសម្លា.ប់ស្ត្រីជនជាតិចិនម្នាក់នៅក្នុងបន្ទប់ជួលជាន់ទី១ តាមបណ្តោយផ្លូវលេខ១០២ ក្រុម០២ ស្ថិតក្នុងភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយជនដៃដល់ជាឃាត.ក.រដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេចខ្លួនបាត់ស្រមោល។
ស្ត្រីជាជនរងគ្រោះខាងលើមានឈ្មោះ LOU ZHIJIN អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E 88842731 ត្រូវឃាត.ក.រសម្លា.ប់ដោយយកខ្សែចងដៃចងជើងជាប់ ហើយច្របាច់បំពង់.ក និងផ្ទប់ផ្លូវដង្ហើម រហូតដល់ដាច់ខ្យល់ស្លា.ប់នៅក្នុងបន្ទប់នោះតែម្តង ។

ក្រោយកើតមានអំពើឃាតក.ម្មនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាទៅកម្លាំងជំនាញឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ ក្រោមកិច្ចសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដូច្នេះទើបបានសំណុំរឿងនេះ ត្រូវបានបំបែកដោយជោគជ័យនោះ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ