រាជរាធានីភ្នំពេញ៖ យោងទៅតាមទិន្នន័យរបស់អង្គការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជាហៅកាត់ថា(CDHS) ឆ្នាំ២០១៤ របស់ក្រសួងសុខាភិបាល និងក្រសួងផែនការបានឲ្យដឹងថា ៣២%នៃកុមារកម្ពុជា ដែលមានអាយុក្រោម៥ឆ្នាំ មានបញ្ហាកម្ពស់មិនស្របនឹងវ័យ (ក្រិន)។
CDHS បន្តថា ដើម្បីធានាដល់ការលូតលាស់ជាអតិបរមានិងចៀសសផុតពីជំងឺក្រិន មាតាបិតាគ្រប់រូបគួរតែយកចិត្តទុកដាក់អំពីការផ្តល់សារធាតុកាល់ស្យូមឲ្យ បានគ្រប់គ្រាន់ជាពិសេសក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត។ ទិន្នន័យបានឲ្យដឹងថា បន្ទាប់ពីការផ្តល់កំណើតដល់បុត្រធីតាដោយសុវត្ថិភាពហើយនោះ ឳពុកម្តាយគ្រប់រូបតែងតែចង់ឲ្យបុត្រធីតារបស់ខ្លួនពេលធំឡើងមានកម្ពស់ខ្ពស់ស្រស់សង្ហានិងឆ្អឹងរឹងមាំ ក៏ប៉ុន្តែពេលខ្លះពួកគាត់មិនបានយកចិត្តទុកដាក់អំពីរបបអាហាររបស់កូនៗ ដែលអាចជះឥទ្ធិពលអាក្រក់ដល់ការលូតកម្ពស់ និងឆ្អឹងរបស់កូនតាំងពីវ័យកុមារភាព។
អង្គការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជាបានបញ្ជាក់ថា មាតាបិតាគ្រប់រូបគប្បីផ្តល់អាហារដែលសម្បូរសារធាតុកាល់ស្យូមតាំងពីកូនរបស់ខ្លួននៅក្នុងផ្ទៃមកម្ល៉េះ ហើយវារឹតតែសំខាន់ថែមទៀតនៅពេលកុមារស្ថិតក្នុងវ័យលូតលាស់។ អ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភនោះគឺ កុមារខ្លះរើសចំណីនិងមិនចូលចិត្តបរិភោគបន្លែបៃតងចាស់ដែលជាប្រភពនៃសារធាតុកាល់ស្យូម។
កាល់ស្យូមជាសារធាតុមួយដែលជីវិតត្រូវការជាចាំបាច់ ដែលមិនត្រូវមើលរំលងជាពិសេសសម្រាប់ការលូតលាស់ឆ្អឹង និងកម្ពស់របស់កុមារ។ កាល់ស្យូមគឺជាសារធាតុរ៉ែដែលសំខាន់សម្រាប់ការលូតលាស់ឆ្អឹងនិងធ្វើឲ្យឆ្អឹងរឹងមាំ ។ ជាង៩៩%នៃកាល់ស្យូមផ្ទុកនៅក្នុងឆ្អឹងនិងធ្មេញ ហើយមានតួនាទីផ្សេងទៀតនៅក្នុងរាង្គកាយរាប់បញ្ចូលទាំងមុខងារបេះដូង។ ផ្ទុយទៅវិញប្រសិនបើខ្វះសារធាតុកាល់ស្យូម តើកុមារអាចទទួលរងផលវិបាក ដូចជាកុមារដែលមិនទទួលបានសារធាតុកាល់ស្យូមគ្រប់គ្រាន់អាចប្រឈមមុខខ្លាំងជាមួយបញ្ហានៃការលូតលាស់ឆ្អឹងនិងធ្មេញ ជាពិសេសប្រឈមជាមួយរោគក្រិស និងក្រិន ។
CDHS បញ្ជាក់ថា រោគក្រិសស្តែងឡើងដោយមានភាពមិនប្រក្រតីនៃការរីកលូតលាស់ឆ្អឹង ហើយភាគច្រើនកើតមានចំពោះកុមារ។វាបណ្តាលមកពីកង្វះកាល់ស្យូម កង្វះវីតាមីនដេ កង្វះផូស្វាត និងមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ ។ ជាទូទៅរោគក្រិសមានអការៈដូចជា៖ឈឺឆ្អឹងដៃ ជើង ត្រគាក និង ខ្នង,ភាពក្រិន ,បាក់ឆ្អឹង,រមួលក្រពើ,ធ្មេញដុះមិនប្រក្រតី,ទ្រង់ទ្រាយឆ្អឹងខុសប្រក្រតី,ប្រកាច់។ អ្នកដែលប្រឈមនឹងរោគក្រិសមាន៖ទារកអាយុ(៦ទៅ៣៦ខែ),របបអាហារ (ទទួលទានបន្លែច្រើន ដោយគ្មានសាច់ ស៊ុត ទឹកដោះ),ពណ៌សម្បុរ (ស្បែកខ្មៅសំយោគវីតាមីនដេមិនបានល្អ),រស់នៅតំបន់ដែលមិនសូវមានពន្លឺព្រះអាទិត្យ,ពូជអម្បូរ ។ ទោះបីមានរោគសញ្ញាយ៉ាងណាក្តី មានវិធីសាស្ត្រអ្វីខ្លះដែលអាចការពាររោគក្រិន បានដូចជាទទួលទានអាហារសម្បូរកាល់ស្យូម,ទទួលទានអាហារសម្បូរវីតាមីនដេ,ទទួលទានអាហារសម្បូរផូស្វ័រ,ចំណាយពេលខ្លះហាលថ្ងៃ ។ ភាពក្រិន គឺស្តែងឡើងដោយមានកម្ពស់ទាបបើធៀបជាមួយនឹងអាយុ ដោយសារតែមានការប៉ះពាល់ដល់ការរីកលូតលាស់ពេលដែលកុមារមិនបានទទួលរបបអាហារ ឬ អាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសជាតិកាល់ស្យូមក្នុង១០០០ថ្ងៃដំបូងនៃជីវិត ។
អង្គការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជាសង្កត់ធ្ងន់ទៀតថា ដើម្បីសម្គាល់ថាកូនរបស់អ្នកមានការលូតកម្ពស់មិនប្រក្រតី មាតាបិតាគ្រប់រូបអាចតាមដានមើល ការលូតលាស់របស់កូនដោយផ្អែកលើប័ណ្ឌលឿង (ប័ណ្ឌចាក់ថ្នាំបង្ការ) របស់កូនដែលចេញដោយមន្ទីរពេទ្យបាន ប្រសិនបើកូនៗរបស់អ្នកមានការលូតលាស់ មិនតាមស្តង់ដាររបស់ប័ណ្ឌលឿង សូមទៅពិគ្រោះជាមួយគ្រូពេទ្យកុមារ ។ មធ្យោបាយដើម្បីជៀសវាងនូវភាពក្រិនគឺ មាតាត្រូវទទួលទានអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ,បំបៅដោះកូនឲ្យបានគ្រប់គ្រាន់,មានអនាម័យល្អក្នុងការរស់នៅ ។អាហារដែលសម្បូរជាតិកាល់ស្យូមមានដូចជា៖ ទឹកដោះគោស្រស់/ជូរ តៅហ៊ូ ទឹកសណ្តែក ត្រីសាឌីន និងបន្លែពណ៌បៃតងចាស់ដូចជា (ស្ពៃតឿ ខាត់ណា និងស្ពៃ Broccoli) ។ល។ សារធាតុកាល់ស្យូមជួយដល់ការលូតលាស់របស់កុមារមុនចូលសាលារៀន ព្រោះថា កុមារត្រូវការនូវអាហារបំប៉នក៏ដូចជាអាហារូបត្ថម្ភជាច្រើនដើម្បីទ្រទ្រង់ដល់ការលូតលាស់ទាំងផ្នែករាង្គកាយ ស្មារតី និងសតិបញ្ញា ។ ប្រសិនបើកុមារ ខ្វះជាតិកាល់ស្យូមរ៉ាំរ៉ៃ វានឹងធ្វើឲ្យសារធាតុរ៉ែរបស់ឆ្អឹងមិនប្រក្រតី ភាពរឹងមាំរបស់ឆ្អឹងថយចុះ ឬបាត់បង់ អាចបណ្តាលឲ្យមានភាពក្រិន និង រោគក្រិស។
គួរបញ្ជាក់ថាបើយោងតាម National Academy Press ឆ្នាំ២០១០ បានណែនាំថា៖ កុមារអាយុចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំត្រូវការកាល់ស្យូមចំនួន៧០០មិល្លីក្រាមជាប្រចាំថ្ងៃ។ កុមារអាយុចាប់ពី៤ឆ្នាំ ទៅ៨ឆ្នាំត្រូវការកាល់ស្យូមចំនួន១០០០មិល្លីក្រាម ជាប្រចាំថ្ងៃ កុមារអាយុចាប់ពី៩ឆ្នាំ ទៅ១៨ឆ្នាំត្រូវការកាល់ស្យូម ចំនួន១៣០០មិល្លីក្រាម ជាប្រចាំថ្ងៃ ៕
ចែករំលែកព័តមាននេះ