ខេត្តកណ្តាល ៖ ក្រុមចោរធាក់យកម៉ូតូ និងលួចដែក ចំនួន៥នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនបានជាបន្តរបន្ទាប់ រួចបញ្ជូនមកតុលាការចាត់ការបន្តរតាមនីតិវិធីច្បាប់។ នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ លោកស្រី ពេជ មារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមចោរធាក់យកម៉ូតូ និងលួចដែក ចំនួន៥នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថានទម្ងន់ទោស» ពីបទ «អំពើរលួច» ពីបទ «ទទួលផលចោរកម្ម» ពីបទ «ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ដែលប្រព្រឹត្តនៅចំណុចផ្លូវ៥០ម៉ែត្រ មុខវត្តគោកអំពិល ភូមិព្រឹកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅចំណុចផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅចំណុចផ្លូវជាតិលេខ២ កែង៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងអំឡុងខែកុម្ភៈ ខែមីនា ឆ្នាំ២០២២នេះ។ ជនរងគ្រោះទី១-ឈ្មោះ ម៉ៅ រតនៈ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិគោកឱឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ មុខរបរនគរបាលក្រសួងមហាផ្ទៃ, ទី២-ឈ្មោះ ប្រក់ សុភីន ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរក្រុមហ៊ុន, ទី៣-ឈ្មោះ ហេង គឹមហួរ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរក្រុមហ៊ុន។ ជនសង្ស័យ៥នាក់ ទី១-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ យូ ផាន់នាង ហៅចយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី៣-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី៤-ឈ្មោះ តៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី៥-ឈ្មោះ ជា ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរនារីការ៉ាអូខេ។
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និងជួញដូរគ្រឿងញៀន។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ករណីទី១៖កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកHonda c-125 ស៊េរី២០២១ ពីជនរងគ្រោះឈ្មោះ ម៉ៅ រតនៈ នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោ ភ្នំពេញ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ។ ករណីទី២លុះមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមជនសង្ស័យ បាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យក ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពីនារីរងគ្រោះ នៅតាមផ្លូវភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ហើយជិះគេចខ្លួនបាត់ទៅ។
ករណីទី៣ លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២ និង៣០នាទី ក្រុមជនសង្ស័យបានធាក់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរី២០២១ ពីជនរងគ្រោះឈ្មោះ ហេង គឹមហួរ នៅចំណុចផ្លូវជាតិលេខ២កែង៦០ម៉ែត្រ ហើយជិះរត់គេចខ្លួនបាត់ទៅ។ ករណីទី៤ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៣០នាទី ជនសង្ស័យឈ្មោះ រស់ ស៊ីដា និងឈ្មោះ គា ស្រ៊ា បាននាំគ្នាជិះម៉ូតូViva សណ្តោងរ៉ឺម៉កកង់បី ទៅលួចដែកនៅចំណុចផ្ទះទុកចោលមួយកន្លែង នៅចំណុចភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏ត្រូវកម្លាំងប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យក៏បានឆ្លើយសារភាពពីសកម្មភាព និងបក្ខពួករបស់ខ្លួនដែលមានឈ្មោះខាងលើ ថាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជាច្រើនករណីដូចខាងលើ បន្ទាប់មកកម្លាំងប៉ុស្តិ៍តាខ្មៅ បានសហការណ៍ជាមួយកម្លាំងនគរបាលយុត្តិធម៌ក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍ដើមមៀន ប៉ុស្តិ៍កំពង់សំណាញ់ ដឹកនាំផ្ទាល់ដោយលោកអធិការនគរបាលក្រុងតាខ្មៅ បានចុះឃាត់ជនសង្ស័យបានជាបន្តបន្ទាប់ យកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ប៉ឹង ឆដា
ចែករំលែកព័តមាននេះ