ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ ព្រោះវាជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប ។

ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាបសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេល ថ្មីៗកន្លងមក ដោយលោកឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិ ។

គេធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាបក៏មានដើមកោងកាងទឹកសាបដុះជាច្រើនជិត១០០ហិកតា ហើយត្រូវសហគមន៍ព្រៃឈើថែរក្សាបានយ៉ាងល្អ ។ លោកអភិបាលរងខេត្តបញ្ជាក់ថា៖«នេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាបអង្គរនេះ» ។

សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប១០២២ហិកតា ក្នុងនោះមានផ្ទៃដីកោងកាងសរុបប្រមាណ៩៨ហិកតា(ប្រហែល១០%នៃផ្ទៃដីសរុប) ។ ទោះបីខេត្តសៀមរាបល្បីល្បាញលើសកលលោកថា ជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌក្តី ក៏មនុស្សភាគច្រើនមិនសូវបានដឹងឡើយថា ខេត្តនេះក៏ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃមួយដែរ ។

សហគមន៍ទឹកជប់ខ្នារពោធិ៍ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងសៀមរាប ដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍នេះដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩ ។ ការដើរលើស្ពាន ឈើពត់បែន កាត់តាមព្រៃកោងកាងដែលមានដើម ខ្ពស់ៗ ប្រហែលជាង១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយ ។

ក្រៅពីទេសចរណ៍ធម្មជាតិ ក៏មានរៀបចំតូបអាហារ និងផលិតផលសហគមន៍ ដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលផងដែរ ៕

ចែករំលែកព័តមាននេះ