កំពង់ស្ពឺ ៖ ទោះបីនៅដើមឆ្នាំ ២០២២ ថ្មីៗអាកាសធាតុមានការប្រែប្រួលតិចតួចក្តី តែវាមិនបានធ្វើឱ្យប៉ះពាល់ទៅដល់ការដាំដុះបន្លែចម្រុះសម្រាប់អ្នកនៅជាយក្រុងកំពង់ស្ពឺនោះទេ ព្រោះកសិករដាំបន្លែសព្វថ្ងៃនៅក្នុងផ្ទះសំណាញ់ ។តែអ្វីដែលជាបញ្ហានោះ គឺសហគមន៍មិនអាចផ្គត់ផ្គង់បន្លែឱ្យគ្រប់ទៅតាមតម្រូវការទីផ្សារខណៈពេលសមាជិកមួយចំនួនឈប់ដាំបន្លែ ។

លោក ទិត តុន ប្រធានសហគមន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺបានឱ្យដឹងថា សព្វថ្ងៃនេះការដាំដុះបន្លែរបស់សមាជិកសហគមន៍ធ្វើនៅផ្ទះសំណាញ់ ដើម្បីកាត់បន្ថយការខូតខាតបន្លែបានច្រើនពីការប្រែប្រួលអាសកាសធាតុ ។ បើតាមលោក ទិត តុន ថា នៅក្នុងមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ក្រុមអ្នកផលិតបន្លែទទួលបានប្រាក់ចំណេញច្រើនគួរសម តែសម្រាប់កសិករដែលមានវ័យចាស់ធ្លាប់ដាំបន្លែពីមុនមកពួកគាត់ឈប់ដាំបន្លែច្រើន ហើយក្មេងៗងាកទៅធ្វើការនៅរោងចក្រជាហេតុធ្វើឱ្យខ្វះខាតកម្លាំងពលកម្ម ។

សមាជិករបស់សហគមន៍មានសមាជិកសរុបជាង ១២០០ នាក់ ក្នុងនោះមាន ៤៤៥ គ្រួសារបាននិងកំពុងផលិតបន្លែ ៣៨ មុខមានទាំងប្រភេទបន្លែខ្មែរ និងអឺរ៉ុប ។ សម្រាប់ប្រភេទបន្លែស្លឹកក្នុងមួយគីឡូក្រាមតម្លៃ ៥០០០ រៀល,បន្លែមើមតម្លៃ ៣៥០០ រៀល និងត្រសក់តម្លៃ ៣០០០ រៀល ។

លោក ទិត តុន បញ្ជាក់ថា «បច្ចុប្បន្ននៅក្នុងមួយថ្ងៃសហគមន៍អាចផ្គត់ផ្គង់បានពី ៣ ទៅ ៥ តោនជាមធ្យម ហើយនៅក្នុងចំណោមបន្លែទាំងនោះភាគច្រើនជាប្រភេទបន្លែស្លឹក ខណៈតម្រូវការទីផ្សារជាក់ស្តែងក្នុងមួយថ្ងៃមានរហូតដល់ ២០ តោន ប៉ុន្តែខាងសមាជិកសហគមន៍អត់មានលទ្ធភាពផលិតឆ្លើយតបទីផ្សារបាន» ។

តាមប្រធានសហគមន៍ថា ក្រៅពីក្រុមអ្នកដាំបន្លែជួបបញ្ហាខ្វះកម្លាំងពលកម្ម ក្រុមអ្នកផលិតនៅខ្វះខាតដើមទុនសម្រាប់បង្វិល ទោះបីនៅក្នុងមួយគ្រួសារអាចរកចំណូលបានពីការដាំបន្លែបានពី ៣០០ ទៅ ៥០០ ដុល្លារអាមេរិក ឬលើសពីនេះនៅក្នុងមួយខែក៏ដោយ ៕
ចែករំលែកព័តមាននេះ