សម្រាប់អ្នកមានជំនឿទៅលើហុងស៊ុយ ការរៀបចំផ្ទះដើម្បីឱ្យមានសិរីមង្គលក្នុងជីវិត ចាត់ទុកជារឿងមួយទៀតដែលម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ ។ ខាងក្រោមនេះ គឺជាវិធីនៃការតុបតែងផ្ទះដើម្បីឱ្យមានទ្រព្យសម្បត្តិ គង់វង្ស និងទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាផងដែរ ។
១-បោសសម្អាតផ្ទះបាយឱ្យស្អាត ៖
ផ្ទះបាយ ជាកន្លែងមួយនៅក្នុងផ្ទះ ដែលអាចទាក់ទាញមាសប្រាក់ ដូច្នេះ ក្នុងបរិវេណផ្ទះបាយ យើងត្រូវតែបោសសម្អាតឱ្យស្អាតជានិច្ច មិនថានៅក្នុងទូរដាក់ម្ហូប ទូរទឹកកក ឬកន្លែងផ្សេងៗទៀត គឺត្រូវរៀបចំឱ្យមានរបៀបរៀបរយ រួមទាំងចង្ក្រានផងដែរ ។
២-តុបតែងលម្អដោយពណ៌ក្រហម ស្វាយ និងពណ៌បៃតង ៖
ពណ៌ផ្សេងៗបានរួមចំណែកប៉ះពាល់ដល់អារម្មណ៍របស់អ្នករស់នៅ ។ ពណ៌ក្រហម ជាពណ៌មង្គល និងតំណាងឱ្យអំណាច រីឯពណ៌ស្វាយ និងពណ៌បៃតង ជាពណ៌តំណាងឱ្យភាពចម្រើនរុងរឿង ។
៣-ទ្វារខាងមុខ ៖
ទីតាំងនៃទ្វារខាងមុខផ្ទះនេះ នឹងអាចមើលឃើញយ៉ាងច្បាស់ ហើយមិនត្រូវឱ្យមានភាពស្មុគស្មាញឡើយ ។ ទ្វារនេះសម្រាប់ឱ្យមាសប្រាក់ហូរចូលមកក្នុងផ្ទះបានយ៉ាងស្រួល ។ លើសពីនេះទៀត ផ្លូវចូលផ្ទះត្រូវតែមានរបៀបរៀបរយ កម្រាលព្រំនៅមុខទ្វារផ្ទះ ត្រូវតែស្អាតជានិច្ច ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ។ ចំណែកឯដើមឈើ ឬផើងផ្កាផ្សេងៗដែលដាក់នៅមុខផ្ទះ ក៏គួរតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងស្រស់ស្អាត ។
៤-រៀបចំប្រភពទឹក ឬសួន ៖
ប្រភពទឹក គឺតំណាងឱ្យភាពគង់វង្ស និងបង្កើតភាពចម្រើនរុងរឿង ។ លើសពីនេះទៀត ការដាំដើមឈើ ឬផ្កា គឺអាចជួយបណ្តេញហេតុការណ៍អាក្រក់ផ្សេងៗពីក្នុងផ្ទះរបស់យើងបាន ។
៥-ចាត់ចែងឱ្យមានរបៀប ៖
វាចាត់ទុកជាចំណុចសំខាន់សម្រាប់រឿងហុងសុយ ដូច្នេះ ការដែលយើងបោះចោលនូវសម្ភារដែលឈប់ប្រើប្រាស់នៅក្នុងផ្ទះ និងរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ គឺជាការទាក់ទាញថាមពល និងភាពចម្រើនរុងរឿងចូលមកក្នុងផ្ទះ ។
៦-ទឹក និងកញ្ចក់ ៖
នៅក្នុងផ្ទះនីមួយៗ ទឹក និងកញ្ចក់ គឺសម្គាល់ទៅលើលុយកាក់ ចូរកុំបណ្តោយឱ្យវាខូច បែក ឬលិចធ្លាយ ព្រោះមានន័យថា លុយ និងមាសប្រាក់នឹងហូរចេញទៅក្រៅ ។ ក្រៅពីនេះ រូបភាពផ្សេងៗ ឬរូបភាពទឹកនៅក្នុងផ្ទះ ក៏មានសារសំខាន់ផងដែរ ប៉ុន្តែអ្នកមិនគួរព្យួរផ្ទាំងរូបភាពទឹក ឬកញ្ចក់នៅលើក្បាលដំណេកឡើយ ។
៧-ការិយាល័យនៅក្នុងផ្ទះ ៖
តុធ្វើការរបស់អ្នក មិនគួរដាក់បែរមុខទៅជញ្ជាំងនោះទេ ព្រោះវាមានន័យថា លុយកាក់នឹងហូរចេញ ហើយខ្វះនូវគំនិតច្នៃប្រឌិត និងសក្តានុពល ។ បរិវេណទំនេរនៅផ្នែកខាងមុខតុធ្វើការ (គ្មានអ្វីនៅបាំងពីមុខ) គឺបញ្ជាក់ពីការទាក់ទាញឱកាស ៕
ចែករំលែកព័តមាននេះ