ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន! ផ្ទុះអាគុយសូឡា ខ្ទាតប៉ះចំធុងសាំង បណ្តាលឱ្យឆេះផ្ទះម៉ត់!

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ត្រូវអគ្គិភ័យ លេបត្របាក់ គ្មានសល់ ទាំងទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះ កំពុងហូបបាយសុខៗ ក៏ផ្ទុះអាគុយសូឡា…

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ត្រូវអគ្គិភ័យ លេបត្របាក់ គ្មានសល់ ទាំងទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះ កំពុងហូបបាយសុខៗ ក៏ផ្ទុះអាគុយសូឡា ខ្ទាតប៉ះចំធុងសាំង បណ្តាលឱ្យឆេះផ្ទះម៉ត់។ ហេតុការណ៍ ភ្លើងឆេះ​ផ្ទះនេះ កើតហេតុ នៅវេលាម៉ោង ១៣ និង ៥០នាទី រសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ថា ម្ចាស់ផ្ទះ មានឈ្មោះ ពេជ្រ សើរ  ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រី អាយុ ៤៩ឆ្នាំ ជាកសិករ រស់នៅ ភូមិ.ឃុំខាងលើ។ គ្រួសារនេះ មានកូនចំនួន ០២នាក់/ស្រីម្នាក់ និងចៅប្រុសចំនួន ម្នាក់។

លោក បានបន្តថា ការខូចខាត​នោះ មាន​៖ ឆេះផ្ទះអស់ទាំងស្រុង ផ្ទះទំហំ ៥ម.×៦ម. ជើង សសរកំពស់១ម. ប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹក ក្រាលក្ដារ។ ក្នុងនោះ អស់ទ្រព្យសម្បត្តិ រួមមាន ប្រាក់ខ្មែរចំនួន ២០. ០០០០(ម្ភៃម៉ឺន)រៀល។ -ស្រូវចំនួន ៦.ការ៉ុង (៦០០គីឡូក្រាម) -ស្ករត្នោត ០៦.កាដុង (១កាដុង= ២៥គីឡូក្រាម) -ទូរស័ព្ទ ម៉ាក CamPhone ចំនួន ០១ គ្រឿង- វិទ្យុទាក់ទង(motorola) ចំនួន ០១គ្រឿង -ម៉ាស៊ីនបាញ់ស្មៅ ចំនួន ០១គ្រឿង -ម៉ូតូ ១ គ្រឿងម៉ាក Honda dream (មិនស្គាល់សេរី) គុណភាពចាស់ និង​ឯកសារសំបុត្រ​កំណើត/អត្តសញ្ញាប័ណ្ណ/ប័ណ្ណចាក់វ៉ាក់សាំង/សៀវភៅគ្រួសារ(មួយគ្រួសារ) និង​សម្ភារ:ប្រើប្រាស់​ខោអាវមួយចំនួន។

​ម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះអាគុយ ផ្ទាំងសូឡា ទៅប៉ះចំធុងសាំង ចំណុះ ៥លីត្រ ដែលទុកនៅលើផ្ទះ បណ្ដាលឱ្យភ្លើងឆាបឆេះ ខ្លាំងតែម្ដង។ ពេលនោះ ម្ចាស់ផ្ទះ (ពេជ្រ សើរ) កំពុងអង្គុយ​ហូបបាយ នៅលើផ្ទះតែម្នាក់ឯង ហើយស្ទុះចុះមកដី ដោយពុំមានគ្រោះថ្នាក់ដល់អាយុជីវិត​ឡើយ។

​ផ្ទះនេះ ស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុក ដោយនៅដាច់ស្រយាល ស្ថិតនៅទិសខាងកើតភូមិ ចម្ងាយប្រហែល ៨០០ម៉ែត្រ។ ផ្ទះនេះ មានជញ្ជាំងបាំងស្លឹក ត្រូវភ្លើងឆេះអស់ទាំងស្រុង មុនពេលកម្លាំងនគរបាល និងប្រជាពលរដ្ឋផ្សេងទៀត ទៅដល់។ ប្រជាពលរដ្ឋ បានពន្លត់គំនរភ្លើង ដោយប្រើប្រាស់ចានដែក និងធុងដងទឹក ជះ ទើបពន្លត់ ឱ្យវារលត់បាត់ទាំងស្រុង។ ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យគ្រោះ​ថ្នាក់ដល់មនុស្សទេ។

សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរស្រុក ពុំបានជួយអន្តរាគមន៍សង្គ្រោះ ភ្លើងឆេះផ្ទះនេះទេ។ មូលហេតុ ដោយសារផ្លូវចង្អៀត ចូលឡានមិនកើត​។ ករណីភ្លើងឆេះផ្ទះនេះ ត្រូវបានម្ចាស់ផ្ទះ ប្រាប់សមត្ថកិច្ចថា ខូចខាត់​អស់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង ១ម៉ឺនដុល្លារ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ