ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន​កុមារ​ទាក់ទាញ​ពលរដ្ឋ​ឱ្យ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​យ៉ាង​កុះករ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖​ ​សួន​កុមារ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្បែរ​វិមាន​ឯករាជ្យ ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស ស្រី​ជា​ច្រើន​នាក់

ខេត្ត​ប៉ៃលិន ៖​ ​សួន​កុមារ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្បែរ​វិមាន​ឯករាជ្យ ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស ស្រី​ជា​ច្រើន​នាក់ នាំ​គ្នា​ទៅ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​បំបាត់​នូវ​ក្តី​កង្វល់​និង​អផ្សុក​ក្នុង​អារម្មណ៍ ខណៈ​អ្នក​លក់ដូរ​គ្រប់​ប្រភេទ​នៅ​ជុំវិញ​សួន​កុមារ​នោះ​ក៏​លក់ដាច់​កាក់កប​គួរ​ឱ្យ​កត់សម្គាល់​ដែរ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ទៅ​លេង​កម្សាន្ត​នៅ​សួន​កុមារ​នេះ​បានឱ្យ​ដឹង​ថា លោក កើត សុធា អភិបាលខេត្ត បាន​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុង​ក្រុងប៉ៃលិន​ឱ្យ​មាន​ភាព​ទាក់ទាញ ដោយនៅ​តាម​ដងផ្លូវ​ក្នុង​ក្រុងមាន​ដាក់​ភ្លើង​ហ្វា ចម្រុះ​ពណ៌ ដើម្បី​បំភ្លឺ​ផ្លូវ ចាប់តាំងពី​ក្បាល​ល្ងាច​រហូត​ដល់​ភ្លឺ​ទើប​បិទ ។ ចំណែក​នៅ​តាម​សួន​កុមារ​មាន​តុបតែង​ភ្លើង​ចម្រុះ​ពណ៌​ផ្សេង​ៗ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​គេ​ដាក់​ល្បែង​កម្សាន្ត​សម្រាប់​កុមារ​តូច​ៗ​ដូច​ជា ស៊ី​ក្លូ​ជួល​ជិះ​លេង ពោង​លោត​លេង ហើយ​ក៏​មានការ​រាំ​ហាត់ប្រាណ​របស់​ស្ត្រី​ចាស់​ៗ​ដើម្បី​សុខភាព​ផង​ដែរ ។ ដោយសារ​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​សួន​កុមារ​កាន់តែ​អ៊ូអរ មាន​មនុស្ស​ក្មេង​ចាស់​រាប់រយ​នាក់​ទៅ​លេង​ស្ទើរ​រាល់​ល្ងាច ជា​ពិសេស​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍ មាន​មនុស្ស​ទៅ​លេង​កម្សាន្ត​ច្រើន​ណាស់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដូច្នេះ​ហើយ ទើប​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​គ្រឿង​ហូប​ដូច​ជា​ប្រហិត​ចៀន សាច់​គោ​អាំង សាច់​មាន់​ចង្កាក់​អាំង មឹក​អាំង ពោត​ស្ងោរ កា​រ៉េ​ម មីឆា ពងមាន់ ពង​ទា​កូន​ជាដើម ដាក់​លក់​យ៉ាង​ព្រោងព្រាត ហើយ​អ្នក​លក់ដូរ​ម្នាក់​ៗ​បាន​ចំណេញ​ប្រាក់​ជា​ច្រើន ក៏​បបួល​គ្នា​ដាក់​លក់​បន្តបន្ទាប់​ថែម​ទៀត​ផង ។

រីឯ​អ្នក​មក​លេង​កម្សាន្ត​វិញ និយាយ​ថា ជា​រៀង​រាល់​ល្ងាច​ពិសេស​ចុង​ស​ប្តា​ហ៍ ពួក​គាត់​តែងតែ​នាំ​ប្រពន្ធ​កូន​មក​លេង​កម្សាន្ត​នៅ​សួន​កុមារ​នេះ ដើម្បី​បំបាត់​ភាព​ធុញថប់ ទុក្ខ​ព្រួយ និង​អស់កម្លាំង បន្ទាប់​ពី​បំពេញការងារ​រៀង​ៗ​ខ្លួន​។ ម្យ៉ាងវិញទៀត កូន​ៗ​របស់​ពួក​គាត់​ក៏​សប្បាយ​រីករាយ​ក្នុង​ចិត្តនឹង​របស់​លេង​ជា​ច្រើន​ដូច​ជា​ជិះ​ពោង ជិះ​ស៊ី​ក្លូ និង​រត់​លេង​នៅ​សួន​កុមារ​ផង​ដែរ ដោយ​ក្មេង​ខ្លះ​មិន​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ។

ចំណែក​អ្នកខ្លះ​ទៀត​លាន់មាត់​ថា ក្រុងប៉ៃលិន​ឥឡូវនេះ​ពិតជា​មិនធម្មតា​មែន ពោល​គឺ​មាន​ភាព​សម្បូរ​សប្បាយ​ជាង​មុន​ឆ្ងាយ​ណាស់ បើ​ទោះបីជា​កសិករ​មួយ​ចំនួន​មានការ​លំបាក​នឹង​កសិផល​ចុះថោក​បន្តិច​ក៏​ដោយ តែ​ពួក​គាត់​ពិតជា​មាន​សេចក្តីសុខ​សាន្ត​ជួបជុំ​គ្រួសារ មិន​គិត​ខ្វល់​ពី​បញ្ហា​សង្គ្រាម​រត់លូន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ឬ​ព្រួយ​អត់​អាហារ​ទទួលទាន​នោះ​ទេ ៕