រាជធានីភ្នំពេញ ៖ ដូចដែលយើងបានផ្សាយរួចហើយថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ជាទីផ្សារទិញអង្ករកម្ពុជា ។ នៅពេលសង្គ្រាមបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន ការនាំអង្ករកម្ពុជាទៅប្រទេសនេះ មិនមានដំណើរការល្អដូចពីមុនឡើយ ។ ប៉ុន្តែសម្រាប់ការនាំចេញអង្ករទៅប្រទេសរុស្ស៊ី នៅមានលក្ខណៈជាធម្មតាមិនមានអ្វីការប៉ះពាល់នោះទេ ។
លោកឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ៤ មីនា ឆ្នាំ ២០២២ នេះថាការនាំចេញអង្ករទៅទីផ្សារខាងប្រទរុស្ស៊ី នៅមានដំណើរជាប្រក្រតីនៅឡើយតែនៅខាងប្រទេសអ៊ុយក្រែន មិនមានទំនាក់ទំនងដែលអាចប្រព្រឹត្តិទៅបាន ដោយសារតែហេដ្ឋារចនាសម្ព័ន្ធបានបាត់បង់ម្ចាស់ការ ។ តួយ៉ាងប្រតិបត្តិការនៅខាងកំពង់ផែ និងចលនាដឹកជញ្ជូនផ្សេងៗត្រូវកាត់ផ្តាច់អស់ ។ លោកថា អ្នកជំនួញធុរកិច្ចមួយចំនួនធំបានចល័តទីតាំង ឬបានផ្អាកអាជីវកម្មរបស់ខ្លួន ដើម្បីរកទីកន្លែងមានសុវត្ថិភាព ។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបន្តថា បើសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្ត ច្បាស់ណាស់ផលប៉ះពាល់នឹងមាន ។ តែដោយសារអង្ករកម្ពុជាលក់ទៅឱ្យប្រទេសអ៊ុយក្រែននៅមានចំនួនតិចតួចនៅឡើយ លោកថាផលប៉ះពាល់ទៅវិស័យទាំងមូលមិនមានបញ្ហាចោទនោះទេ ។
លោកឧកញ៉ា ចាន់ សុខឃាំង បានមើលឃើញថា បើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តវានឹងធ្វើឱ្យប៉ះពាល់ទៅដល់ទីផ្សារនាំចេញអង្ករសម្រាប់ប្រទេសសមាជិកអាស៊ាន វានឹងធ្វើឱ្យប៉ះពាល់ទៅដល់ការដឹកជញ្ជូនតម្លៃវាឡើងថ្លៃដោយប្រយោលឬដោយផ្ទាល់ ។ ដូច្នេះហើយសង្គ្រាមរវាងប្រទេសទាំងពីរខាងលើនេះវានឹងធ្វើឱ្យមានអតិបរណានៅក្នុងសេដ្ឋកិច្ចពិភពលោក ។
យោតាមសហព័ន្ធស្រូវអង្ករកម្ពុជា តើអ្នកដឹងទេថា កម្ពុជាលក់អង្ករអោយរុស្សី និងអ៊ុយក្រែនបានប៉ុន្មានតោនក្នុងមួយឆ្នាំ ?ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយពោលចាប់ពីឆ្នាំ ២០១៧ -២០២១ នេះប្រទេសកម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧.៥១២ តោន ។ សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២.២២៣ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១.៩៦៣ លានដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ខែមករា និងខែកុម្ភៈនៃឆ្នាំ ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ ២០០ តោនដែលគិតជាទឹកប្រាក់មានចំនួន ២០០. ៦៤០ ដុល្លារសហរដ្ឋអាមេរិក ។ តែដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែនបានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២ តោនតែប៉ុណ្ណោះក្នុងរយៈពេល ៥ ឆ្នាំ ៕
ចែករំលែកព័តមាននេះ