រាជធានីភ្នំពេញ ៖ ជាមួយក្តីរំពឹងថា នឹងចូលរួមទប់ស្កាត់បំណុលលើសលុប ឬកាត់បន្ថយការជាប់បំណុលវណ្ឌ ក របស់ពលរដ្ឋកម្ពុជា និងការពារអតិថិជនដែលងាយរងគ្រោះ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» បានប្រកាសឲ្យប្រើដោយ សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជានៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ នេះ ។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់នូវ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះគឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ និង យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ក្នុងគោលបំណងចូលរួម លើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។
លោកបណ្ឌិតបន្តថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះ ក៏នឹងចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជនដែលងាយរងគ្រោះផងដែរ ។ បន្ថែមពីលើនេះ ក្រមនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវ ការសេវាហិរញ្ញវត្ថុក្នុងប្រទេសគាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ ចំណូលដល់ប្រជាជន និង កាត់បន្ថយភាពក្រីក្រ ។
គោលបំណងនៃការបង្កើត ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះឡើង គឺស្របទៅនឹងការរួមចំណែកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ បរិយាបន្ន ផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈប្រកបដោយ ទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរា ជាណាចក្រកម្ពុជា ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាអភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានថ្លែងថា ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុនេះបានបង្កើតឡើងនៅក្នុងថេរៈវេលាមួយសមស្រប ដើម្បីធានាបាននូវនិរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្តប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើនិងផ្តល់សេវាជូន ដល់អតិថិជនប្រកបទៅដោយការការពារ ។
លោកបានឱ្យដឹងថា វាមិនមែនជាការចៃដន្យឡើយក្នុងការបង្កើតនូវ ក្រុមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ នេះ ព្រោះការបង្កើតក្រុមនេះឡើងដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀប ទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ។
ជារួមក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន ៥ គឺ ១. ដើម្បីកំណត់បទដ្ឋានប្រតិបត្តិការអាជីវកម្មសម្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត តាមព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវក្នុង ការផ្តល់សេវាហិរញ្ញវត្ថុ ២. ដើម្បីបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ដឹងឱ្យកាន់តែប្រសើរនូវអ្វីដែលពួកគេរំពឹងទុកពីសេវាដែលនឹងត្រូវបានផ្ដល់ជូន ៣. ដើម្បីកសាងទំនាក់ទំនងល្អប្រកបដោយភាពស្មោះត្រង់ និងមានវិជ្ជាជីវៈរវាងអ្នកបើប្រាស់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយផ្អែកលើគោលការណ៍សមធម៌ និងសមភាព ៤. ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និង ៥). ដើម្បីលើកទឹកចិត្តឱ្យមានវប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម និងការប្រកួតប្រជែងប្រកបដោយ ភាពស្មោះត្រង់ ៕
ចែករំលែកព័តមាននេះ