រាជធានីភ្នំពេញ ៖ កម្ពុជាទទួលបានការវិនិយោគលើវិស័យឧស្សាហកម្មធុនធំ និងផលិតផលដែលមានតម្លៃខ្ពស់ ដូចជាយានយន្ត និងអេឡិចត្រូនិកជាដើម ដែលវិស័យទាំងពីរនេះ រំពឹងថា នឹងផ្តល់ទឹកប្រាក់នាំចេញបន្ថែមជាង ២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខដល់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ជាមួយវិនិយោគិនកាលពីដើមខែមីនានេះ ។ លោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចប្រឹងប្រែង រួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ក្នុងការកំណត់យុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍន៍ និងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃ ក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ ។
លោកបានលើកឡើងថា ក្រសួងស្ថាប័នពាក់ព័ន្ធមើលឃើញពីចាំបាច់ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទាំងនេះ ដោយចាប់ផ្ដើមពីការរៀបចំយុទ្ធសាស្ត្ររួម រហូតដល់ការដាក់ចេញនិងអនុវត្តផែនការសកម្មភាព ។ ពាក់ព័ន្ធវិស័យយានយន្តនិងអេឡិចត្រូនិក សេចក្ដីព្រាងផែនទីបង្ហាញផ្លូវ នឹងត្រូវបញ្ជូនទៅគណៈ កម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍ បន្ថែមសម្រាបជំហានបន្ទាប់នៃការរៀបចំសេចក្ដីព្រាងនេះ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជា ក៏បានឱ្យដឹងថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មលើទីផ្សារ និងផលិតផលជាច្រើន ហើយក្នុងនោះកម្ពុជាមិនមែនពឹងលើតែវិស័យកាត់ដេរសម្រាប់នាំចេញទេ តែកម្ពុជាបានផលិតនូវទំនិញដែលមានតម្លៃខ្ពស់ដើម្បីនាំចេញទៅកាន់ប្រទេសធំៗដូចជាអង់គ្លេស និងបណ្ដាប្រទេសមានទីផ្សារធំៗជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ