រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ថា អាកាសចរណ៍ស៊ីវិលកម្ពុជាមិនទាន់ទទួលបានលិខិតផ្លូវការណាមួយនិយាយពីការផ្អាកជើងហោះហើរថៃ មកកម្ពុជានៅឡើយទេ ។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបន្ទាប់ពីមានព័ត៌មាននៅតាមបណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះ ត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលអះអាងថា ជាលិខិតក្លែងក្លាយ ។

តាមការចេញផ្សាយរបស់បណ្តាញសង្គមរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ វិច្ឆិកា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥បានបញ្ជាក់យ៉ាងដូច្នេះថា មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទានទទួលបានលិខិតផ្លូវការណាមួយពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិលនឹងបន្ដតាមដានអំពីរឿងនេះហើយបើមានអ្វីប្រែប្រួលនឹងធ្វើការជូនដំណឹង ។
បន្ថែមលើនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថានៅក្នុងការសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះអត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៊ីម៉ែលក៏សរសេរខុសដែរ៕
ចែករំលែកព័តមាននេះ