ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​៖ បេសកកម្ម​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​អាច​សម្រេច​ទៅ​បាន​អាស្រ័យ​លើ​សន្តិភាព

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា បាន​សម្តែង​ការ​ពេញចិត្ត ​និង​អបអរសាទរ​ចំពោះ​ការ​សម្រេច​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈក្នុង​កា​រលើ​កម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​ ។  …

រាជធានី​ភ្នំពេញ​ ៖ សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា បាន​សម្តែង​ការ​ពេញចិត្ត ​និង​អបអរសាទរ​ចំពោះ​ការ​សម្រេច​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈក្នុង​កា​រលើ​កម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​ ។  

សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​៣​ទសវត្សរ៍​កន្លង​មកនេះ ក្រោម​ម្លប់​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដ៏​រឹង​មាំ តាម​រយៈ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ រួម​ទាំង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​បង្កើន​ភាព​អង់អាច​ដល់«​ស្ត្រី និង​ក្មេង​ស្រី»​។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​វេទិកា​ជាតិ​ស្តី​ពី«​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច»ក្រោម​ប្រធានបទ«​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​និង​ក្មេង​ស្រី ដើម្បី​ទាំងអស់​គ្នា»ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា «​សម្តេច​តេ​ជោ​តែងតែ​យកចិត្តទុកដាក់​គាំទ្រ និង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ដោយ​បាន​ព​ន្លឿ​ន​ដំណើរ​ឆ្ពោះទៅ​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ និង​ជា​ប្រយោជន៍​ពុំ​អាច​កាត់ថ្លៃ​បាន​សម្រាប់«ស្ត្រី និង​ក្មេង​ស្រី»​ដោយ​បាន​ដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​តាម​រយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​បួន​ដំណាក់កាល ដែល​បាន​កំណត់«​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ» និង​បាន​បង្កើន​ឱ្យ​មាន​វត្តមាន​ស្ត្រី​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ថ្នាក់​ធ្វើ​សេចក្តី​សម្រេចចិត្ត និង​ជា​តំណាង ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​» ​។

សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិន​ប្រសប់ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់​ប្រកបដោយ​សីលធម៌ សមធម៌ និង​បរិ​យា​បន្ន ក្នុង​នោះ«ស្ត្រី គឺជា​ស្នូល»​។ រាជរដ្ឋាភិបាល​បាន​បន្ត​បង្កើន​ការ​វិនិយោគសំខាន់​ៗ​លើ​សមភាព​យេ​ន​ឌ័​រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី ដែល​ក្នុង​នោះ​ មាន​វិស័យសេដ្ឋកិច្ច អប់រំ សុខភាព និង​ការ​ដឹកនាំ​សាធារណៈ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេ​ន​ឌ័​រ ការ​បង្ក​លក្ខណៈ​អំណោយផល​ដល់​ស្ត្រី​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​លើ​ការ​សម្រេចចិត្ត​លើ​ផែនការ​គ្រួសារ ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ និង​ការ​លើកកម្ពស់​ទំនាក់ទំនង​អន្តរ​ជំនាន់​ ។  

សម្តេច​រដ្ឋសភាធិបតីក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា«ពិភពលោក​នឹង​កាន់តែ​មាន​សុវត្ថិភាព  ស្រស់បំព្រង និង​កក់ក្តៅ​ជាង​មុន ប្រសិនបើ​មាន​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​កាន់តែ​ច្រើន»​។

សម្តេច​ប្រធានរដ្ឋសភា វាយតម្លៃ​ខ្ពស់​លើ​ការ​រៀបចំ«​វេទិកា​ជាតិ ស្តី​ពី​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច» ​ក្នុង​គោលបំណង​លើកកម្ពស់​ភាព​ជា​តំណាង​របស់«​ស្ត្រី​និង​ក្មេង​ស្រី» ដើម្បី​ពង្រឹង​បណ្តាញ​សាមគ្គីភាព​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​នៅ​គ្រប់​កម្រិត​និង​គ្រប់​ជំនាន់ ព្រមទាំង​សំដៅ​ជំរុញ​ការ​គាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធ ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​និង​តួនាទី​របស់​ស្ត្រី ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​នៅ​គ្រប់​កម្រិត​ ។

សម្តេច​បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កិច្ចការ​នារី និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួម​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​ជាតិ​ប្រចាំឆ្នាំ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ និង​គន្លឹះ​ល្អ​ៗ ក្នុង​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី និង​ស្វែងរក​នូវ​វិធានការ​សម​ស្រប ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​បេសកកម្ម​រួម​គ្នា គឺ​ការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព ទាំង​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន នយោ​បាយ សេដ្ឋកិច្ចសង្គម ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ជួសមុខ​ឱ្យ​អង្គ​ពី​ធី​ទាំងមូល សម្តេច​ប្រធានរដ្ឋសភា បាន​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ការ​បាញ់ប្រហារ​របស់​ទាហាន​ថៃ​មក​លើ​ប្រជាជន​ខ្មែរ ដែល​ជា​ជន​ស៊ី​វិល​ស្លូតត្រង់ ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​ពុធ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បណ្តាល​ឱ្យ​ប្រជាជន​ខ្មែរ​ម្នាក់ បាត់បង់​អាយុជីវិត និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​ ។

ការ​វាយប្រហារ​នេះ ជា​អំពើ​ឃោរឃៅ​យង់ឃ្នង អមនុស្សធម៌ ដែល​មិន​ត្រឹម​ជា​កា​រំលោភ​បំពាន​លើ​អធិបតេយ្យ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​ថ្មី​ៗ​កន្លង​ទៅ អំឡុង​ពេល​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មាន​វត្តមាន​ជា​សាក្សី ពី ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​។ ការ​បាញ់ប្រហារ​នេះ ក៏​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរដល់​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។

សម្តេច​ប្រធានរដ្ឋសភា បាន​មាន​ប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​ភាព​មិន​ប្រាកដប្រជា​បែប​នេះ ជា​ពេលវេលា​សំខាន់​ជាង​ពេល​ណា​ៗ​ទាំងអស់ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​មានការ​ជឿជាក់ និង​គាំទ្រ​ពេញទំហឹង​ដល់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន រក្សា​និង​ការពារ សុខ​សន្តិភាព ឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹកដី​កម្ពុជា​។ កម្ពុជា​ត្រូវ​ពង្រឹង​សាមគ្គីភាព​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង ដើម្បី​ប្រែក្លាយ​បញ្ហា​ទៅ​ជា​ឱកាស ក្នុង​ការ​ពង្រឹង​ភាព​ម្ចាស់​ការ អធិបតេយ្យ​សេ​ដ្ច​កិច្ច និង​ភាព​ធន់​របស់​ជាតិ​ឱ្យ​បាន​រឹង​មាំ​។  

ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា​៖«យើង​ត្រូវ​ចាំ​ថា «​ខ្មែរ​មាន​សាមគ្គី ខ្មែរ​ខ្លាំង និង​មាន​ភាព​ធន់» ហើយ​អាច​បោះ​ជំហាន​ទៅ​មុខ ដោយ​មាន​ភាព​ជឿជាក់ និង​ក្តី​សង្ឃឹម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ