រាជធានីភ្នំពេញ ៖ ជាស្ត្រីដ៏រឹងមាំ និងជោគជ័យមួយរូបក្នុងអាជីវកម្មចិញ្ចឹមក្តាមថ្មមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បងស្រី អ៊ុង ពុធមល្លិកា បានលើកឡើងថា ស្ត្រីសម័យបច្ចុប្បន្ន គឺមានភាពលេចធ្លោ ក្លាហាន និងពូកែខ្លាំង មិនថានៅក្នុងការប្រកបអាជីវកម្មជំនួញ ឬក៏មុខរបរអ្វីនោះទេ ។

មានរូបសម្រស់ស្រស់សោភា សម្បុរសដូចកូនកាត់ចិន និងកំពស់ខ្ពស់ស្រឡះ បងស្រី អ៊ុង ពុធមល្លិកា ដែលបានតស៊ូពុះពារគ្រប់ឧបសគ្គ និងធ្លាប់បរាជ័យជាច្រើនដងលើការចិញ្ចឹមបង្គា ត្រីឆ្ពុង និងត្រីតុកកែ រហូតទទួលបានជោគជ័យក្នុងការបើកកសិដ្ឋានចិញ្ចឹមក្តាមថ្ម បានលើកឡើងថា ស្ត្រីខ្លួនឯង គឺត្រូវតែមានភាពរឹងមាំ និងតស៊ូអត់ធ្មត់ ព្រោះមានតែពាក្យថា តស៊ូ ទើបអាចឈានទៅរកភាពជោគជ័យបាន ។

ជាមួយគ្នានោះផងដែរ បងស្រី អ៊ុង ពុធមល្លិកា បានលើកឡើងថា «ពាក្យគេនិយាយពីមុនថា ស្រីៗបង្វិលចង្ក្រានមិនជុំ គឺជាពាក្យកាលមុនទេ តែសម័យនេះនៅតំបន់បងស្រីៗខ្លាំងជាងប្រុសៗទៀត រកស៊ីនាំមុខប្រុសៗ ។ ស្ត្រីខ្លះជាមិត្តភ័ក្ត្ររបស់ខ្ញុំ គាត់មានប្តី មានបងប្អូនគាត់ជួយ ។ ខ្ញុំវិញ គឺខ្លួនមួយ បើសិនជាខ្ញុំមិនពូកែ មិនរឹងមាំ មិនអាចឈរជើងនៅកន្លែងនេះបានទេ ។ ហើយមិត្តភ័ក្ត្រខ្ញុំហ្នឹងសុទ្ធតែជាអ្នកជើងខ្លាំងលើមុខរបររបស់គាត់ទាំងអស់»។

បងស្រីបានមានប្រសាសន៍បន្តថា «បើយើងជាមនុស្សទន់ជ្រាយ ទន់ខ្សោយ គេមើលងាយណាស់ តែនៅតំបន់យើងនេះ គ្មាននរណាមើលងាយខ្ញុំទេ មានតែគេកោតសរសើរខ្ញុំថា ខ្ញុំពូកែ ខ្ញុំខ្លាំងជាងមនុស្សប្រុសទៀត អាចមករស់នៅក្នុងព្រៃតែម្នាក់ឯង ហើយធ្វើការងាររបស់មនុស្សប្រុស ។ ប្រាកដណាស់ ខ្ញុំមិនដែលរាថយឡើយ ពេលខ្លះត្រូវចេញធ្វើការទាំងយប់ គឺត្រូវធ្វើ មិនថាម៉ោង១២កណ្តាលអធាត្រ ឬ១ភ្លឺទេ បងកាន់ភ្លើងហ្វា ដើរមើលកសិដ្ឋាន» ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្តាមថ្មនៅស្រុកព្រៃនប់ រូបនេះបានបន្ថែមទៀតថា «រឿងថាស្រីបង្វិលចង្ក្រានមិនជុំ បងថាពេលនេះអត់មានទៀតទេអូន ស្រីៗសម័យនេះខ្លាំងណាស់ ខ្លាំងមែន គឺអាចធ្វើអីបានដូចមនុស្សប្រុសទាំងអស់ ។ មកពីអ្នកដែលនិយាយហ្នឹងគាត់មិនទាន់ឃើញ មនុស្សស្រីដែលមានសមត្ថភាពខ្លាំងដូចបុរស ហើយស្ត្រីខ្លះក៏ខ្លាំងជាងបុរសខ្លះទៅទៀត ។ សម័យនេះ គឺស្ត្រីៗខ្លាំងណាស់ មិនដូចសម័យមុនទេ ខ្លាំងក្នុងការរកស៊ី ខ្លាំងក្នុងការតស៊ូនឹងឧបសគ្គ មិនខ្លាចរួញរាថយ មិនខ្លាចខាត មិនខ្លាចហត់ មិនខ្លាចលំបាកឡើយ» ។

បងស្រីបានរម្លឹករឿងកន្លងមក ពេលបងស្រីដួលម្តងៗក្នុងការធ្វើអាជីវកម្មថា «កាលដែលបងធ្លាក់ដុនដាបក្នុងរបររកស៊ីខ្លាំង បងចង់ចុះចាញ់ម្តងៗដែរ តែបងតែងតែដាស់តឿនខ្លួនថា ៖ យើងមានដៃពីរ ជើងពីរ ដូចគេដូចឯងដែរ ត្រូវតែស៊ូឲ្យបាន លើកលែងអ្វីដែលហួសសមត្ថភាព បើអ្វីដែលសមត្ថភាពយើងធ្វើបាន ត្រូវប្រឹងធ្វើ គឺត្រូវធ្វើរហូតទៅមុខលែងរួច នៅតែធ្វើអ៊ីចឹង គឺមិនត្រូវចុះចាញ់ទេ បងឈានមកដល់ថ្ងៃនេះ បាន បើដើរទៅមុខរួច គឺត្រូវដើរ មិនត្រូវចុះចាញ់ទេ»។

បន្ថែមពីលើនេះ ម្ចាស់កសិដ្ឋានរូបនេះបានបន្តថា «បើចង់ជោគជ័យ ការងារអ្វីក៏ដោយ គឺត្រូវដាក់ចិត្តឲ្យច្បាស់ឲ្យប្រាកដ ថាយើងធ្វើការងារហ្នឹង មិនរាថយ មិនចុះចាញ់ ហើយធ្វើចិត្តឲ្យធ្ងន់អំណត់ កុំគិតថាការងារស្រី ការងារប្រុស ហើយកុំខ្ជិល ។ ត្រូវឧស្សាហ៍ហើយ ត្រូវស្វែងយល់រហូត ត្រូវសិក្សារហូត ។ កាលនោះ បងម៉ោង ១ ឬ ២ ភ្លឺ ក៏នៅតែបើកសៀវភៅមើល ថាមូលហេតុអីបង្គា.ងា.ប់ ត្រី.ងា.ប់ ឬក្តាម.ងា.ប់.ជាដើម ។

បងសិក្សាផ្ទាល់ផង បងមើលសៀវភៅផ្ទាល់ផង បងអត់ខ្លាចលំបាក និងអត់នឿយអ្វីនោះទេ ។ ការងារទាំងអស់ ជាអ្នកបង្រៀនយើងវិញទេ ។ យើងអត់ចេះទេ ដំបូងឡើយវាមិនមែនជាជំនាញយើង ប៉ុន្តែនៅពេលដែលយើងមកកាន់ការងារហ្នឹង យើងត្រូវតែដាក់ចិត្តថាយើងត្រូវចេះ ត្រូវយល់ពីការងារហ្នឹង ឲ្យច្បាស់ពីការងារហ្នឹង ទើបយើងអាចដឹកនាំគេបាន ទើបយើងអាចបង្រៀនគេបាន បើយើងអត់ចេះផង តើយើងទៅប្រាប់កូនចៅយើងម្តេចគេស្តាប់យើងនោះ កូនចៅអាចនឹងសើចយើងវិញ អ៊ីចឹងសំខាន់ ខ្លួនយើងត្រូវចេះមុនគេសិន យើងដើរឲ្យបានឆ្ងាយមុនគេសិន បានយើងអាចមកប្រាប់គេបាន ។

បងស្រីបានបន្ថែមថា ចំណេះគឺគ្មានព្រំដែនកំណត់ឡើយ សូម្បីតែរូបបងស្រីផ្ទាល់ដែលមានបទពិសោធន៍ជាង២០ឆ្នាំលើការចិញ្ចឹមក្តាមថ្ម ក៏នៅបន្តសិក្សាស្រាវជ្រាវជានិច្ច ។ បងស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ថ្ងៃហ្នឹង ក៏បងមិនមែនបញ្ឈប់ការរកចំណេះដឹងដែរ បងនៅបន្តសិក្សាស្វែងយល់បច្ចេកទេសថ្មីៗពីការចិញ្ចឹមក្តាម ។ បងនៅរៀន បងនៅសិក្សារៀនពីគេនៅក្រៅប្រទេស តាមយូធូប សម័យឥឡូវគឺមានយូធូប ឆែកសិក្សា តែយើងមិនអាចដើរលឿនបានដូចគេទេ នៅក្រៅប្រទេសគេមានឧបករណ៍ មានចំណីគ្រប់គ្រាន់ » ។

នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា បងស្រី អ៊ុង ពុធមល្លិកា បានពោលពាក្យពេជន៍ផ្តាំផ្ញើថា «នារីៗយើងកុំគិតថា ខ្លួនឯងកម្លាំងខ្សោយចាញ់បុរស ធ្វើមិនកើត កុំគិតអ៊ីចឹង ។ ត្រូវគិតថា បុរសមានដៃពីរ ជើងពីរ ដូចគ្នា យើងក៏មានដៃពីរ ជើងពីរ ដូចគ្នា ហើយមានខួរក្បាលដូចគ្នា អ៊ីចឹងត្រូវយកវាមកគិត យកមកធ្វើ អ៊ីចឹងកុំចុះចាញ់អីរឿងការងាររកស៊ី ។ សំខាន់យើងត្រូវដាក់ចិត្តធ្វើវាឲ្យបានល្អ ត្រូវមានចិត្តអំណត់ តស៊ូ កុំឲ្យចុះចាញ់កណ្តាលទី ។

យើងត្រូវដើរទៅមុខ ទោះបីជួបឧបសគ្គអ្វីក៏ដោយ យើងត្រូវប្រាប់ខ្លួនឯងថា អត់មាននរណាជួយខ្លួនយើងបានទេ យើងត្រូវតែដើរទៅមុខ បើយើងដួលគេសើច គេមើលងាយយើង អ៊ីចឹងយើងដួលយើងងើប យើងកាន់តែប្រឹង ត្រូវប្រាប់ខ្លួនឯងថា អ្វីដែលគេធ្វើបានយើងត្រូវតែធ្វើបាន ដូចគេ កុំគិតថា គេធ្វើកើត ខ្ញុំធ្វើមិនកើតនោះទេ កុំគិតអ៊ីចឹងឲ្យសោះ។ បើគេធ្វើកើត ត្រូវតែនិយាយប្រាប់ខ្លួនឯង ហេតុអីគេធ្វើបាន ហេតុអីអញធ្វើមិនបាន អញត្រូវតែធ្វើឲ្យបានដូចគេ» ៕
https://web.facebook.com/%E1%9E%80%E1%9E%9F%E1%9E%B7%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93-%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%90%E1%9F%92%E1%9E%98-%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9E%B8%E1%9E%A0%E1%9E%93%E1%9E%BB-112730701174776

ចែករំលែកព័តមាននេះ