ខេត្តកំពង់ចាម ៖ ក្រោយពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានប្ដឹងពីអាជីវកម្មផ្ទះត្រចៀកកម្មមួយកន្លែង បង្កសំឡេងរំខាន និងក្លិនស្អុយពិបាកក្នុងការរស់នៅនោះ អាជ្ញាធរខេត្តបានសម្រេចបិទមិនឲ្យធ្វើអាជីវកម្មបន្តទៀតនោះទេ សម្រាប់ការធ្វើអាជីវកម្មផ្ទះត្រចៀកកាំទាំងអស់ ក្នុងស្រុកកំពង់ចាម ។

នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត នៅក្នុងឱកាសប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា បញ្ហាបានកើតឡើងដោយសារផ្ទះត្រចៀកកាំបានបង្កសំឡេង និងក្លិនស្អុយប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋចំនួន៥គ្រួសាររស់នៅក្នុងភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
អាជ្ញាធរបានធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាងឲ្យសម្រួលគ្នា តែរយៈពេល១ឆ្នាំ
មកហើយឃើញថា ដោះស្រាយមិនចេញ ទើបជាចុងក្រោយ អាជ្ញាធរបានសម្រេចឱ្យបិទអាជីវកម្មតែម្ដង ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តថា តាមគោលការណ៍របស់រដ្ឋបាលខេត្ត ចំពោះផ្ទះអាជីវកម្មបើកចិញ្ចឹមត្រចៀកកាំនៅក្នុងក្រុងកំពង់ចាម ដែលមានច្រើនកន្លែងនោះ គឺមិនអនុញ្ញាតឱ្យមានបន្តទៀតទេ ព្រោះថា សំឡេងដែលគេចាក់ហៅសត្វត្រចៀកកាំបានប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋ ជាសំឡេងរំខានរួមជាមួយនឹងក្លិនស្អុយទៀតផង ។ ដូច្នេះ បើបងប្អូនចង់បើកដំណើរការផ្ទះចិញ្ចឹមត្រចៀកកាំ ត្រូវតែរកទីកន្លែងឲ្យបានសមរម្យនៅក្រៅក្រុងធ្វើយ៉ាងណាឱ្យឆ្ងាយពីផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ។

ជាក់ស្ដែង អាចធ្វើនៅកណ្ដាលកោះកំពង់ត្រុំ ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ហើយត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ បើពុំនោះទេ មិនអាចធ្វើអាជីវកម្មបានឡើយ ៕


ចែករំលែកព័តមាននេះ