ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម រង​ការ​បាក់​ស្រុត​ច្រើន​កន្លែង

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​ចាប់ពី​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ និង​ចំណុច​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​បាក់​ស្រុត​នា​ពេល​កន្លង​មក បង្ក​ឲ្យ​ពលរដ្ឋ​ដែល​មានផ្ទះ

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​ចាប់ពី​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ និង​ចំណុច​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​បាក់​ស្រុត​នា​ពេល​កន្លង​មក បង្ក​ឲ្យ​ពលរដ្ឋ​ដែល​មានផ្ទះ​នៅ​តាម​មាត់ទន្លេ​មាន​ក្តី​កង្វល់​ខ្លាច​បាក់​ដល់​ផ្ទះ​របស់​ពួក​គាត់​។ ច្រាំង​ទន្លេ​នេះ ត្រូវ​បាន​ក្រសួង​ធនធានទឹក ចំណាយ​ថវិកា​រាប់រយ​លាន​រៀល ដើម្បី​សាងសង់​ច្រាំង​ទន្លេ​ពី​បេតុង​រឹង​មាំ ហើយ​ខ្ពស់​ការពារ​មិន​ឲ្យ​ទឹកទន្លេ​ជន់​លិចក្រុង​កំពង់ចាម​កើត​ទៀត​នោះ​ទេ តែ​ការ​រៀប​ជញ្ជាំង​បេតុង​នោះ ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ថា បាន​ធ្វើ​កេង​នូវលក្ខណៈ​បច្ចេកទេស​ខ្លះ​មិន​បាន​១០០​ភាគរយ​។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​ថា នា​ពេល​កន្លង​មក​នៅ​ពេល​ដែល​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​ម្តង​ៗ​នោះ បាន​ធ្វើ​ឲ្យ​ទឹក​ហៀរ​ចូល​មក​លិច​តាម​ផ្លូវ​មាត់ទន្លេ ជួន​ពេល​ខ្លះ  ត្រូវ​បាន​ដាក់​បារាស​មិន​ឲ្យ​មាន​យានយន្ត​បើក​ឆ្លងកាត់​នោះ​ទេ ព្រោះតែ​នាំ​ឲ្យ​បង្ក​ខូច​ផ្លូវថ្នល់​។  ហើយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ មាន​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន រាប់រយ​ពាន់​នាក់ បាន​នាំ​គ្នា​ច្រក​បាវ​ខ្សាច់​ទប់ទឹក​តាម​មាត់ទន្លេ  ដើម្បី​ចៀសវាង​កុំ​ឲ្យ​ទឹក​ហូរ​ចូល​លិច​ក្រុង​កំពង់ចាម​។

លោក ចាន់ ផ​ល្លី  អភិបាលក្រុង​កំពង់ចាម​បាន​បន្ត​ថា  ដោយសារ​តែ​ចរន្តទឹក​ទន្លេ​ក្នុង​រដូវវស្សា​បាន​ហូរ​ខ្លាំង​ពេក​នោះ​ធ្វើ​ឲ្យ​ហូរ​ច្រោះ​ដី​ផ្នែក​ខាងក្រោម បាក់​ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​កាល​ពេល​កន្លង​មក សូ​ម្បី​តែ​សំណង់​អាគារ​លក់ដូរ ក៏​ត្រូវ​បាន​បាក់​ស្រុត​ដែរ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ ច្រាំង​ទន្លេ​បាន​បន្ត​បាក់​រហូត​ដល់​ត្រង់​ចំណុច មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​រាប់រយ​ម៉ែត្រ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​មើល​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៥​។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​សាងសង់​ច្រាំង​ទន្លេ​ពី​បេតុង ចាប់ផ្តើម​ក្បែរ​មុខ​ស​ណ្ឋា​រ​មេគង្គ​ប្រវែង​២១០​ម៉ែត្រ ហើយ​មក​ដល់​ឆ្នាំ​២០១៦ ក៏​បាន​ចាប់ផ្តើម​ធ្វើ​បន្ត​ទៀត ត្រង់​មុខ​ខណ្ឌ​ជលផល​ខេត្ត​រហូត​ដល់​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា មាន​ប្រវែង​១៨០​ម៉ែត្រ ដែល​កំពុង​តែ​ដំណើរការ​ធ្វើ​ជិត​រួចរាល់​ហើយ ដែលច្រាំង​បេតុង​នោះ ធ្វើ​ខ្ពស់​ជាង​នីវ៉ូទឹក ទន្លេមេគង្គ  ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​លិច​ចូល​ក្រុង​កំពង់ចាម​។ពលរដ្ឋ​ម្នាក់​បាន​លើក​ហេតុផល​ថា ច្រាំង​បេតុង​ត្រង់​ដើម​ជ្រៃ​ជិត​គល់​ស្ពាន​គី​ហ្ស៊ុ​ណា គាត់​ឃើញ​ជាងសំណង់​បូក​ស៊ីម៉ងត៍​តែ​ខាងក្រៅ ចំណែក​ខាងក្នុង​វិញ​មិន​បាន​បូក​នោះ​ទេ ពោល​គឺ​គេ​ចាក់​ដី​យក​តែ​ម្តងតាម​លក្ខណៈ​បច្ចេកទេស​ត្រូវ​តែ​បូក​ស៊ីម៉ង់ត៍​ទាំង​សងខាង​ការពារ​កុំ​ឲ្យ​ពេល​ដែល​ទឹកទន្លេ​ឡើង​មកជ្រាប​បាន តែ​នេះ​ទំនង​ជាង​ធ្វើ​កេង​យកចំណេញ​ទើប​បាត់បង់​នូវ​គុណភាព​។

នា​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦​នេះ  លោក អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​ដែល​រូប​លោក​មិន​ឲ្យ​ជាង​បិទ​ស៊ីម៉ង់ត៍​ពី​ក្នុង​ដោយសារ​តែ ឥដ្ឋ​ត្រូវ​បាន​រៀប​ឡើង​៣​តឹក  ហើយ​ត្រង់​កណ្តាល​ត្រូវ​បាន​បិទ​ស៊ីម៉ងត៍​ជិត ហេតុ​ដូច្នេះ​ហើយ​ទឹក​មិន​អាច​ជ្រាប​កើត​នោះ​ទេ គម្រោង​ចុង​ក្រោយ​ប្រវែង​១៨០​ម៉ែត្រ​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ចន្លោះ​ពី​៦០​ទៅ​៧០​ម៉ឺន​ដុល្លារ​ថែម​ទៀត ៕