រាជធានីភ្នំពេញ ៖ អ្នកពាក់ព័ន្ធក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា បានកំពុងព្រួយបារម្ភពីផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដល់វិស័យកាត់ដេរនៅកម្ពុជា ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានសញ្ញាណាមួយប៉ះពាល់ដល់ការបញ្ជាទិញនៅឡើយទេ ។
លោកឧកញ៉ា ណាង សុធី អនុប្រធានសហព័ន្ធនិយោជកកម្ពុជា បានមើលឃើញថាសង្គ្រាមនេះ មិនមានការប៉ះពាល់មកលើតំបន់សហគមន៍អាស៊ាន និងកម្ពុជា នោះទេដោយសារទីផ្សារផលិតផលកម្ពុជា គឺសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ កាណាដា អូស្ត្រាលី មិនមែនជាប្រទេសជាប់ពាក់ព័ន្ធជម្លោះអ៊ុយក្រែ និងរុស្ស៊ីទេ ។ លោកថាផលិតផលវាយនភណ្ឌកម្ពុជា អត់បាននាំចេញប្រទេសរុស្ស៊ីទេ ។ ដូច្នេះវិបត្តិនេះមិនប៉ះពាល់លើសេដ្ឋកិច្ចរបស់កម្ពុជាឡើយ ។
ទោះយ៉ាងណា លោកឧកញ៉ា ណាង សុធី ថាវិស័យវាយនភណ្ឌកម្ពុជានឹងប៉ះពាល់ ប្រសិនសង្គ្រាមនេះក្លាយជាសង្គ្រាមអង្គការណាតូ និងរុស្ស៊ីនោះ ពីព្រោះសមាជិកណាតូមួយចំនួនជាទីផ្សារផលិតផលកម្ពុជា ។
ចំណែក លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យសេរីកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា លោកបានពិភាក្សាជាមួយអ្នកបញ្ជាទិញ និងក្រុមហ៊ុនវិនិយោគមួយចំនួន ។ លោកថា ពួកគេមានការបារម្ភអំពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយសារទំនិញជាច្រើននាំចូលពីប្រទេសចិន ហើយនាំចេញទៅវិញទៅអឺរ៉ុប និងអាមេរិក ។ លោកបញ្ជាក់ថា អ្វីដែលជាការបារម្ភនោះ គឺសង្គ្រាមនេះឈានដល់ការប្រើប្រាស់អាវុធធន់ធ្ងន់ធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធបណ្តាលប្រទេសបញ្ជាទិញ ។
ឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២% ។ នៅពេលវិស័យជាច្រើនរងប៉ះពាល់ដោយសារកូវីដ ១៩ វិស័យកាត់ដេរបានដើរតួនាទីកាន់តែសំខាន់នៅក្នុងកាស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ ១៩ នេះ ៕
ចែករំលែកព័តមាននេះ